អតិផរណាជាការកើនឡើងនៃកម្រិតថ្លៃជាទូទៅរបស់ទំនិញ និងសេវាក្នុងប្រទេស ឬតំបន់ ក្នុងរយៈជាក់លាក់ណាមួយ។ នេះបើតាមគណៈកម្មការវិទ្យាសាស្រ្តសេដ្ឋកិច្ច នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅពេលអតិផរណាមានកំណើនចន្លោះពី ៥ ទៅ១០ ភាគរយ គេចាត់ទុកថាជាកំណើនខ្ពស់ ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដោយសារទំនិញ និងសេវាកម្មឡើងថ្លៃខ្ពស់។
របាយការណ៍ឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ត្រឹមខែមិថុនាឆ្នាំ២០២១ អតិផរណាឋិតក្នុងកម្រិតមធ្យម ២,៥ ភាគរយ។ ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា អតិផរណានៅកម្ពុជាពេញមួយឆ្នាំ២០២១នេះ នឹងឋិតក្នុងកម្រិត ២,៦ ភាគរយ។
យោតាមទស្សនាវដ្តី The Entrepreneur មានអាថ៌កំបាំងមួយចំនួន ដែលមនុស្សភាគច្រើនមិនបានដឹងពីបម្រែបម្រួលអតិផរណា៖
1- ការវិនិយោគអចលនទ្រព្យជួយទប់ទល់ផលប៉ះពាល់ពីអតិផរណា
អចលនទ្រព្យ ត្រូវបានចាត់ទុកជាទ្រព្យដែលអាចជួយទប់ទល់នឹងកំណើនអតិផរណា។ ប្រសិនបើបច្ចុប្បន្ន អ្នកកំពុងមានអចលនទ្រព្យក្នុងដៃដោយប្រើប្រាស់កម្ចីពីធនាគារតាមរយៈការបង់ត្រលប់ថេរ នោះឥទ្ធិពលនៃកំណើនអតិផរណាក៏មិនបង្ករផលប៉ះពាល់អាក្រក់ដល់ការវិនិយោគនេះដែរ។ កំណើនអតិផរណា មានន័យថា តម្លៃផ្ទះអាចកើនឡើង ស្របពេលជាមួយគ្នា ការសងត្រលប់ទៅធនាគារវិញគឺនៅតែរក្សាក្នុងទំហំទឹកប្រាក់ដដែល។
ចំពោះអ្នកដែលមានអចលនទ្រព្យដាក់ជួល អាចតម្លើងថ្លៃឈ្នួល ស្របតាមកំណើនអតិផរណា ហើយចំណូលដែលបានមកពីការតម្លើងថ្លៃជួលនេះ ក៏ជាការរួមចំណែកដល់លោកអ្នកក្នុងការការពារអំណាចទិញរបស់អ្នកផងដែរ (purchasing power)។
2- ប្រេងឡើងថ្លៃជាសូចនាករកំណើនអតិផរណា?
អតិផរណាត្រូវបានប្រើប្រាស់ដើម្បីវាស់វែងពីកម្រិតនៃការប្រែប្រួលតម្លៃទំនិញ និងសេវាកម្ម ប្រើប្រាស់សំខាន់ប្រចាំថ្ងៃ។ តម្រូវកាចាំបាច់នោះគឺគេមើលទៅលើការចំណាយប្រចាំថ្ងៃរបស់មនុស្សដូចជាទីជម្រកជាផ្ទះសំបែង និងការធ្វើដំណើរជាដើម។ ឧបមាថា ក្នុងចំណោមទំនិញចាំបាច់ មានតែតម្លៃប្រេងប៉ុណ្ណោះកើនឡើងក្នុងឆ្នាំ២០២១ ចំណែកឯមុខទំនិញផ្សេងៗទៀតរក្សាតម្លៃដដែល ដូច្នេះក្នុងករណីនេះ អតិផរណាអាចរក្សាបានអត្រាកំណើនទាប។
3- អតិផរណាខ្ពស់ ខ្ចីលុយពីធនាគារក៏មានការប្រាក់ខ្ពស់ដែរ
អត្រាអតិផរណា និងអត្រាការប្រាក់ មិនដូចគ្នាទេ។ អត្រាការប្រាក់ជាអត្រាជាក់លាក់មួយដែលគិតថ្លៃចំពោះការបប្រើប្រាស់សេវាកម្ម ជាពិសេសការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ឧទាហរណ៍ ប្រសិនបើអ្នកខ្ចីលុយពីធនាគារ នោះអ្នកត្រូវចំណាយលើការបង់ការប្រាក់ប្រហែល១០ភាគរយ ក្នុងមួយឆ្នាំ។ អត្រាអតិផរណាវិញ គឹវាស់វែងដើម្បីដឹងថាតម្លៃទំនិញ ឬសេវាកម្មនោះកើនឡើងកម្រិតណា។
ជាការពិត អតិផរណាឡើងខ្ពស់ ជាកត្តាជំរុញឱ្យអត្រាការប្រាក់កើនឡើងផងដែរ។ ដូច្នេះបើអតិផរណាទាប នោះអត្រាការប្រាក់ក៏ទាបតាមហ្នឹងដែរ។ ជាក់ស្តែង ក្នុងអំឡុងអតិផរណាមានអត្រាកំណើនខ្ពស់ ធនាគារកណ្តាលអាមេរិកបានបង្កើនអត្រាការប្រាក់គោល ដែលកត្តានេះបានធ្វើឱ្យអ្នកខ្ចីលុយមានកំណើនតិចតួច ព្រោះការសងត្រលប់មានអត្រាខ្ពស់។ ផ្ទុយទៅវិញ នៅពេលដែលអតិផរណាមានកម្រិតទាប ដូច្នេះអត្រាការប្រាក់គោលក៌ឋិតក្នុងកម្រិតទាប ដែលជាកត្តាទាក់ទាញ និងជំរុញឱ្យមានការវិនិយោគ និងការចំណាយរបស់ប្រជាជន៕