ខេត្តកំពង់ឆ្នាំង៖ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ កំពុងក្លាយជាទីតាំងដ៏លេចធ្លោមួយនៅខេត្តកំពង់ឆ្នាំងដែលមានគម្រោងទុនវិនិយោគរោងចក្រឧស្សាហកម្មកាន់តែច្រើនឡើង និងមានសកម្មភាពទីផ្សារដីធ្លីរស់រវើក។
ចាប់ពីខែមករា ដល់ថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ៥ គម្រោង ក្នុងខេត្តកំពង់ឆ្នាំង ដែលមានទុនវិនិយោគបូកបញ្ជូលគ្នាសរុបជាង ៥៣លានដុល្លារ និងអាចបង្កើតការងារបាន ៣ ៥៥១ កន្លែង។
ទិន្នន័យដដែលបានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង៥ មាន ៤គម្រោងបានបោះទីតាំងវិនិយោគក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។ ចំណែកមួយគម្រោងផ្សេងទៀត បោះទីតាំងវិនិយោគក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ គម្រោងវិនិយោគក្នុងឃុំសេដ្ឋី ផ្តោតលើរោងចក្រកាត់ដេសម្លៀកបំពាក់ កាបូប រោងចក្រផលិតធុងទឹកកក និងធុងជ័រ ខណៈដែលគម្រោងវិនិយោគក្នុងឃុំក្បាលទឹក គឺជាគម្រោងបង្កើតស្ថានីយ៍ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។
ឃុំសេដ្ឋី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ និងមានចំងាយប្រហែល ១០ គីឡូម៉ែត្រ ចេញពីផ្សារឧដុង្គ ខេត្តកំពង់ស្ពឺ។
លោកពៅ ចាន់រ៉ាវុធ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គម្រោងរោងចក្រឧស្សាហកម្មក្នុងឃុំសេដ្ឋី កំពុងបង្កើតឱ្យមានតម្រូវការទីតាំងដីសម្រាប់អាជីវកម្មដូចជាហាងបាយ ហ្ការ៉ាសាំង ដីសម្រាប់សាងសង់ផ្ទះជួល និងតម្រូវការសម្រាប់សាងសង់ផ្ទះល្វែងមួយចំនួនផងដែរ។
ឃុំសេដ្ឋី ស្ថិតក្នុងចំណោមឃុំចំនួន ៨ផ្សេងទៀត ក្នុងស្រុកសាមគ្គីមានជ័យ។ បើតាមលោក ចាន់រ៉ាវុធ ទីផ្សារដីធ្លីក្នុងស្រុកនេះមានតម្លៃចន្លោះពី ៤០ ទៅ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕