ឃុំ២ ក្នុងខេត្តកណ្តាលទទួលប្រយោជន៍ខ្លាំងជាងគេពីគម្រោងពហុកីឡាដ្ឋានថ្មី

Bunthoeun Chhut 21/September/2021 18:32
ចែករំលែក

ខេត្តកណ្តាល៖  ឃុំចំនួនពីរ ស្ថិតក្នុងស្រុកពីរផ្សេងគ្នាក្នុងខេត្តកណ្តាល បានទទួល​ប្រយោជន៍ទីផ្សារ​ដីធ្លីខ្លាំង​​ជាងគេពី​ការអភិវឌ្ឍពហុកីឡាដ្ឋាន​មរតកតេជោ។

លោក ស៊ូ ប៊ុនសុង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកណ្តាល បានឱ្យដឹងថា ឃុំកំពង់អុស ស្ថិតក្នុងស្រុកពញ្ញាឮ និងឃុំព្រែកដំបង ក្នុងស្រុកមុខកំពូល ជាទីតាំងដែលនៅជិតជាងគេ ចេញពីពហុកីឡាដ្ឋានមរតកតោជោ ដែលទើបសាងសង់រួចរាល់កាលពីពេលថ្មីៗនេះ ។

បើតាមលោក ប៊ុនសុង ឃុំទាំងពីរនេះទទួលបានការវិនិយោគដីធ្លីផុសផុសជាងគេពីអ្នកវិនិយោគក្នុងស្រុក ដែលមានទាំងការទិញ​ទុកលក់​ចំណេញ ធ្វើជាកន្លែងប្រកបអាជីវកម្ម និងអភិវឌ្ឍន៍លំនៅដ្ឋាន។

លោកបញ្ជាក់ថា ឃុំកំពង់អុស មានកំណើនដីធ្លីគួរឱ្យកត់សម្គាល់រយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារមានហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ក្នុងការតភ្ជាប់ទៅតំបន់ពហុកីឡាដ្ឋានថ្មី។ កាលពីឆ្នាំ២០១៩ ទីតាំងដីក្នុងឃុំនេះមានតម្លៃដាក់លក់​ជាមធ្យម​ ១៥០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ហើយ​បានកើនដល់ ២៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នាពេល​បច្ចុប្បន្ន។

ចំណែកឯ ឃុំព្រែកដំបងវិញ មិនទាន់មានការអភិវឌ្ឍផ្លូវថ្នល់គ្រប់គ្រាន់ក្នុងការតភ្ជាប់ទៅ​តំបន់ពហុកីឡដ្ឋានថ្មីនៅឡើយទេ ថែមទាំង​​ជាតំបន់ទំនាបងាយលិចទឹក ដែលធ្វើតម្លៃដីក្នុងឃុំនេះមានតម្លៃធូរនៅឡើយ។ ​បច្ចុប្បន្នដីធ្លីតំបន់នេះ មានតម្លៃដាក់លក់ចន្លោះពី ៤០ ទៅ ៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំងដីនៅជាប់នឹងផ្លូវធំ។ តម្លៃនេះបានកើនពី ២០ ដុល្លារក្នុងមួយម៉ែត្រការក្នុងឆ្នាំ២០១៩។

យ៉ាងណាមិញ លោក ប៊ុនសុង មើលឃើញថា ទីតាំងដីក្នុងឃុំព្រែកដំបងនឹងហក់ឡើងខ្ពស់ នៅពេលដែលមានហេដ្ឋា​រចនាសម្ព័ន្ធគ្រប់គ្រាន់តភ្ជាប់នឹងតំបន់ពហុកីឡាដ្ឋានថ្មីនេះ។

យោងតាមអនុក្រឹត្យស្តីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែ​ធ្នូ ឆ្នាំ ២០១៥ បានឱ្យដឹងថា ព្រំដែនរាជធានីភ្នំពេញ អាចនឹងពង្រីកនៅក្នុងរង្វង់ទំហំ ៣០ គីឡូម៉ែត្រជុំវិញដោយគិតពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ។ ឯកសារដដែល បានបញ្ជាក់ថា នៅពេលដែលមានការពង្រីកក្រុង ពេលនោះទីក្រុងភ្នំពេញនឹងត្រូវគ្របដណ្តប់លើផ្ទៃដីខាងជើងស្ទើរតែទាំងអស់នៃខេត្តកណ្តាល៕

អត្ថបទទាក់ទង៖ ទីតាំង៣កន្លែងក្នុងខេត្តកណ្តាល ដែលអ្នកវិនិយោគដីធ្លីមិនគួរមើលរំលង

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង