បណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន បែងចែកជាប៉ុន្មានប្រភេទ ហើយខុសគ្នាដូចម្តេចខ្លះ?

Bunthoeun Chhut 23/September/2021 17:42
ចែករំលែក

អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ (ខុនដូ, អគារការិយាល័យ, អគារផ្សារ) ត្រូវបាន បែងចែកជាពីរប្រភេទ ដែលក្រុមហ៊ុនអភិវឌ្ឍត្រូវជ្រើសរើសមុននឹង​អាចធ្វើ​ប្រតិបត្តិការលក់-ទិញបាន។​

យោងតាមប្រកាសស្តីពី «ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលវត្ថុ» ចុះហត្ថលេខាដោយឯកឧត្តម អូនព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីខែមករា ឆ្នាំ២០២០ អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន និងសហកម្មសិទ្ធិដែលចេញដោយក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្មចេញដោយមន្ទីរ មានការបែងចែកជាពីរប្រភេទ​ដូចខាងក្រោម៖

  • អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មប្រភេទ១ ផ្តល់ជូនអ្នកអភិវឌ្ឍណា ដែលសាងសង់គម្រោងចប់ជាស្ថាពរទើបប្រកាសលក់
  • អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២ ផ្តល់ជូនអ្នកអភិវឌ្ឍណា ដែលសាងសង់គម្រោងបណ្តើរ ប្រកាសលក់បណ្តើរ។ (សូមចុចលើលេខ ១ និងលេខ ២ ដើម្បីមើលពីឯកសារតម្រូវសម្រាប់ដាក់ពាក្យអាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាននីមួយៗ)

បទបញ្ញាតិនៃប្រកាសដដែលបានបញ្ជាក់ថា អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មមួយ ត្រូវបានផ្តល់ជូនសម្រាប់ទីតាំងអភិវឌ្ឍតែមួយកន្លែងប៉ុណ្ណោះ។ ចំពោះករណី គម្រោងលំនៅឋាន ឬអគារសហកម្មសិទ្ធិតែមួយហើយបែងចែងជាច្រើនដំណាក់កាល ដូច្នេះអាជ្ញាបណ្ណត្រូវបានផ្តល់សម្រាប់ដំណាក់កាលនីមួយៗនៃគម្រោងអភិវឌ្ឍនោះ។

ប្រកាសស្តីពី «ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលវត្ថុ» ក៏បានកំណត់លក្ខណ្ឌតម្រូវមួយចំនួនផងដែរទាក់ទងនឹងកិច្ចសន្យាលក់-ទិញ។ ចំពោះអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មប្រភេទ១ អាចដំណើរការប្រតិបត្តិការលក់-ទិញបាន លុះត្រាតែអ្នកអភិវឌ្ឍនោះបានបញ្ចប់គម្រោងសាងសង់ជាស្ថាពរដោយមានលិខិតបិទការដ្ឋាន លិខិតបញ្ជាក់ពីគុណភាពសំណង់ និង/ឬមានការវាយតម្លៃពីមន្រ្តីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរជាមុន។

ចំណែកឯ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២វិញ អាចដំណើរការលក់បាន លុះត្រាតែមានលិខិតអនុញ្ញាតសាងសង់ និង/ឬលិខិតបើកការដ្ឋានសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណី ដែលមានមិនទាន់មានលិខិតអនុញ្ញាតសាងសង់ និង/ឬលិខិតបើការដ្ឋានសាងសង់ អ្នកអភិវឌ្ឍនមានសិទ្ធិទទួលប្រាក់កក់ដំបូងតែ១ភាគរយ នៃតម្លៃលក់ប៉ុណ្ណោះ។ ប្រាក់កក់ដំបូងនេះ ត្រូវរក្សាទុកនៅក្នុងគណនីអភិវឌ្ឍអចលវត្ថុ និងមិនអនុញ្ញាតឱ្យដកយកទៅប្រើប្រាស់ទេ លុះត្រាតែទទួលបានលិខិតអនុញ្ញាតសាងសង់ និងលិខិតបើការដ្ឋានសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំពោះគម្រោងដែលក្រសួង ឬអាជ្ញាធរមិនផ្តល់លិខិតអនុញ្ញាតសាងសង់ និង/ឬលិខិតបើកការដ្ឋានសាងសង់ជូន ដូច្នេះប្រាក់កក់ដំបូងនេះត្រូវបានប្រគល់ជូនទៅអ្នកទិញវិញជាកំហិត។

ទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងអំឡុងពេល​ពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៨ ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានដែលទទួលបានអាជ្ញាបណ្ណ​មានចំនួន ២៦០ ក្រុមហ៊ុន​៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

housing license developments
ពាក្យទាក់ទង