ភ្នំពេញ៖ ក្រុមហ៊ុនអាជីវកម្មក្នុងវិស័យអចលនទ្រព្យធំៗចំនួន៣ បានសម្រេចចុះកិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍១០០% សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតដែលសិក្សានៅវិទ្យាស្ថាន Lsi Business School។
អាហារូបករណ៍នេះផ្តោតលើឯកទេស គ្រប់គ្រង និងភាពជាអ្នកដឹកនាំនៅក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម (SME)។
កិច្ចព្រមព្រៀងនេះធ្វើឡើងដាច់ដោយឡែកពីគ្នារវាងតំណាងវិទ្យាស្ថាន Lsi Business School និងតំណាងក្រុមហ៊ុនបីទៀតគឺ Century 21 Zillion Holding, ក្រុមហ៊ុន VTrust Appraisal Co., Ltd និងក្រុមហ៊ុន Z1 Data Co., Ltd ដែលសុទ្ធសឹងជាក្រុមហ៊ុនសមាជិកសម្ព័ន្ធក្រុមហ៊ុន Zillennium Group។
តាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចព្រមព្រៀងនេះ បានឱ្យដឹងថា ក្រុមហ៊ុន Century 21 Zillion Holding នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន ២០ កន្លែង សម្រាប់សិក្សាមួយចប់កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ ភាពជាអ្នកដឹកនាំនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម ឬហៅកាត់ថា E-MBA in SME Leadership។
ចំណែកឯ ក្រុមហ៊ុន VTrust Appraisal និងក្រុមហ៊ុន Z1 Data នឹងផ្តោតលើការផ្តល់អាហារូបករណ៍ ១០០% សម្រាប់សិក្សាមួយចប់កម្មវិធីថ្នាក់បរិញ្ញាបត្រអន្តរជាតិលើឯកទេសគ្រប់គ្រងសហគ្រាសខ្នាតតូច និងមធ្យម (SME Management)។
ការចាប់ដៃគូសហការជាមួយនឹងវិទ្យាស្ថាន LSi Business School នៅពេលនេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការលើកម្ពស់បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។
LSi Business School គឺជាស្ថាប័នបណ្តុះបណ្តាលជំនាញផ្នែកពាណិជ្ជកម្មដ៏ល្អមួយដែលបានតម្រង់ទិសការសិក្សាឲ្យឆ្លើយតបតាមការវិវត្តនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មជាក់ស្តែង។
ក្រុមហ៊ុន Century 21 Zillion Holding ជាក្រុមហ៊ុនអចលនទ្រព្យយីហោដើមពីអាមេរិក បានពង្រីកប្រតិបត្តិការរបស់ខ្លួនគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា (១៤ ខណ្ឌ និង ២៤ ខេត្ត) ដោយផ្តោតសំខាន់តែលើទីផ្សារដីធ្លីរួមមានការទិញ លក់ និងជួល។ ក្រុមហ៊ុនបានបើកការិយាល័យថ្មី ៣៨ បន្ថែមដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសេវាអចលនទ្រព្យនៅតាមបណ្តាខេត្ត ។
VTrust Appraisal ជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា មានប្រតិបត្តិការជាង១៧ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ ចំណែកឯ ក្រុមហ៊ុន Z1 Data ជាក្រុមហ៊ុនឯកទេសខាងប្រើប្រាស់បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ៕

លោកព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century 21 Zillion Holding និងលោក ហែម បូណារិន នាយកវិទ្យាស្ថាន LSi Business School ចុះកិច្ចព្រមព្រៀងផ្តល់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

លោក វង្ស សុខាល (ឆ្វេង) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន VTrust Appraisal និងលោកលោកហែម បូណារិន លើកបង្ហាញឯកសារនៃការចុះកិច្ចព្រមព្រៀង

លោក ហ៊ឹម សីហា (ឆ្វេង) ដៃគូ និងជានាយក ក្រុមហ៊ុន Z1 Data ចាប់ដៃសហការជាមួយលោក លោកហែម បូណារិន បន្ទាប់ពីចុះហត្ថលេខា