ស្រុកសំខាន់ៗចំនួន ៣ ក្នុងខេត្តពោធិ៍សាត់ ដែលជាទីតាំងទាក់ទាញលើគម្រោងវិនិយោគរោងចក្រឧស្សាហកម្ម បានបង្ហាញពីតម្លៃដីធ្លីប្រហាក់ប្រហែលគ្នា ដែលទីតាំងដីក្នុងស្រុកទាំងបីនេះមានតម្លៃខ្ពស់បំផុត៣៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកប៊ឹក ពោធិ៍ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចំាខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្រុកបាកាន, ភ្នំក្រវាញ និងស្រុកក្រគរ មានតម្លៃដីដាក់លក់ប្រហាក់ប្រហែលគ្នា ចន្លោះពី២៥ ដុល្លារ ទៅ៣៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នាពេលបច្ចុប្បន្ន។ បើធៀបនឹងឆ្នាំមុន ទីតាំងដីក្នុងស្រុកទាំងបីនេះមានតម្លៃដាក់លក់តែ១៥ ដុល្លារ ទៅ ៣០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
បើតាមលោក ប៊ឹក ពោធិ៍ តម្លៃដីនេះគឺផ្តោតតែលើទីតាំងដីដែលឋិតនៅតាមតំបន់ប្រជុំជននៃទីរួមស្រុក និងទីតាំងដីមានចំងាយប្រហែល ៥ គីឡូម៉ែត្រចេញពីទីរួមស្រុកនីមួយៗ។ ស្រុកភ្នំក្រវាញឆ្លងកាត់ផ្លូវជាតិលេខ ៥៥ ដែលតភ្ជាប់ជាមួយច្រកព្រំដែនថ្មថា រវាងកម្ពុជា និងប្រទេសថៃ។ ចំណែកស្រុកបាកាន និងស្រុកក្រគរ ឆ្លងកាត់ផ្លូវជាតិលេខ ៥ ជាផ្លូវអាស៊ានហាយវេលេខ១ ដែលអាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា។
ក្នុងចំណោមស្រុកទាំងបីនេះ ស្រុកក្រគរ មានការវិនិយោគច្រើនជាងគេលើរោងចក្រឧស្សាហកម្ម។ ជាក់ស្តែង ពីឆ្នាំ២០២០ ដល់ដំណាច់ខែសីហា ឆ្នាំ២០២១ មានគម្រោងធំៗចំនួន៥ ទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបោះទុនវិនិយោគក្នុងខេត្តពោធិ៍សាត់។ ក្នុងចំណោមនោះ មាន៤គម្រោង បោះទីតាំងវិនិយោគក្នុងស្រុកក្រគរ និងមួយផ្សេងទៀតស្ថិតក្នុងស្រុកវាលវែង។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្ត Ford កាលពីថ្មីៗនេះក៏បានបង្ហាញគម្រោងរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ក្នុងស្រុកក្រគរផងដែរ ដោយគ្រោងចំណាយទុនវិនិយោគ ២១ លានដុល្លារ។ (អានបន្ថែម)
ស្រុកទាំងបីខាងលើ ស្ថិតក្នុងចំណោមស្រុកបីផ្សេងទៀតក្នុងខេត្តពោធិ៍សាត់គឺស្រុកតាលោសែនជ័យ កណ្តៀង និងស្រុកវាលវែង។ ស្រុកតាលោសែនជ័យ មានតម្លៃដីទាបជាងគេ ដែលទីតាំងដីទីឋិតក្នុងតំបន់ប្រជុំជនក្នុងស្រុកនេះមានតម្លៃចន្លោះពី ១៥ ទៅ ២៥០ ដុល្លារក្នុងម៉ែត្រការ៉េ៕