ហេតុអ្វីវិស័យបរធនបាលសំខាន់សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា?

Bunthoeun Chhut 08/November/2021 18:22
ចែករំលែក

ភ្នំពេញ៖  បរធនបាល ឬហៅថាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ជាប្រភេទសេវាកម្មថ្មីមួយ ទើបត្រូវបានបង្កើតឡើងដែលស្ថិតក្រោមការគ្រប់គ្រងដោយនិយ័តករបរធនបាលកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អ្នកជំនាញមើលឃើញថា វិស័យបរធនបាលកិច្ចនេះនឹងជំរុញការវិនិយោគបរទេសមកទិញអចលនទ្រព្យកាន់តែច្រើននៅកម្ពុជា។​

នាយកប្រតិបត្តិក្រុមហ៊ុន Zillion Trust PLC លោក ស៊ឹម ស៊ីសាវុត្ថារ៉ា ថ្លែងក្នុងកិច្ចពិភាក្សារៀបចំដោយបណ្តាញព័ត៌មានអចលនទ្រព្យ Z1News នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ការបង្កើតឱ្យមានប្រភេទសេវាកម្មបរធនបាលនេះគឺដើម្បីសម្រួលដល់ជនបរទេសជាលក្ខណៈបុគ្គល ឬជាក្រុមហ៊ុន អាចមកទិញអចលនទ្រព្យនៅកម្ពុជាដោយមិនបារម្ភរឿងបញ្ហាផ្លូវច្បាប់។  យោងតាមច្បាប់របស់កម្ពុជា ជនបរទេសមិនត្រូវបានអនុញ្ញាតឱ្យកាន់កាប់ជាកម្មសិទ្ធករលើអចលនទ្រព្យជាដីធ្លី និងផ្ទះជាប់ដីនោះទេ។

លោកថ្លែងថា៖ «បរធនបាល ជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដទៃទៀតដែលអាចឱ្យជនបរទេសទិញអចលនទ្រព្យនៅកម្ពុជាបានដោយស្របច្បាប់។ ហើយតាមរយៈបរធនបាលនេះ គឺយើងអាចឈរឈ្មោះជាកម្មសិទ្ធិករឱ្យបុគ្គល ឬជាក្រុមហ៊ុនដល់បរទេស។»

លោក ស៊ឹម ស៊ីសាវុត្ថារ៉ា នាយកប្រតិបត្តិក្រុមហ៊ុន Zillion Trust PLC

លោកពន្យល់បន្ថែមថា៖  «កត្តានេះហើយបានបង្កើតឱ្យមានក្រុមហ៊ុនបរធនបាល ឬក្រុមហ៊ុនថែរក្សាទ្រព្យជំនួស ដោយសារយើងមើលឃើញពីសក្តានុពល ហើយទីផ្សារក្នុងវិស័យនេះក៏មានទំហំធំផងដែរ។»

គិតមកទល់បច្ចុប្បន្ន មានក្រុមហ៊ុនបរធនបាលប្រហែល១០ក្រុមហ៊ុនហើយ ដែលបានបង្កើតឡើងនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការពីការទិញអចលនទ្រព្យរបស់ជនបរទេសនៅកម្ពុជា។

ក្រុមហ៊ុន Zillion Trust PLC គឺជាក្រុមហ៊ុនបរធនបាល មួយដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទទួលស្គាល់ពេញលេញដោយនិយ័តករមូលបត្រកម្ពុជា (SERC) ដែលអាចជាតំណាងដ៏សក្តិសម​សម្រាប់​ជនបរទេសក្នុងការ​ទិញដី និងអចលនទ្រព្យផ្សេងៗ។

បើតាមលោក ស៊ីសាវុត្ថារ៉ា ក្រុមហ៊ុន Zillion Trust PLC បានបើកដំណើរការជិត២ឆ្នាំហើយមកដល់បច្ចុប្បន្ន  ហើយក្រុមហ៊ុននេះកំពុងផ្តល់សេវាកម្ម២ធំៗ​គឺទី១ បរធនបាលបុគ្គល (personal trust) ជាសេវាផ្តល់លើការឈរឈ្មោះជាកម្មសិទ្ធិករឱ្យជនបរទេស ដែលចង់ទិញអចលនទ្រព្យដូចជាដីធ្លី និងផ្ទះ។ ចំណែកទី២ គឺសេវាបរធនបាលពាណិជ្ជកម្ម (commercial trust) ជាការថែរក្សាទ្រព្យនៃគម្រោងវិនិយោគរួម។  (ចុចទីនេះអានខ្លឹមសារលម្អិតនៃច្បាប់ស្តីពីបរធនបាលកិច្ច)

ក្រុមហ៊ុនបរធនបាលដើរតួរជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឱ្យជនបរទេស ដោយគ្មានសិទ្ធិយកទៅលក់បន្តឡើយ ទោះជាដី ឬផ្ទះនោះជាឈ្មោះកម្មសិទ្ធិរបស់ក្រុមហ៊ុនក៏ដោយ ហើយការទិញដោយវិធីនេះ ជនបរទេសតែងមាន​ទំនុកចិត្តខ្ពស់។

លោកស៊ីសាវុត្ថារ៉ា​ រំពឹងថា ការវិនិយោគពីបរទេស នឹងមានកំណើនល្អប្រសើរឡើងនាពេលឆាប់ៗខាងមុខ ដោយសាររដ្ឋាភិបាលបានប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័​យ និងការផ្តល់លក្ខណ្ឌបន្ធូរបន្ថយដល់អ្នកធុរកិច្ចទាំងក្នុងស្រុកដែលចេញទៅក្រៅប្រទេស និងធុរជនបរទេសមកកម្ពុជា​ ដែលតម្រូវឲ្យធ្វើចត្តាឡីស័កពី ៧ថ្ងៃ មកត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង