ក្រុមហ៊ុន Amazon របស់កំពូលមហាសេដ្ឋីលើពិភពលោក គឺលោក Jeff Bezos បានប្រកាសពីការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លូន ដោយគ្រោងបង្កើតឃ្លាំង និងមជ្ឈមណ្ឌលចែកចាយទំនិញរាប់រយកន្លែង ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការអ្នកទិញ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Wall Street Journal កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំលើពិភពលោកមួយនេះ នឹងបើកដំណើការឃ្លាំងស្តុក និងមជ្ឈមណ្ឌលចែកចាយទំនិញដល់ទៅ ១០០ កន្លែង ដែលបង្កើតកម្លាំងពលកម្មថ្មី ១២៥ ០០០ នាក់ បន្ថែមទៀតនៅត្រឹមខែកញ្ញានេះ។
[លោកJeff Bezos ចាប់ផ្តើមចាក់ទុនវិនិយោគអចលនទ្រព្យបន្ទាប់ពីក្រុមហ៊ុន Amazon ឡើងផ្សារហ៊ុន]
ការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Amazon បានបង្កើតឱ្យមានតម្រូវការដ៏សំខាន់នៅក្នុងចំណែកទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅអាមេរិក។ កាលពីពីរសប្តាហ៍មុន ក្រុមហ៊ុននេះបានចំណាយទឹកប្រាក់ប្រមាណជាង ៨៤ លានដុល្លារដើម្បីទិញដីមួយកន្លែងមានទំហំជាង ៥សែន ៣ម៉ឺនការ៉េ (ឬប្រហែល 133 acres) ស្ថិតក្នុងក្រុង Sunrise រដ្ឋ Florida។ ទីតាំងដីនេះ ស្ថិតក្នុងចំណោមទីតាំងឃ្លាំង និងមជ្ឈមណ្ឌលចែកចាយចំនួន ៤ឬ៥កន្លែងផ្សេងទៀតក្នុងរដ្ឋនេះ ដែលខ្លះកំពុងសាងសង់ និងខ្លះទៀតកំពុងដំណើរការ។ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន Amazon បានជួលទីតាំងអគារមួយកន្លែងមានទំហំជាង ២សែន ៧ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅភាគខាងត្បូងរដ្ឋ Florida។
ក្រៅពីរដ្ឋFlorida ក្រុមហ៊ុន Amazon ក៏បានបន្ថែមការជួលទីតាំងអគារមួយកន្លែងផ្សេងទៀតមានទំហំជិត ២ម៉ឺនម៉ែត្រការ៉េ កាលពីខែសីហា ឆ្នាំ២០២១ ស្ថិតក្នុងតំបន់ប្រជុំជន Moorpark នៃភាគខាងត្បូងរដ្ឋ California ដើម្បីបង្កើនល្បឿនចែកចាយទំនិញដល់ដៃអតិនថិជនឱ្យបានឆាប់រហ័ស។
គិតមកទល់បច្ចុប្បន្នក្រុមហ៊ុន Amazon បានបង្កើតការងារជាង ៩៥០ ០០០ នាក់ នៅសហរដ្ឋអាមរិក ហើយប្រាក់ឈ្មួលក្នុងម្នាក់ទទួលបានជាមធ្យមចន្លោះពី ១៥ ទៅ ២២,៥០ ដុល្លារក្នុងមួយម៉ោង ទៅតាមតំបន់ដែលក្រុមហ៊ុននេះកំពុងប្រតិបតិ្តការ។ ក្រុមហ៊ុនAmazon បានបង្កើនទីតាំងឃ្លាំងស្តុកទំនិញជាបន្តបន្ទាប់ ដោយសារជំងឺកូវីដ-១៩ បានជំរុញឱ្យមានតម្រូវការទិញតាមឡានយ៉ាងច្រើនសន្ធឹកសន្ធាប់។ បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងដំណើរការឃ្លាំង និងមជ្ឈមណ្ឌលចែកចាយជាង ៩៣០ កន្លែងនៅទូទាំងសហរដ្ឋអាមេរិក៕