ខណ្ឌពីរទទួលបានគម្រោងវិនិយោគច្រើនជាងគេនៅភ្នំពេញ

Bunthoeun Chhut 11/October/2021 16:07
ចែករំលែក

ភ្នំពេញ៖ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលជាតំបន់វិនិយោគដីធ្លីដ៏ទាក់ទាញ ទទួលបានគម្រោងវិនិយោគច្រើនជាងគេនៅភ្នំពេញ។

គិតចាប់ពីខែមករា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគដែលគិតតែក្នុងរាជធានីភ្នំពេញមានចំនួន ១៩ គម្រោង ឬស្មើនឹងទុនវិនិយោគប្រមាណ ១៧៦ លានដុល្លារ។ គម្រោងវិនិយោគទាំងនេះបូកបញ្ជូលគ្នាអាចបង្កើតការងារបានជាង ១៤ ០០០ នាក់។

ក្នុងចំណោមនោះ ខណ្ឌពោធិ៍សែនជ័យទទួលបានគម្រោងវិនិយោគច្រើនជាងគេដល់ទៅ ៧ គម្រោង ខណៈដែលខណ្ឌកំបូលមាន៤ គម្រោង។ ខណ្ឌទាំងពីរបូកបញ្ជូលគ្នាមានចំណែកជាង ៥០ ភាគរយនៃចំនួនគម្រោងវិនិយោគសរុប១៩ គម្រោង។

តាមទិន្នន័យដដែលបានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះផ្តោតលើការវិនិយោគរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្បែកជើង, កាបូប, កែច្នៃ និងវេចខ្ចប់ ផលិតផលកសិកម្ម និងគម្រោងសាងសង់សណ្ឋាគារផ្កាយ៤ ជាដើម។

បើតាមអ្នកជំនាញអចលនទ្រព្យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ជាទិសដៅដ៏មានសក្តានុពលសម្រាប់អ្នកវិនិយោគដីធ្លីនៅជាយរាជធានីភ្នំពេញ ដោយសារខណ្ឌទាំងពីរនេះមានដីទូលាយច្រើន ដែលស័ក្កិសមទាំងការអភិវឌ្ឍលំនៅឋាន និងរោងចក្រឧស្សាហកម្ម។

អ្នកនាង យិន រ៉ានី ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌពោធិ៍សែនជ័យ ធ្លាប់បានបញ្ជាក់ថា សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ជាតំបន់ដែលស័ក្កិសមជាងគេសម្រាប់រោងចក្រឧស្សាហកម្ម ព្រោះតំបន់ទាំងពីរនេះមានទីតាំងដីធំ ហើយតម្លៃដីធូរថ្លៃ។

បើតាមអ្នកនាង យិន រ៉ានី សង្កាត់ត្រពាំងក្រសាំង មានតម្លៃដីទាបជាងគេក្នុងខណ្ឌពោធិ៍សែនជ័យ ដែលអ្នកវិនិយោគអាចរកទិញបានក្នុងតម្លៃចន្លោះពី ២០០ ទៅ ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សង្កាត់សំរោងក្រោមវិញអាចរកទិញបាន​ក្នុងតម្លៃចន្លោះពី ២៥០ ទៅ ១ ២០០ ក្នុងមួយម៉ែត្រការ៉េ៕ ​

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង