ផ្ទះលម្ហែកាយប្រណិតកំពុងអភិវឌ្ឍនៅខេត្តមណ្ឌលគិរី

ប៊ុនធឿន 22/November/2021 09:04
ទស្សនា
ចែករំលែក

ចំណុចសំខាន់៖

  • វីឡាលម្ហែកាយស្តង់ដារអន្តរជាតិដំបូងគេក្នុងខេត្តមណ្ឌលគិរី មានតម្លៃចន្លោះពី ៣០ ទៅ ៤០ម៉ឺនដុល្លារ លើទំហំផ្ទៃដី ១ ០០០ ម៉ែត្រការ៉េ ក្នុងមួយវីឡា
  • ចាប់ពីឆ្នាំ២០៣៥ ខេត្តមណ្ឌលគិរីរំពឹងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិត ៣ លាននាក់​ក្នុងមួយឆ្នាំៗ
  • ការកើនឡើងនៃក្រុមអ្នកមានចំណូលមធ្យម និងកម្រិតខ្ពស់ ​បង្កើតឱ្យមានតម្រូវការរស់នៅបែបស៊ីវិល័យ​ ផ្សារភ្ជាប់នឹងសម្រស់ធម្មជាតិ

Z1News

«ការផ្គត់ផ្គង់ផ្ទះវីឡាលម្ហែកាយ​ប្រណិត ជាការឆ្លើយតបទៅនឹងកំណើនតម្រូវការអ្នកមានជីវភាពធូរធារ ក្នុងន័យបង្កើនគុណភាពរស់នៅ»

ខេត្តមណ្ឌលគិរី នឹងមានការអភិវឌ្ឍផ្ទះវីឡាលម្ហែកាយខ្នាតធំដំបូងគេ ដែលផ្តល់បទពិសោធន៍ក្នុងការរស់នៅបែបស៊ីវីល័យ ដោយផ្សារភ្ជាប់ទៅនឹងសម្រស់ធម្មជាតិ។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ មើលឃើញថា ការអភិវឌ្ឍផ្ទះវីឡាលម្ហែកាយគឺឆ្លើយតបទៅនឹងកំណើនតម្រូវការក្នុងចំណោមអ្នកមានជីវភាពធូរធារ និងអ្នកវិនិយោគបរទេស ស្របពេលដែលខេត្តមណ្ឌលគិរីជាទិសដៅទេសចរណ៍ធម្មជាតិដ៏លេចធ្លោក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជា។

តំណាងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង Mondol Doung Chet Eco-Resort & Villas លោកអ៊ិន​ ស៊ីថា​ បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក ជាក្រុមហ៊ុនក្នុងស្រុកដំបូងគេបានចាប់យកខេត្តមណ្ឌលគិរីជាទិសដៅក្នុងការវិនិយោគផ្ទះវីឡាលម្ហែកាយលំដាប់ស្តង់ដារអន្តរជាតិ ដែលគ្រោងនឹងអភិវឌ្ឍន៍លើផ្ទៃដី ១៣ ហិកតា ស្ថិតនៅភូមិ ចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

លោកបញ្ជាក់ថា ការអភិវឌ្ឍផ្ទះវីឡាលម្ហែកាយក្នុងខេត្តមណ្ឌលគិរី ដោយផ្អែកលើទស្សនវិស័វែងឆ្ងាយរបស់ក្រុមហ៊ុន និងការមើលឃើញពីសក្តានុពលទេសចរណ៍ គួបផ្សំនឹងការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងការតភ្ជាប់ពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀតមកកាន់ខេត្តមណ្ឌលគិរី។

លោកបន្តថា៖ «បច្ចុប្បន្ននេះសម្រាប់ការអភិវឌ្ឍផ្នែកអចលនទ្រព្យក្នុងខេត្តមណ្ឌលគិរី គឺភាគច្រើនអ្នកវិនិយោគគាត់ផ្តោតលើផ្ទះសំណាក់ សណ្ឋាគារ ឬបូទិចអូតែល។ ប៉ុន្តែ ផ្នត់គំនិត (concept) នៃគម្រោងយើងគឺពាំនាំនូវវប្បធម៌រចនាបថថ្មីមួយនៃការស់នៅរបស់បងប្អូនជនជាតិ ហើយផ្សារភ្ជាប់ជាមួយសម្រស់ធម្មជាតិ​»។

​គម្រោងផ្ទះវីឡាលម្ហែកាយ Mondol Doung Chet Eco-Resort & Villas គ្រោងនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២២។  គម្រោងនេះនឹងមានការសាងសង់សណ្ឋាគារដែលមានកម្ពស់ ២ជាន់ និងមាន ៣០ បន្ទប់ និងផ្ទះវីឡាលម្ហែកាយចំនួន ៤៩ វីឡា។

ប្លង់គំរូផ្ទះវីឡាលម្ហែកាយក្នុងគម្រោង Mondol Doung Chet Eco-Resort & Villas

មណ្ឌលគិរី​ ជាខេត្តមួយស្ថិតនៅប៉ែកឦសាន្តនៃប្រទេសកម្ពុជា​ សម្បូរទៅដោយធន​ធានធម្មជាតិ ព្រមជាមួយវប្បធម៌ទំនៀមទំលាប់ប្រពៃណីចម្រុះរបស់បងប្អូនជនជាតិដើមភាគតិច​។ នៅទូទាំងខេត្តមណ្ឌល​គិរី មានធនធាន និងតំបន់ទាក់ទាញទេសចរណ៍ ដែលភ្ញៀវទេសចរណ៍ អាចទៅដល់មានចំនួន ៣៦កន្លែង។​ បច្ចុប្បន្ន ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានបន្ទប់ស្នាក់នៅសរុបប្រហែល ១ ៥០០បន្ទប់ ដែលបូកបញ្ជូលទាំងផ្ទះសំណាក់, សណ្ឋាគារ និងរីហ្សត។

ការចាប់ផ្តើមអភិវឌ្ឍន៍ផ្ទះវីឡាលម្ហែកាយកម្រិតស្តង់ដារក្នុងខេត្តមណ្ឌលគិរី ត្រូវបានអ្នកជំនាញមើលឃើញថា ជាការរួមចំណែកបង្កើតផលិតផលទេសចរណ៍ថ្មី ដល់ភ្ញៀវទេសចរ និងបង្កើនការទាក់ទាញវិនិយោគិនបរទេសមកបោះទុនវិយោគក្នុងខេត្តមណ្ឌលគិរីផងដែរ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានឱ្យដឹងដែរថា ការវិនិយោគផ្ទះវីឡាលម្ហែកាយ ស្ថិតក្នុងដំណាក់កាលចាប់ផ្តើមនៅឡើយក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។ អ្នកជំនាញរូបនេះយល់ឃើញថា ការបោះជំហានរបស់ក្រុមហ៊ុន Mondol Doung Chet Eco-Resort & Villas ជាការឆ្លើយតបទៅនឹងកំណើនតម្រូវការអ្នកមានជីវភាពធូរធារ ដែលកំពុងត្រូវការផ្ទះទីពីរ ឬផ្ទះលម្ហែកាយក្នុងការបង្កើនគុណភាពរស់នៅ។​

បើតាមលោកសុខនីម ការអភិវឌ្ឍផ្ទះលម្ហែកាយដែលមានការតុបតែង និងមានរចនាបថស្តង់ដារអន្តរជាតិ អាចមានតម្លៃចន្លោះពី ១២ ម៉ឺនទៅ ៣០ ម៉ឺនដុល្លារក្នុងមួយវីឡា។  ប៉ុន្តែសម្រាប់លោក​ លោកអ៊ិន​ ស៊ីថា​ តម្លៃនេះគឺស្ថិតក្នុងកម្រិតមធ្យមនៅឡើយ ខណៈដែលផ្ទះវីឡាលម្ហែកាយក្នុងគម្រោងរបស់លោកផ្តោតលើប្រណិតភាពកម្រិតខ្ពស់ ដែលអាចមានតម្លៃចន្លោះពី ៣០ ទៅ ៤០ ម៉ឺនដុលា្លរក្នុងមួយវីឡា។ លោកបញ្ជាក់ថា ការទិញផ្ទះលម្ហែនេះក៏អាចបង្កើតប្រាក់ចំណូលផងដែរ គឺតាមរយៈការដាក់ជួលត្រលប់វិញ យ៉ាងហោចណាស់ក្នុងតម្លៃជាមធ្យម៣៥០ ដុល្លារក្នុងមួយថ្ងៃ។

រដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) ដែលផែនការនេះនឹងជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំទៅកាន់ទីផ្សារក្រៅប្រទេស។ កត្តានេះ រដ្ឋាភិបាលរំពឹងថា មណ្ឌលគិរីជាតំបន់ស្នូលនៃភូមិភាគឦសាន ដែលនឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីភ្នំពេញ, ខេត្តព្រះសីហនុ, និងខេត្តសៀមរាប។

ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋាភិបាលក៏មានផែនការអភវិឌ្ឍន៍ព្រលានយន្តហោះខ្នាតតំបន់ក្នុងខេត្តមណ្ឌលគិរី ដែលអាចនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២២ ខាងមុខនេះ​។ តាមផែនការ ព្រលានយន្តហោះថ្មីនេះគ្រោងចំណាយប្រមាណ ៨០ លានដុល្លារអាម៉េរិក ដោយសាងសង់លើផ្ទៃដី ៣០០ ហិកតា ឋិតក្នុងស្រុកអូរាំង និងមានចំងាយប្រហែល ២០គីឡូម៉ែត្រចេញពីក្រុងសែនមនោរម្យ ខេ្តតមណ្ឌលគិរី។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ មើលឃើញថាការដាក់ចេញគោលនយោបាយរបស់រដ្ឋាភិបាលនេះ នឹងបង្កើតឱ្យមានតម្រូវការស្នាក់នៅកម្រិតខ្ពស់កាន់តែច្រើនថែមទៀត ជាពិសេសការកើនឡើងនៃអ្នកវិនិយោគក្រៅស្រុក មកបណ្តាក់ទុនវិនិយោគក្នុងខេត្តមណ្ឌលគិរី។

ភ្ញៀវទេសចរដែលមកទស្សនា និងស្នាក់នៅកំសាន្តខេត្តមណ្ឌលគិរីមានកំណើនចន្លោះពី ១០ ទៅជាង ២០ ភាគរយក្នុងមួយឆ្នាំៗ ដែលគិតពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩។ ការដាក់ចេញនូវផែនការមេរបស់រដ្ឋាភិបាលរំពឹងថា ចាប់ពីឆ្នាំ២០៣៥ ខេត្តមណ្ឌលគិរី អាចទទួលបានភ្ញៀវជាតិ២លាន​នាក់ និងភ្ញៀវអន្តរជាតិជិត១លាននាក់ ក្នុងមួយឆ្នាំៗ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង