សឹង្ហបូរី៖ អ្នកជំនួញដែលត្រូវបានផ្តល់ចំណាត់ថ្នាក់ជាមហាសេដ្ឋីក្នុងប្រទេសសឹង្ហបូរីមានប្រមាណជាង ៣០ ភាគរយ ដែលបានបង្កើតទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ពួកគេតាមរយៈការវិនិយោគក្នុងវិស័យអចលនទ្រព្យ។ នេះបើតាមទស្សនាវដ្តី Forbes។
ទស្សនាវដ្តី Forbes បានផ្តល់ចំណាត់ថ្នាក់អ្នកជំនួញចំនួន ៥០នាក់ ជាមហាសេដ្ឋីក្នុងប្រទេសសឹង្ហបូរីប្រចាំឆ្នាំ២០២១ ដែលមហាសេដ្ឋីទាំងនេះវិនិយោគលើមុខជំនួញផ្សេងៗគ្នារួមមាន អចលនទ្រព្យ បច្ចេកវិទ្យា វិស័យសុខាភិបាល ធនាគារ និងហិរញ្ញវត្ថុ វិស័យលក់រាយ និងការវិនិយោគចម្រុះ(diversified) ជាដើម។
បើតាម Forbes មហាសេដ្ឋីចំនួន ១៧នាក់ ឬស្មើនឹង ៣៤ ភាគរយ នៃមហាសេដ្ឋីសរុបទាំង ៥០នាក់ បានបង្កើតទ្រព្យសម្បត្តិរបស់ពួកគេតាមរយៈការវិនិយោគក្នុងវិស័យអចលនទ្រព្យ។
ប្រភពដដែលបង្ហាញថា បងប្អូនបង្កើតពីរនាក់គឺលោក Phillip Ng និងលោក Robert Ng គ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំជាងគេបង្អស់នៅសឹង្ហបូរីគឺក្រុមហ៊ុន Far East Organization និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Sino Group មានមូលដ្ឋាននៅហុង កុង។
គ្រួសារត្រកូល Ng ពីរនាក់បងប្អូនបង្កើតនេះ កំពុងគ្រប់គ្រងជំនួញអចលនទ្រព្យ ហើយបានបង្កើតទ្រព្យសម្បត្តិពីវិស័យនេះបូកបញ្ចូលគ្នាដល់ទៅជាង ១៤ ពាន់លានដុល្លារអាមេរិក ដែលជាទ្រព្យសម្បត្តិច្រើនជាងគេក្នុងវិស័យអចលនទ្រព្យនៅប្រទេសសឹង្ហបូរី។ ប៉ុន្តែ បើគិតក្នុងចំណោមមហាសេដ្ឋីទាំង៥០នាក់ បងប្អូនបង្កើតត្រកូល Ng ឈរនៅលេខរៀងទី៦។
ទស្សនាវដ្តី Forbes បានផ្តល់ចំណាត់ថ្នាក់មហាសេដ្ឋីក្នុងប្រទេសសឹង្ហបុរីដោយផ្អែកលើទ្រព្យសម្បត្តិរបស់ពួកគេបង្កើតបាន ដោយគិតត្រឹមខែសីហា ឆ្នាំ២០២១ ដែលអ្នកជំនួញមានទ្រព្យសម្បត្តិជាង ២០ ពាន់លានដុល្លារអាមេរិក ជាមហាសេដ្ឋីឈរលេខរៀងទី១ ខណៈដែលមហាសេដ្ឋីទី៥០ មានទ្រព្យសម្បត្តិជាង ៧០០ លានដុល្លារអាមេរិក។
បើតាម Forbes មហាសេដ្ឋីទី១របស់សឹង្ហបុរី គឺលោក Li Xiting ដែលមានទ្រព្យសម្បត្តិសរុប ២៣ ពាន់លានដុល្លារអាមេរិក។ លោក Li ជាអ្នកជំនួញក្នុងវិស័យសុខាភិបាល ខណៈដែលមហាសេដ្ឋីទី៥០ គឺលោក Saurabh Mittal ជាអ្នកជំនួញវិស័យហិរញ្ញវត្ថុ មានទ្រព្យសម្បត្តិសរុប ៧៣៥ លានដុល្លារអាមេរិក៕