ហាងឆេងដីក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងមានតម្លៃទាបជាងឆ្ងាយនៅឡើយធៀបនឹងក្រុងច្បារមនខេត្តកំពង់ស្ពឺ ដោយទិន្នន័យបង្ហាញថាតម្លៃដីដាក់លក់ខ្ពស់បំផុតក្នុងក្រុងកំពង់ឆ្នាំង ស្មើនឹងតម្លៃទាបបំផុតក្នុងក្រុងច្បារមន។ នេះបើតាមក្រុមហ៊ុន Century 21 Zillion Holding ដែលជាក្រុមហ៊ុនឯកទេសខាងទិញ លក់ និងជួលដីធ្លី។
ខេត្តទាំងពីរមានព្រំប្រទល់ជាប់គ្នា តែជាតំបន់សម្រាប់ការចរាចរណ៍ទិសដៅផ្សេងគ្នាដោយសារក្រុងច្បារមនជាតំបន់ឆ្លងកាត់ពីភ្នំពេញទៅខេត្តភាគខាងលិច ខណៈកំពង់ឆ្នាំង ជាតំបន់ឆ្លងកាត់ពីភ្នំពេញទៅខេត្តភាគពាយ័ព្យ។
យោងតាមទិន្នន័យដីធ្លីសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ឆ្នាំង បានបង្ហាញថា ក្រុងកំពង់ឆ្នាំងមានតម្លៃដីដាក់លក់ជាមធ្យមចន្លោះពី ១៥០ ទៅ ៧០០ ក្នុងមួយម៉ែតការ៉េ។ ហាងឆេងដីនៅក្រុងច្បារមនខេត្តកំពង់ស្ពឺវិញ មានតម្លៃដីដាក់លក់ជាមធ្យមចន្លោះពី ៧០០ ទៅ ២ ៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
តាមរយៈទិន្នន័យនេះ តម្លៃដីទាបបំផុតក្នុងក្រុងច្បារមននាពេលបច្ចុប្បន្ន មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃដីខ្ពស់បំផុតក្នុងក្រុងកំពង់ឆ្នាំង។
ក្រុងច្បារមនខេត្តកំពង់ស្ពឺ ជាតំបន់ពាណិជ្ជកម្ម និងមានរោងចក្រឧស្សាហកម្មច្រើន និងជាតំបន់កណ្តាលរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលជាតំបន់កំពង់ផែអន្តរជាតិ។
ក្រុងកំពង់ឆ្នាំងក៏ជាតំបន់សក្តានុពលសម្រាប់ការឆ្លងកាត់មួយដ៏សំខាន់ពីភ្នំពេញទៅខេត្តធំៗដូចជាបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ដែលមានសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍កំពុងរីកចម្រើន ហើយទីផ្សារដីធ្លីដ៏កំពុងមានភាពអំណោយផលផងដែរ៕