មណ្ឌលគិរីកំពុងបង្ហាញពីកំណើនវិនិយោគរីហ្សត ខណៈក្លាយជាទិសដៅទេសចរណ៍ធម្មជាតិលេចធ្លោ

Bunthoeun Chhut 05/November/2021 14:57
ចែករំលែក

ខេត្តមណ្ឌលគិរី៖  ការវិនិយោគលើគម្រោងរីហ្សត​ក្នុងខេត្តមណ្ឌលគិរីបានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ ដែលគិតមកទល់បច្ចុប្បន្នមានប្រមាណ  ៥០ គម្រោង ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ដែលតែងតែមកសម្រាកលម្ហែកាយនៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។​

ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី លោក មាឃ  រិទ្ធីជ័យ បានប្រាប់បណ្តាញព័ត៌មានអចលនទ្រព្យ Z1News ថា​ ចំនួនរីហ្សតទាំង ៥០ ទីតាំងនេះមានប្រហែលជាង ២០ ទីតាំងកំពុងដំណើរការអាជីវកម្ម​ និងមួយចំនួនទៀតកំពុងសាងសង់។

លោកបញ្ជាក់ថា៖ «ចំនួនរីហ្សតក្នុងខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ន មិនទាន់ឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរនៅឡើយទេ។ ដូច្នេះ ខ្ញុំជឿថានឹងមានការវិនិយោគគម្រោងបែបនេះបន្ថែមទៀត ដោយតាំងដីសម្រាប់អភិវឌ្ឍន៍រីហ្សត ឬផ្ទះលម្ហែកាយក៏នៅមានលក្ខណៈច្រើនផងដែរ។»

រីហ្សតនីមួយៗជាមធ្យមសាងសង់លើផ្ទៃដី ២ ហិកតា ហើយគម្រោងនីមួយៗអាចមានផ្ទះស្នាក់នៅចន្លោះពី ៣០​ ទៅ ៤០ ផ្ទះ។ សម្រាប់តម្លៃជួលស្នាក់នៅអាចមានតម្លៃចន្លោះពី ៣០ ទៅ ២០០ដុល្លារ ក្នុងមួយយប់។​

រីហ្សតដែលកំពុងដំណើរការអាជីវកម្មក្នុងខេត្តមណ្ឌលគិរី។ រូបភាព៖ Z1News

លោករិទ្ធីជ័យ បញ្ជាក់ថា រីហ្សតទាំងនេះ​បានបោះទីតាំងវិនិយោគនៅតំបន់ពូតាំង ឡាវការ ដាក់ដាំ និងក្រុងសែនមនោរម្យ ដែលទីតាំងទាំងនេះសក្កិសមជាងគេសម្រាប់ការសាងសង់រីហ្សត ដោយសារមានជ្រលងភ្នំ និងទេសភាពដ៏ស្រស់ស្អាត។

បើតាមលោក រិទ្ធីជ័យ ទីផ្សារដីធ្លីសម្រាប់សាងសង់រីហ្សតមានតម្លៃចន្លោះពី ៥ ទៅ ១០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំងដីស្ថិតក្នុងតំបន់ពូតាំង ឡាវកា និងដាក់ដាំ។ ចំណែក ទីតាំងដីនៅក្រុងសែនមនោរម្យវិញ មានតម្លៃចាប់ពី ១០០ ទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទិន្នន័យរដ្ឋបាលខេត្តមណ្ឌលគិរី បានបង្ហាញថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកសម្រាកលម្ហែកាយក្នុងខេត្តនេះមានកំណើនចន្លោះពី ១០​ទៅ ២០ ភាគរយក្នុងមួយឆ្នាំៗ ដែលគិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩។ចាប់ពីឆ្នាំ២០៣៥  ខេត្តមណ្ឌលគិរី រំពឹងទទួលបានភ្ញៀវទេសចរជាតិជិត ២លាននាក់ និងភ្ញៀវទេសចរបរទេសប្រមាណជិត១លាននាក់ ក្នុងមួយឆ្នាំៗ ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង