តើយើងអាចទាញប្រយោជន៍ពីការចំណាយដ៏ធំនេះតាមមធ្យោបាយណា?

Bunthoeun Chhut 16/September/2021 18:37
ចែករំលែក

រដ្ឋាភិបាលកម្ពុជាបានចំណាយថវិការដល់ទៅជាង​ ៨០ ភាគរយ​នៃ​ទឹកប្រាក់កម្ចីសរុប​ពីបរទេស និង​ដៃគូអភិវឌ្ឍន៍ ក្នុងរយៈពេល ៣០ ឆ្នាំមក​នេះ ក្នុងគោលដៅ​កសាង​​ផ្លូវ ស្ពាន កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធនានា​ដើម្បី​ពន្លឿនកំណើនសេដ្ឋកិច្ច​។

ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនេះ​ បានជួយ​បង្កើនសក្តានុពល​វិស័យអចលនទ្រព្យ  ហើយកត្តានេះបានធ្វើឲ្យ​​អ្នកវិនិយោគអចលនទ្រព្យជាច្រើនអាច​​ទាញប្រយោជន៍ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល​ក្នុងការបង្កើនទ្រព្យសម្បត្តិ​​។​

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាក់ទងនឹងស្ថានភាពបំណុលសាធារណៈកម្ពុជា  ចេញផ្សាយថ្មីៗនេះ បានឱ្យដឹងថា រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានា សរុប​ ១៤,៨៤ ពាន់​លានដុល្លារអាមេរិក ក្នុងរយៈពេលជិត៣០ ឆ្នាំចុងក្រោយនេះ ចាប់ពីឆ្នាំ១៩៩៣ មកដល់ដំណាច់ឆមាសទី១ ឆ្នាំ២០២១។

ក្នុងចំណោមទឹកប្រាក់សរុបនោះ រដ្ឋាភិបាលបានចំណាយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ៨៤ ភាគរយ (ឬស្មើនឹងទឹកប្រាក់ប្រមាណ​ ១២,៤ ពាន់​លានដុល្លារ) និង១៦ភាគរយ ផ្តោតលើវិស័យអាទិភាពចំពោះមុខ​ផ្សេងទៀត។​

បើតាមរបាយការណ៍ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដូចជា ផ្លូវថ្នល់ ស្ពាន ផ្លូវដែក កំពង់ផែ អាកាសយាន្តដ្ឋាន ប្រព័ន្ធធារាសាស្រ្ត អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត និងស្ថានីយសម្អាតទឹកកខ្វក់ជាដើម។ ចំណែកឯវិស័យអាទិភាព គឺសំដៅលើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ទេសចរណ៍ អប់រំ សេវាសាធារណៈ សុខាភិបាល កសិកម្ម និងការគ្រប់គ្រងដីធ្លីជាដើម។

ប្រភពដដែលបានបញ្ជាក់ថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២១ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ៩,១២ ពាន់លានដុល្លារអាមេរិក ដែលសុទ្ធតែជាបំណុលសាធារណៈក្រៅប្រទេស ខណៈដែលបំណុលសាធារណៈក្នុងប្រទេស ត្រូវបានទូទាត់បញ្ចប់កាលពីខែកុម្ភៈ ឆ្នាំ​២០២០ មកម្លេះ។ (ចុចទីនេះអានលម្អិតពីស្ថានភាពបំណុលសាធារណៈកម្ពុជា)

អ្នកជំនាញអលនទ្រព្យបានបញ្ជាក់ថា ហេដ្ឋារចសម្ព័ន្ធជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច ហើយការអភិវឌ្ឍនេះក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការកំណត់តម្លៃអចលនទ្រព្យ នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានអភិវឌ្ឍន៍នៅតំបន់នោះ។​

លោកឧកញ៉ា​ កាង សុធី នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Land Station ធ្លាប់បានបញ្ជាក់ថា ការអភិវឌ្ឍគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗរបស់រដ្ឋាភិបាលដូចជាគម្រោងអាកាសយាន្តដ្ឋានអន្តរជាតិ​ថ្មី ផ្លូវល្បឿនលឿន និងគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម​ ត្រូវបានចាត់ទុកថាជាគម្រោងខ្នាតធំ ហើយតែងមានឥទ្ធិពលល្អដល់ទីផ្សារអចលនទ្រព្យ។​

លោកឧកញ៉ា​ កាង សុធី បញ្ជាក់ថា​ តាមបទ​ពិសោធន៍ និងការអង្កេតជាក់ស្តែង កន្លងមកបានបង្ហាញ​ថា ទីតាំងដីនៅជុំវិញគម្រោងអភិឌ្ឍន៍ធំៗទាំងនេះអាចមានតម្លៃ​កើនឡើងជាមធ្យមចន្លោះពី ២០ ទៅ ៣០ ភាគរយក្នុងមួយឆ្នាំៗ ព្រោះបន្ទាប់ពីមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួចរាល់ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ឬការសាងសង់ឃ្លាំង នឹងចាប់ផ្តើមវិនិយោគនៅតំបន់ក្បែរគម្រោងធំៗទាំងនោះ ហេតុដូច្នេះហើយតម្លៃដីនឹងកើនឡើងមួយកម្រិតទៀត៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង