ចំណុចសំខាន់៖
- បច្ចុប្បន្នមានក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសក្នុងគម្រោងវិនិយោគរួមចំនួន ១២ ដែលទទួលបានអាជ្ញាប័ណ្ណពីនិយ័តករមូលបត្រកម្ពុជា
- បរធនបាល សំដៅដល់បុគ្គលដែលទទួលសិទ្ធិគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិ ពីបរធនបាលទាយក
- ទុនវិនិយោគពីបរទេសដែលបានចាក់បញ្ចូលទៅក្នុងវិស័យអចលនទ្រព្យមានចំណែកដល់ទៅជាងពាក់កណ្តាលនៃទុនវិនិយោគសរុប
ប្រតិបត្តិការក្រុមហ៊ុនក្នុងវិស័យបរធនបាលកិច្ច នឹងចូលរួមចំណែកជំរុញឱ្យមានការទិញអចលនទ្រព្យពីជនជាតិបរទេស ក៏ដូចជាធ្វើឱ្យកំណើនរំហូរចូលនៃទុនវិនិយោគមកកម្ពុជាកាន់តែច្រើនផងដែរ។
បរធនបាលកិច្ច ជាវិស័យថ្មីមួយដែលស្ថិតក្រោមការគ្រប់គ្រងនៃនិយ័តករបរធនបាលកិច្ច ។ វិស័យថ្មីនេះជាដំណោះស្រាយមួយសម្រាប់ជនបរទេសជាលក្ខណៈបុគ្គល ឬជាក្រុមហ៊ុនដែលមានបំណងចង់ទិញអចលនទ្រព្យដោយស្របច្បាប់ តាមរយៈបរធនបាល ។
នាយកប្រតិបត្តិក្រុមហ៊ុន Zillion Trust PLC លោកលោក ស៊ឹម ស៊ីសាវុត្ថារ៉ា ថ្លែងថា៖ «បរធនបានកិច្ច ជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដទៃទៀតដែលអាចឱ្យជនបរទេសទិញអចលនទ្រព្យនៅកម្ពុជាបានដោយស្របច្បាប់ ហើយតាមរយៈបរធនបាលកិច្ចនេះ គឺយើងអាចឈរឈ្មោះជាកម្មសិទ្ធិករតំណាងឱ្យបុគ្គល ឬជាក្រុមហ៊ុនដល់ជនបរទេស។»
យោងតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរទេ ទើបមានសិទិ្ធជាម្ចាស់កម្មសិទ្ធិលើដីធ្លី។ ប៉ុន្តែជនបរទេស ត្រូវបានអនុញ្ញាតឱ្យមានកម្មសិទ្ធិលើចំណែកនៃអគារសហកម្មសិទ្ធិ (ខុនដូ អផាតមិន អគារការិយាល័យជាដើម) ចាប់ពីជាន់ទី១ឡើងទៅ ដែលមានចែងនៅក្នុងច្បាប់ស្តីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស។ ការផ្តល់ជម្រើសបែបនេះ ជាការសម្រួលដល់ជនបរទេសដែលមកធ្វើការ និងវិនិយោគនៅកម្ពុជា។
បច្ចុប្បន្នមានក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសក្នុងគម្រោងវិនិយោគរួមចំនួន ១២ ក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណពីនិយ័តករមូលបត្រកម្ពុជា កំពុងធ្វើប្រតិបត្តិការអាជីវកម្មថែរក្សាគ្រប់គ្រងទ្រព្យសម្បត្តិបរធនវិនិយោគក្នុងគម្រោងវិនិយោគរួមនៅកម្ពុជា ។
បើតាមលោក ស៊ីសាវុត្ថារ៉ា ក្រុមហ៊ុន Zillion Trust PLC គឺជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសដែលទទួលបានអាជ្ញាប័ណ្ណពីនិយ័តករមូលបត្រកម្ពុជា។ ក្រុមហ៊ុននឹងស្នើសុំចុះបញ្ជីជាប្រតិបត្តិករបរធនបាលនៃគម្រោងវិនិយោគរួមក្នុងវិស័យមូលបត្រ និងស្នើសុំការអនុញ្ញាតបន្ថែមពីនិយ័តករបរធនបាលកិច្ច ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនអាចផ្តល់សេវាកម្ម ២ធំៗគឺ ទី១ គឺសេវាបរធនបាលពាណិជ្ជកម្មក្នុងការថែរក្សា គ្រប់គ្រង ក៏ដូចជាធ្វើជាតំណាងនៃភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើទ្រព្យសម្បត្តិបរធនវិនិយោគក្នុងគម្រោងវិនិយោគរួម។
ចំណែកទី ២ គឺបរធនបាលកិច្ចបុគ្គល ជាសេវាផ្តល់លើការឈរឈ្មោះជាកម្មសិទ្ធិករឱ្យជនបរទេសដែលចង់ទិញអចលនទ្រព្យដូចជាដីធ្លី និងផ្ទះ ដោយអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងការធ្វើប្រតិបត្តិការបរធនបាលកិច្ចនៅកម្ពុជា។
តាមច្បាប់ស្តីពីបរធនបាលកិច្ច ដែលត្រូវបានអនុម័តឡើងនៅដើមខែមករា ឆ្នាំ២០១៩ បានបញ្ជាក់ថា បរធនបាលកិច្ចត្រូវបានបែងចែកជា៤ប្រភេទមានដូចជា បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ បរធនបាលកិច្ច ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សេងៗគ្នា។ តួយ៉ាង បរធនបាលកិច្ចពាណិជ្ជកម្មត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញសម្រាប់ជាប្រយោជន៍ដល់អ្នកផ្តល់វិភាគទានបរធនបាលកិច្ច ឬបុគ្គលណាមួយជាក់លាក់ដែលកំណត់ដោយអ្នកផ្តល់វិភាគទានបរធនបាលកិច្ច។ (ចុចទីនេះអានខ្លឹមសារលម្អិតនៃច្បាប់ស្តីបរធនបាលកិច្ច)
ក្រុមហ៊ុនបរធនបាលដើរតួជាអ្នកថែរក្សានឹងគ្រប់គ្រងទ្រព្យសម្បត្តិឱ្យជនបរទេសដោយគ្មានសិទ្ធិយកទៅលក់បន្តឡើយ ទោះជាដី ឬផ្ទះនោះជាឈ្មោះកម្មសិទ្ធិរបស់ក្រុមហ៊ុនក៏ដោយ ហើយបរធនបាលកិច្ចនេះ គឺតម្រូវចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលយន្តការទាំងនេះគឺកាន់តែផ្តល់ទំនុកចិត្តខ្ពស់ដល់ជនបរទេស។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានប៉ាន់ប្រមាណថា ប្រតិបត្តិការទិញ-លក់ក្នុងវិស័យអចលនទ្រព្យក្នុងឆ្នាំ២០២២ អាចនឹងកំណើនល្អឡើងវិញចន្លោះពី ២០ ទៅ ៣០ ភាគរយ បន្ទាប់ពីថមថយក្នុងឆ្នាំ២០២០ និង ២០២១។ សម្រាប់ការទិញអចលនទ្រព្យពីជនជាតិបរទេសនៅកម្ពុជា អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យរំពឹងថា អាចនឹងវិលមករកកំណើនល្អឡើងវិញក្នុងឆ្នាំ២០២២ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យបន្ទាប់ពីសម្រេចបាននូវការចោក់វ៉ាក់សាំងនៅទូទាំងប្រទេស។
បន្ថែមពីនេះ អ្នកធុរកិច្ចដែលមកស្វែករកឱកាសវិនិយោគនៅកម្ពុជាក៏នឹងទទួលបានលក្ខណ្ឌបន្ធូរបន្ថយសម្រាប់ការធ្វើចត្តាឡីស័ក្កពីរយៈពេល៧ថ្ងៃ មកត្រឹម៣ថ្ងៃប៉ុណ្ណោះ ស្របពេលដែលច្បាប់វិនិយោគថ្មីទើបត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងក្លាយជាទុនក្នុងការទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា។
លោក ស៊ីសាវុត្ថារ៉ា លើកឡើងថា វត្តមានអ្នកវិនិយោគបរទេស នឹងរួមចំណែកដល់សំខាន់ក្នុងការជួយពន្លឿនកំណើនសេដ្ឋកិច្ចនៅកម្ពុជា ហើយរំហូរទុនវិនិយោគទាំងនេះនឹងបង្កើតឱ្យមានតម្រូវការទីតាំងដីសម្រាប់អភិវឌ្ឍអគារខុនដូ អគារពាណិជ្ជកម្ម និងតម្រូវការដីសម្រាប់សាងសង់រោងចក្រឧស្សាហកម្ម។ លោកបន្ថែមថា ការទិញដីវិនិយោគបែបនេះ គឺសុទ្ធសឹងតែត្រូវការក្រុមហ៊ុនបរធនបាល ដែលផ្តល់សេវាកម្មជឿជាក់បាន អាចតំណាងជាកម្មសិទ្ធិករដល់អ្នកវិនិយោគបរទេស ដើម្បីអភិវឌ្ឍទីតាំងដីនៃគម្រោងវិនិយោគនោះ។
លោកពន្យល់បន្ថែមថា៖ «កត្តានេះហើយដែលជំរុញមានក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជជំនួសជាច្រើនដោយមើលឃើញពីសក្តានុពល ហើយទីផ្សារក្នុងវិស័យនេះក៏មានទំហំធំផងដែរ។»
មកដល់បច្ចុប្បន្ន មិនទាន់មានការសិក្សាស្រាវជ្រាវណាមួយបង្ហាញពីលទ្ធភាពនៃក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជជំនួសទាំងអស់នៅកម្ពុជា អំពីវិសាលភាពរួមចំណែកបង្កើនទំហំនៃការវិនិយោគអចលនទ្រព្យពីជនជាតិបរទេសនៅកម្ពុជានៅឡើយនោះទេ។ ប៉ុន្តែ បើក្រឡេកទៅមើលរំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលចាក់បញ្ជូលទៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមានចំណែកដល់ទៅ ៥១ភាគរយ នៃទុនវិនិយោគសរុបប្រមាណ ៣,៤ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩។ នេះបើតាមទិន្ន័យពីធនាគារពិភពលោក។
ទិន្នន័យដដែល បានបង្ហាញទៀតថា ទំហំទុនវិនិយោគនេះបានកើនដល់ប្រមាណ ៣,៦ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ហើយទុនវិនិយោគបានចាក់បញ្ចូលទៅក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងសណ្ឋាគារ (គម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំ, សួនកម្សាន្ត និងមជ្ឈមណ្ឌលពាណិជ្ជកម្ម) ច្រើនជាងគេ ដែលមានទុនវិនិយោគបូកបញ្ចូលគ្នាដល់ទៅជាង៣ពាន់លានដុល្លារអាមេរិក។ ទាំងគម្រោងវិនិយោគក្នុងវិស័យសណ្ឋាគារ និងកម្មន្តសាល សុទ្ធតែជាចំណែកទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម និងឧស្សាហកម្ម៕