ការទិញ-លក់អចលនទ្រព្យកំពុងវិលត្រលប់ទៅរកសភាពដើម ខណៈសេដ្ឋកិច្ចបើកដំណើរការឡើងវិញ

ប៊ុនធឿន 03/November/2021 17:26
ទស្សនា
ចែករំលែក

ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានបង្ហាញសុទិដ្ឋិនិយមចំពោះប្រតិបត្តិការទិញ-លក់ ឬការវិនិយោគក្នុងវិស័យនេះថា នឹងមានភាពល្អប្រសើរឡើងវិញចាប់ពីឆ្នាំ២០២២ ខាងមុខនេះ ខណៈដែលរដ្ឋាភិបាលកម្ពុជាសម្រេចបើកដំណើរការឡើងវិញលើគ្រប់វិស័យចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Imperial Realty លោក ខេន ឡូ ថ្លែងក្នុងកិច្ចពិភាក្សាដែលរៀបចំដោយបណ្តាញព័ត៌មានអចលនទ្រព្យ Z1News កាលពីថ្ងៃចន្ទ នេះថា តាមការប៉ាន់ស្មានបឋមសកម្មភាពវិនិយោគអចលនទ្រព្យអាចនឹងមានកំណើនងើបឡើងវិញចន្លោះពី ២០ ទៅ ៣០​ ភាគរយ​ ធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១។

លោកបន្ថែមថា៖ «សង្កេតឃើញថាវិស័យអចលនទ្រព្យបង្ហាញសញ្ញាវិជ្ជមានងើបឡើងវិញជាបណ្តើរៗហើយ។ ខ្ញុំគិតថា ការងើបឡើងវិញនៃសកម្មភាពវិនិយោគអចលនទ្រព្យ ជាផ្នែកដ៏សំខាន់មួយជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។»

លោកបញ្ជាក់ថា ការវាយតម្លៃបឋមចំពោះការរំពឹងទុកនៃការវិនិយោគអចលនទ្រព្យងើបឡើងវិញ គឺដោយសារវិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់រីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងគ្រប់ដណ្តប់ទូទាំងប្រទេស។ ចំណាត់ការទាន់ពេលវេលានេះធ្វើឱ្យកម្ពុជាឆ្ពោះទៅបើកដំណើរការសេដ្ឋកិច្ចឡើងវិញតាមគន្លងនៃប្រក្រតីភាពថ្មី ហើយប្រតិបត្តិការអាជីវកម្មក៏ចាប់ផ្តើមបើកឡើងវិញ ដែលកត្តានេះលោកខេន ឡូ បញ្ជាក់ថា​នឹងជំរុញឱ្យមានកំណើនជួលទីតាំងសម្រាប់ដំណើរការអាជីវកម្ម។

ទោះបីប្រតិបត្តិការទិញ-លក់ ក្នុងវិស័យអចលនទ្រព្យមានការថមថយក្នុងរយៈពេលជិត២ឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែអ្នកជំនាញរូបនេះបានអះអាងថា តម្លៃទីផ្សារលំនៅឋាន និងដីធ្លីហាក់រក្សាបានភាពធន់ ពោលគឺមិនមានការថមថយខ្លាំងទេ បើធៀបនឹងពេលដែលសេដ្ឋកិច្ចកម្ពុជា​រងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកលក្នុងអំឡុងឆ្នាំ២០០៨។ លោកបញ្ជាក់ថា ទីផ្សារលំនៅឋាន រក្សាបានកំណើនល្អជាងគេក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ព្រោះលំនៅឋានជាតម្រូវការចំាបាច់របស់មនុស្ស។​

ចំនួនគម្រោងបុរីលំនៅឋាននៅភ្នំពេញគិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២៖ ប្រភព CBRE Cambodia

របាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២១ របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា គិតចាប់ពីខែមករា មកដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១ គម្រោងលំនៅឋានបានបញ្ចប់ការសាងសង់រួចរាល់មាន ២៤គម្រោង ហើយតាមការរំពឹងទុក លំនៅឋានចំនួន ៣៤គម្រោងបន្ថែមទៀតនឹងអាចបញ្ចប់ការសាងសង់នៅត្រឹមដំណាច់ឆ្នាំ២០២១។ ប្រភពដដែលបង្ហាញទៀតថា ភាគច្រើននៃគម្រោងលំនៅឋានទាំងនេះ គឺផ្តោតលើអ្នកមានចំណូលកម្រិតមធ្យម។

ធនាគារជាតិនៃកម្ពុជា ៖របាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២១

រដ្ឋាភិបាលកម្ពុជារំពឹងថា រំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា នឹងកើនឡើងវិញ ដែលអាចជួយដល់ការធ្វើពិពិធកម្មផលិតកម្ម និងគាំទ្រដល់វិស័យសំណង់ និងអចលនទ្រព្យ ស្របពេលដែលស្ថាប័នធំៗលើពិភពលោកដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជាថានឹងអាចសម្រេចបានក្នុងអត្រាកំណើន ៥ ទៅ ៦ ភាគរយ សម្រាប់ឆ្នាំ២០២២ ខាងមុខ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង