វត្តមានផ្សារទំនើបថ្មីៗ ធ្វើឱ្យតម្លៃជួលកាន់តែប្រកួតប្រជែងសម្រាប់ម្ចាស់អាជីវកម្ម

ប៊ុនធឿន 14/October/2021 16:45
ទស្សនា
ចែករំលែក

ភ្នំពេញ៖ ផ្សារទំនើបថ្មីៗចំនួន៣ក្នុងរាជធានីភ្នំពេញបានបញ្ចប់ការសាងសង់រួចរាល់តាមផែនការ និងត្រៀមបើកដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទីផ្សារ។​

របាយការណ៍ត្រីមាសទី៣ របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា គិតត្រឹមដំណាច់ត្រីមាស៣ ក្នុងឆ្នាំ២០២១ មានផ្សារទំនើបថ្មីចំនួន៣ បានបញ្ចប់ការសាងសង់រួចរាល់ ដើម្បីដាក់ជួលទីតាំងធ្វើអាជីវកម្ម។ ផ្សារទំនើបទាំង​៣នេះ ជាប្រភេទផ្សារទំនើបសហគមន៍ ដែលមានទីតាំងផ្សេងៗគ្នា​ស្ថិតនៅខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌមានជ័យ។

ផ្សារទំនើបសហគមន៍ទាំង៣ ដែលបានបញ្ចប់ការសាងសង់រួចរាល់ 

ប្រភពដដែលបានបញ្ជាក់ថា ផ្សារទំនើបថ្មីទាំង៣នេះ មានផ្ទៃក្រឡា​បូកបញ្ចូលគ្នាប្រមាណ ១៧ ០០០ ម៉ែត្រការ៉េ។​ តាមការសិក្សា CBRE បានបង្ហាញថា បច្ចុប្បន្នការជួលទីតាំងធ្វើអាជីវកម្មក្នុងផ្សារទំនើបសហគមន៍មានតម្លៃជួលជាមធ្យម ២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។

  [ផ្សារទំនើបនៅកម្ពុជាបែងចែកជាប៉ុន្មានប្រភេទ?]

វត្តមានផ្សារ​ទំនើបថ្មីៗបើកដំណើរការក្នុងទីផ្សារ នឹងធ្វើឱ្យតម្លៃនៃការជួលទីតាំងធ្វើអាជីវកម្មកាន់តែមានភាពប្រកួតប្រជែង និងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ម្ចាស់អាជីវកម្ម។

តាមការសិក្សា CBRE Cambodia បានបង្ហាញថា ផ្សារទំនើបថ្មីៗដែលរំពឹងបើកដំណើរការពេញមួយឆ្នាំ២០២១នេះ​ នឹងមានផ្ទៃក្រឡាប្រមាណ ១៤៧ ១៤៤ ម៉ែត្រការ៉េ សម្រាប់ដាក់ជួលធ្វើអាជីវកម្ម។ ក្នុងចំណោមផ្ទៃក្រឡាសរុប មាន៥៣ ភាគរយបញ្ចប់ការសាងសង់រួចរាល់ និង៤៧ ភាគរយទៀតរំពឹងបញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២១នេះ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង