ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកទិញឃ្លាំង និងអគារចែកចាយទំនិញតម្លៃជាង២ពាន់លានដុល្លារ

Bunthoeun Chhut 01/October/2021 14:58
ចែករំលែក

ក្រុមហ៊ុនអចលនទ្រព្យយក្ស Oxford Properties មានមូលដ្ឋាននៅប្រទេសកាណាដាបានសម្រេចទិញយកឃ្លាំង និងអគារចែកចាយទំនិញ ពីក្រុមហ៊ុនអាមេរិក KKR & Co ក្នុងទំហំទឹកប្រាក់ជាង ២,២ ពាន់លានដុល្លារអាមេរិក។

ឃ្លាំង និងអគារចែកចាយទំនិញ ជាចំណែកទីផ្សារអចលនទ្រព្យឧស្សាហកម្ម ហើយការសម្រេចកិច្ចព្រមព្រៀងវិនិយោគទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នាពេលនេះ បានបង្ហាញថាការកើនឡើងខ្លាំងនៃការបញ្ជាទិញទំនិញតាមអនឡាញកំពុងទាញចំណាប់អារម្មណ៍អ្នកជំនួញធំៗលំដាប់ពិភពលោកឲ្យធ្វើការដាក់ទុន​លើអចលនទ្រព្យឧស្សាហកម្ម។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអាមេរិក The Wall Street Journal ចេញផ្សាយថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុន Oxford Properties បានទិញយកអគារដែលជាឃ្លាំងស្តុកទំនិញ និងមណ្ឌលចែកចាយទំនិញចំនួន ១៤៩ អគារ ឬស្មើនឹងជាង ១លាន ៣សែន​ម៉ែត្រការ៉េពីក្រុមហ៊ុន KKR & Co ស្ថិតក្នុងរដ្ឋមួយចំនួននៃភាគខាងត្បូងសហរដ្ឋអាមេរិកដូចជារដ្ឋ Florida Georgia South Carolina និងរដ្ឋ Texas ជាដើម។

ការសម្រេចវិនិយោគរបស់ក្រុមហ៊ុន Oxford Properties ជាកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រីកទីផ្សារនៅសហរដ្ឋអាមេរិក ហើយអចលនទ្រព្យដែលក្រុមអចលនទ្រព្យ Oxford Properties ទិញយកពីក្រុមហ៊ុន KKR & Co នាពេលនេះ នឹងត្រូវប្រើប្រាស់ជាឃ្លាំង និងមណ្ឌលចែកចាយទំនិញ។

បច្ចុប្បន្ន Oxford Properties មានអចលនទ្រព្យដែលកំពុងគ្រប់គ្រងក្នុងដៃមានតម្លៃជិត ៥៦ ពាន់លានដុល្លារ ហើយក្រុមហ៊ុននេះ ក៏បានវិនិយោគលើអចលនទ្រព្យឧស្សាហកម្មជាច្រើនកន្លែងផងដែរនៅទ្វីបអឺរ៉ុប និងអាស៊ី៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង