២០ ទៅ ៣០ ឆ្នាំ ជាវ័យដែលទិញលំនៅឋានច្រើនជាងគេ

Bunthoeun Chhut 30/September/2021 18:18
ចែករំលែក

ទីផ្សារអចលនទ្រព្យលំនៅឋាន ក្នុងទីក្រុងសេអូល និងតំបន់សំខាន់ផ្សេងៗទៀត នៃប្រទេសកូរ៉េខាងត្បូងនៅតែរក្សាកំណើនរឹងមាំ ដោយសារតែមានតម្រូវការកាន់តែច្រើនឡើងពីប្រជាជនក្នុងស្រុក ជាពិសេសប្រជានជនវ័យក្មេងចន្លោះពី ២០​ ​ទៅ ៣០ ឆ្នាំ។

សារព័ត៌មានក្នុងស្រុករបស់ប្រទេសកូរ៉េបានរាយការណ៍កាលពីពេលថ្មីៗនេះ ដោយដកស្រង់ទិន្នន័យពីស្ថាប័នក្រុមប្រឹក្សាអចលនទ្រព្យកូរ៉េ បង្ហាញថា ប្រជាជនកូរ៉េខាងត្បូងដែលមានវ័យ៣០ ឆ្នាំ បានទិញលំនៅឋានក្នុងអគារអាផាតមិនចំនួន ១២ ៥៥០ យូនីត ក្នុងក្រុងសេអូល រាជធានីនៃប្រទេសកូរ៉េខាងត្បូង។

ចំនួននេះស្មើនឹង ៣៧ ភាគរយ នៃយូនីតអាផាតមិនដែលលក់បានសរុប ៣៤ ០៤៥ យូនីត ក្នុងរយៈពេលចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២១។ ខណៈដែលយុវជនវ័យចន្លោះពី ២០ ទៅ ២៩ ឆ្នាំ មានចំណែក ៥ ភាគរយឬស្មើនឹង​ ១ ៧០២ យូនីត នៃយូនីតអាផាតមិន ដែលលក់បានក្នុងរយៈពេល៧ខែឆ្នាំនេះ។

បើបូកបញ្ចូលគ្នា នៃប្រជាជនកូរ៉េខាងត្បូងរស់នៅក្នុងក្រុងសេអូល មានវ័យចន្លោះពី ២០ ដល់ ៣០ ឬក្រោម៤០ឆ្នាំ បានទិញលំនៅឋានក្នុងរយៈពេល ៧ខែ ឆ្នាំនេះ មានចំណែកដល់ទៅ ៤២ ភាគរយ នៃយូនីតអាផាតមិនដែលលក់បានសរុប ៣៤ ០៤៥ យូនីត ក្នុងក្រុងសេអូល។  ចំណែកទីផ្សារនេះ បានកើនឡើងពី ៣៧ ភាគរយធៀបនឹងឆ្នាំមុន និង ៣១ ភាគរយ​ក្នុងឆ្នាំ២០១៩។

ទិន្នន័យដដែលបានឱ្យដឹងដែរថា ប្រជាជនវ័យចន្លោះពី ៤០ ទៅ ៧០ ឆ្នាំ មានចំណែកតែ ៥ ទៅ ២៦ ភាគរយប៉ុណ្ណោះ នៃយូនីតអាផាតមិនលក់បានសរុបក្នុងរយៈពេល ៧ ខែឆ្នាំ២០២១នេះ។​

ក្រុង Icheon ខេត្ត Gyeonggi ក៏មានប្រជាជនវ័យ ៣០ឆ្នាំ ទិញលំនៅឋានច្រើនជាងគេផងដែរ​ ដែលមានចំណែកដល់ទៅជិត ៣៣ ភាគរយ នៃយូនីតអាផាតមិនលក់បានសរុប ៣៣ ៥២៤ យូនីត ក្នុងរយៈពេល ៧ខែឆ្នាំ២០២១នេះ។

អ្នកជំនាញបាននិយាយថា ប្រជាជនវ័យក្មេងជាច្រើនបានស្នើកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីទិញលំនៅឋានក្នុងក្តីស្រមៃរបស់ពួកគេ  ដែលនិន្នការនេះនៅតែកើនឡើងបើទោះបីតម្លៃលំនៅឋាននៅក្នុងក្រុងសេអូល និងតំបន់ក្បែរៗនោះបន្តកើនឡើងក្តី ដោយបារម្ភថាតម្លៃលំនៅឋានអាចនឹងកើនហួសពីលទ្ធភាពរបស់ពួកគេ​ ប្រសិនរង់ចាំទិញនាពេលខាងមុខ។

លោក Park Won-kab អ្នកស្រាវជា្រវទីផ្សារអចលនទ្រព្យ មកពីធនាគារ KB Kookmin Bank បានបញ្ជាក់ថា យុវជនវ័យចន្លោះពី ២០​ ទៅ៣០ ឆ្នាំ ច្រើនឡើងបានរួសរាន់ទិញលំនៅឋានរបស់ពួកគេ ចាប់តាំងពីទីផ្សារលំនៅឋានក្នុងតំបន់អ្នកមាន Gangnam និងតំបន់ជាយក្រុង Gangbuk នៃក្រុងសេអូលបានបន្តកើនឡើងគួរឱ្យកត់សម្គាល់។

ទិន្នន័យពីធនាគារ KB Kookmin Bank បានបង្ហាញថា យូនីតអាផាតមិន ក្នុងក្រុងសេអូល មានតម្លៃជាមធ្យមប្រមាណជាង ៩០ ម៉ឺនដុល្លារ (ជាង​១ ពាន់លានវ៉ុន) ក្នុងមួយយូនីត៕​

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង