ខេត្តកណ្តាលកាន់តែទាក់ទាញសម្រាប់ការវិនិយោគរោងចក្រឧស្សាហកម្ម

Bunthoeun Chhut 12/October/2021 16:24
ចែករំលែក

ខេត្តកណ្តាល៖ រោងចក្រឧស្សាហកម្មកាន់តែច្រើនឡើងបានបង្កើនការបោះទុនវិនិយោគក្នុងខេត្តកណ្តាល ដែលកត្តានេះនឹងជួយជំរុញឱ្យមានការវិនិយោគអចលនទ្រព្យ ជាពិសេសសកម្មភាពទិញ-លក់ដីធ្លីកាន់តែផុសផុល។

យោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើទំព័រហ្វេសបុកផ្លូវការទាក់ទងនឹងការអនុម័តគម្រោងវិនិយោគចាប់ពីខែមករា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ខេត្តកណ្តាលទទួលបានគម្រោងវិនិយោគ ២៤ គម្រោង។ គម្រោងទាំងនេះបូកបញ្ចូលគ្នា​មានទុនវិនិយោគប្រមាណ ១៧៥ លានដុល្លារ ហើយអាចបង្កើតឱកាសការងារដល់ទៅជាង ២២ ០០០នាក់។

គម្រោងទាំងនេះ ភាគច្រើនផ្តោតលើរោងចក្រឧស្សាហកម្មមានដូចជាកាត់ដេរសម្លៀកបំពាក់ កាបូប និងស្បែកជើង ហើយគម្រោងទាំងនេះបានបោះទីតាំងវិនិយោគក្នុងតំបន់មួយចំនួនដូចជា ក្រុងតាខ្មៅ ស្រុកអង្គស្នូល ស្រុកកណ្តាលស្ទឹង ស្រុកកៀនស្វាយ និងស្រុកពញាឮ​ជាដើម។​

លោក ស៊ូ ប៊ុនសុង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកណ្តាល ​បានបញ្ជាក់ថា ខេត្តកណ្តាលមិនត្រឹមតែមានកំណើនលើការវិនិយោគឧស្សាហកម្មប៉ុណ្ណោះទេ តែគម្រោងលំនៅឋានធំៗក៏កំពុបង្ហាញវត្តមានកាន់តែ​ច្រើនឡើងក្នុងខេត្តនេះផងដែរ​ ដែលបច្ចុប្បន្នមាន ៩គម្រោង។​

លោក ប៊ុនសុង បានបញ្ជាក់ថា កំណើននៃគម្រោងវិនិយោគទាំងនេះ នឹងធ្វើឱ្យខេត្តកណ្តាលក្លាយជាទិសដៅកាន់តែមានសក្តានុពលសម្រាប់អ្នកវិនិយោគដីធ្លី។

បើតាមលោក ប៊ុនសុង ទីតាំងដីដែលមានតម្លៃខ្ពស់ជាងគេក្នុងខេត្តកណ្តាលគឺស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២១ ដែលមានតម្លៃចន្លោះពី ២០០ ដល់ ១ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទីផ្សារដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ ៥មានតម្លៃទាបជាងគេក្នុងខេត្តកណ្តាលដែលមានតម្លៃចន្លោះពី ២៥០ ទៅ ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

កត់សម្គាល់៖ គម្រោងវិនិយោគក្នុងខេត្តកណ្តាល ចេញផ្សាយលើទំព័រហ្វ៊េសបុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគិតចាប់ពីខែមករា ដល់ខែកញ្ញា ក្នុងឆ្នាំ២០២១។ គម្រោងវិនិយោគនីមួយៗត្រូវបានចងក្រង និង​បូក​សរុបដោយបណ្តាញ​ព័ត៌មានអចលនទ្រព្យ Z1News

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង