គម្រោងរោងចក្រឧស្សាហកម្មបោះទីតាំងវិនិយោគក្នុងខេត្តកណ្តាល ច្រើនជាងភ្នំពេញ

Bunthoeun Chhut 14/October/2021 12:56
ចែករំលែក

គម្រោងរោងចក្រឧស្សាហកម្មថ្មីៗ បានបោះទីតាំងវិនិយោគក្នុងខេត្តកណ្តាលគិតចាប់ពីខែមករា មកដល់ដើមខែតុលា ឆ្នាំ២០២១ មានចំនួនច្រើជាងនៅរាជធានីភ្នំពេញ។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

កំណើនគម្រោងវិនិយោគថ្មីៗទាំងនេះ នឹងបង្កើតឱ្យមានតម្រូវការទីតាំងដីធ្លីសម្រាប់សាងសង់ឃ្លាំង និងរោងចក្រឧស្សាកម្ម​។ ហើយកត្តាតម្រូវការនេះ ក៏នឹងជំរុញឱ្យមានកំណើនវិនិយោគដីធ្លីក្នុងខេត្តកណ្តាលកាន់តែច្រើនឡើងផងដែរ ។

យោងតាម CDC ចេញផ្សាយលើទំព័រហ្វេសបុកផ្លូវការទាក់ទងនឹងការអនុម័តគម្រោងវិនិយោគចាប់ពីខែមករា ដល់ថ្ងៃទី ៤ខែតុលា ឆ្នាំ២០២១ បានបង្ហាញថា ខេត្តកណ្តាលទទួលបានគម្រោងវិនិយោគ ២៤ គម្រោង ខណៈដែលរោងចក្រឧស្សាហកម្មថ្មីៗបោះទីតាំងវិនិយោគនៅភ្នំពេញក្នុងរយៈពេលដូចគ្នានេះ (មករា-៤តុលា ឆ្នាំ២០២១) មានចំនួន ១៩ គម្រោង។

ទោះបីចំនួនគម្រោងវិនិយោគថ្មីៗក្នុងខេត្តកណ្តាល ច្រើនជាងរាជធានីភ្នំពេញ ប៉ុន្តែបើគិតជាទុនវិនិយោគគឺមានទំហំទឹកប្រាក់ប្រហាក់ប្រហែលគ្នា។ តាមទិន្នន័យ គម្រោងវិនិយោគក្នុងខេត្តកណ្តាល ២៤ គម្រោង​ មានទុនវិនិយោគបញ្ចូលគ្នាប្រមាណ១៧៥ លានដុល្លារ ចំណែកគម្រោងវិនិយោគថ្មីៗនៅភ្នំពេញទាំង ១៩ គម្រោងមានទុនវិនិយោគប្រមាណ ១៧៦ លានដុល្លារ។

គម្រោងវិនិយោគក្នុងខេត្តកណ្តាលភាគច្រើន បោះទីតាំងវិនិយោគក្នុងស្រុកអង្គស្នូល និងស្រុកកណ្តាលស្ទឹង ចំណែកគម្រោងវិនិយោគនៅភ្នំពេញ ភាគច្រើនបោះទីតាំងវិនិយោគក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលខណ្ឌទាំងពីរនេះ ជាទិសដៅសម្រាប់អ្នកវិនិយោគលំនៅឋានកម្រិតមធ្យម និងការវិនិយោគដីធ្លីដ៏ទាក់ទាញនៅរាជធានីភ្នំពេញ៕

———————

កត់សម្គាល់៖ គម្រោងវិនិយោគក្នុងខេត្តកណ្តាល និងភ្នំពេញ ចេញផ្សាយលើទំព័រហ្វ៊េសបុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគិតចាប់ពីខែមករា ដល់ថ្ងៃទី៤ ខែតុលា ក្នុងឆ្នាំ២០២១។ គម្រោងវិនិយោគនីមួយៗត្រូវបានចងក្រង បូក​សរុប និងផ្គូផ្គងដោយបណ្តាញ​ព័ត៌មានអចលនទ្រព្យ Z1News

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង