ខេត្តកណ្តាល៖ ស្រុកអង្គស្នួលក្លាយជាទិសដៅវិនិយោគលើរោងចក្រឧស្សាហកម្មលេចធ្លោជាងគេ ដោយមានរោងចក្រថ្មីៗបោះទីតាំងវិនិយោគក្នុងស្រុកនេះដល់ទៅជាង ១០គម្រោង នៃគម្រោងវិនិយោគសរុបក្នុងខេត្តកណ្តាល។
ស្រុកអង្គស្នួល ជាតំបន់ឆ្លងកាត់ផ្លូវជាតិលេខ ៤ ដែលជាផ្លូវគមនាគមន៍ដ៏សំខាន់ក្នុងការតភ្ជាប់រាជធានីភ្នំពេញ ជាមួយខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ការបោះទីតាំងវិនិយោគរោងចក្រឧស្សាហកម្មថ្មីៗជាច្រើនក្នុងស្រុកអង្គស្នួល នឹងជំរុញសកម្មភាពវិនិយោគដីធ្លីក្នុងស្រុកនេះកាន់តែទាក់ទាញ។
យោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើទំព័រហ្វេសបុកផ្លូវការទាក់ទងនឹងការអនុម័តគម្រោងវិនិយោគចាប់ពីខែមករា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ខេត្តកណ្តាលទទួលបានគម្រោងវិនិយោគ ២៤ គម្រោង ដែលមានទុនវិនិយោគប្រមាណ ១៧៥ លានដុល្លារ។
តាមទិន្នន័យ ស្រុកអង្គស្នួលទទួលបានគម្រោងវិនិយោគច្រើនជាងគេដល់ទៅ ១៣ គម្រោង នៃគម្រោងវិនិយោគសរុប ២៤ គម្រោង។ គម្រោងផ្សេងៗទៀត បោះទីតាំងក្នុងស្រុកកណ្តាលស្ទឹង ស្រុកកៀនស្វាយ និងស្រុកពញាឮ ជាដើម។
លោក ស៊ូ ប៊ុនសុង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកណ្តាល បានប្រាប់បណ្តាញព័ត៌មានអចលនទ្រព្យ Z1News ថា ស្រុកអង្គស្នួលជាតំបន់មានសណ្ឋានដីខ្ពង់រាបស្មើ និងមានទីតាំងឋិតនៅកៀកនឹងរាជធានីភ្នំពេញ ដោយឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ ៤ ដែលជាផ្លូវដឹកជញ្ជូនតភ្ជាប់ប៉ូលសេដ្ឋកិច្ចធំៗពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ លោកបន្តថា កត្តាអំណោយផលទាំងនេះធ្វើឱ្យស្រុកអង្គស្នួលកាន់តែមានសក្តានុពលខ្ពស់ក្នុងការវិនិយោគរោងចក្រឧស្សាហកម្ម និងតម្រូវការទីតាំងដីសម្រាប់សាងសង់ផ្ទះល្វែង និងអាជីវកម្មផ្សេងៗ។
លោក ប៊ុនសុង បានបញ្ជាក់ថា ទីតាំងដីធ្លីជាង ២០ កន្លែងក្នុងស្រុកអង្គស្នួល កំពុងដាក់លក់តាមរយៈសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកណ្តាល។ លោកបញ្ជាក់បន្ថែមថា ទីផ្សារដីធ្លីក្នុងស្រុកអង្គស្នួល មានតម្លៃដាក់លក់ (asking price) ជាមធ្យមចន្លោះពី ៥០ ទៅ ២៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំងដីធ្លីតាមផ្លូវតូច។ ទីតាំងដីដែលជាប់នឹងផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្រ្តឆ្លងកាត់ខេត្តកណ្តាលមានតម្លៃដាក់លក់ចន្លោះពី ២៥០ ទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕