ការប្រើប្រាស់កម្ចី មិនមែនជាអន្ទាក់បំណុលនោះទេ ប្រសិនបើយើងប្រើប្រាស់ឲ្យបានត្រឹមត្រូវ។ ការប្រើចំគោលដៅ នឹងជួយបង្កើនទ្រព្យសម្បត្តិ។ ខាងក្រោមនេះ ជាវីធីសាស្រ្តសំខាន់ៗ ដែលគេប្រើប្រាស់កម្ចី ដើម្បីបង្កើតប្រាក់ចំណេញ៖
1- ប្រើកម្ចីទិញលំនៅឋានចាស់ៗ ជួសជុល ហើយដាក់លក់ឬជួល
វិធីសាស្រ្តពេញនិយមដែលគេតែងប្រើប្រាស់ដើម្បីវិនិយោគប្រភេទអលនទ្រព្យលំនៅដ្ឋាន គឺការទិញផ្ទះ ឬអាផាតមិនដែលមានតម្លៃក្រោមទីផ្សារ យកមកជួសជុល និងរៀបចំតុបតែងឡើងវិញ ដើម្បីដាក់លក់ ឬជួលវិញក្នុងតម្លៃខ្ពស់។ ប្រសិនបើមានអចលនទ្រព្យដែលអាចប្រើក្នុងគោលដៅបែបនេះ ហើយមានទីតាំងសក្តានុពលទៀតនោះ ការវិនិយោគបែបនេះជាជម្រើសល្អ ហើយការទទួលកម្ចីដើម្បីដោះស្រាយបញ្ហាកង្វះដើមទុន នឹងក្លាយជាវិធីត្រឹមត្រូវដើម្បីការរីកចម្រើន។
2- ពង្រីកអាជីវកម្ម
ប្រសិនបើអ្នកកំពុងមានអាជីវកម្មខ្នាតតូចមួយក្នុងដៃ អ្នកប្រាកដជាយល់ច្បាស់ពីតម្រូវការកម្ចីដើម្បីពង្រីកប្រតិបត្តិការ។ មានយុទ្ធសាស្រ្តអាជីវកម្មជាច្រើនដើម្បីពង្រីកទំហំប្រតិបត្តិការ និងដើម្បីចាប់យកចំណែកទីផ្សារកាន់តែធំ ដែលសុទ្ធសឹងត្រូវការដើមទុនធំជាងមុនដើម្បីអនុវត្តន៍បាន។ ដូច្នេះ ក្នុងករណីអាជីវកម្មនោះចាំបាច់ត្រូវការសាច់ប្រាក់ក្នុងការពង្រីកអាជីវកម្ម កម្ចីដែលមានការប្រាក់ និងលក្ខណ្ឌសមរម្យអាចជួយបង្កើនទ្រព្យសម្បត្តិរបស់អ្នកប្រើកម្ចី។
3- ទិញផលិតផល លោហធាតុមានតម្លៃ
វិធីសាស្រ្តនេះអាចមិនសូវពេញនិយមនៅកម្ពុជា តែវាគឺជាវិធីសាស្រ្តដែលគេប្រើប្រាស់ញឹកញាប់នៅប្រទេសអភិវឌ្ឍន៍។ លោហធាតុមានតម្លៃដូចជាមាស និងប្រាក់ ជាឧបករណ៍វិនិយោគដែលមានសុវត្ថិភាពបំផុត។ ពេលស្ថានភាពសេដ្ឋកិច្ចមិនសូវអំណោយផល តម្រូវការ និងតម្លៃផលិតផលបែបនេះ នឹងរឹតតែកើនឡើងថែមទៀត។
ជាឧទាហរណ៍ កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០២០ តម្លៃមាសបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ដោយសារភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ច ខណៈដែលផ្សារហ៊ុនបានដាំក្បាលចុះ។ កត្តានេះបង្ហាញថា មាស ឬប្រាក់ ត្រូវបានចាត់ទុកជាការវិនិយោគដ៏មានសុវត្ថិភាព ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះ។ ដូច្នេះ វិធីសាស្រ្តក្នុងវិនិយោគលើទំនិញបែបនេះ គឺទិញនៅពេលដែលទីផ្សារមិនសូវមានតម្រូវការខ្លាំង ហើយលក់ចេញនៅពេលទីផ្សារមានកំណើនល្អឡើងវិញ។
4- ទិញរូបិយប័ណ្ណឌីជីថល
នៅពេលដែលនិយាយពីរូបិយប័ណ្ណឌីជីថល គេតែងសំដៅលើ Bitcoin។ ប៉ុន្តែរូបិយប័ណ្ណឌីជីថលអាចមានច្រើនជាងនេះដូចជា រូបិយប័ណ្ណ Binance, Ethereum និងរូបិយប័ណ្ណ Dogecoin។ ការវិនិយោគលើរូបិយប័ណ្ណឌីជីថល ក៏កំពុងក្លាយឧបរករណ៍ដ៏ទាក់ទាញនៅលើទីផ្សារសកល ក្នុងការបង្កើតប្រាក់ចំណេញដល់អ្នកវិនិយោគផងដែរ។ គិតត្រឹមសប្តាហ៍នេះ ហាងឆេង Bitcoin រក្សាបានក្នុងតម្លៃ ៥ម៉ឺន២ពាន់ដុល្លារ ក្នុងមួយ Bitcoin ហើយតម្លៃរំពឺងថានឹងហក់ដល់ ១០ម៉ឺនដុល្លារក្នុងមួយ Bitcoin នៅត្រឹមដំណាច់ឆ្នាំនេះ។
វិធីសាស្រ្តវិនិយោគលើរូបិយប័ណ្ណឌីជីថល ក៏មិនខុសពីការវិនិយោគអលនទ្រព្យ និងមាសនោះទេ ពោលគឺការទិញចូលក្នុងតម្លៃទាប ហើយលក់ចេញខ្ពស់។ ប្រសិនបើអ្នកមានជំនាញលើការវិនិយោគផ្សារហ៊ុន ហើយអាចព្យាការណ៍ ពីការវិវត្តភូមិសាស្រ្តនយោបាយ ដែលមានឥទ្ធិពលដល់សេដ្ឋកិច្ច នោះមានន័យថាអ្នកក៏អាចប្រើជំនាញនេះដើម្បីវិនិយោគរូបិយប័ណ្ណឌីជីថលដ៏មានប្រសិទ្ធិភាពផងដែរ។
5- ប្រើទុនពង្រឹងចំណេះជំនាញ
ការវិនិយោគចំណេះ និងជំនាញ គឺជាការវិនិយោគដ៏មានតម្លៃបំផុតមួយ ព្រោះទីផ្សារការងារតែងមានការប្រកួតប្រជែងខ្ពស់ ដូច្នេះការបន្តអភិវឌ្ឍន៍ចំណេះ និងជំនាញ ឱ្យកាន់តែមុតស្រួចជារឿងចាំបាច់។ ការប្រើកម្ចី ដើម្បីរៀនពីជំនាញថ្មីៗ ស្តាប់មើលទៅហាក់ដូចជាមិនសូវចាប់អារម្មណ៍ប៉ុន្មានទេ តែការធ្វើបែបនេះ ជាបង្កើតឱកាសដ៏ធំមួយក្នុងការទទួលបានប្រាក់ខែកាន់តែខ្ពស់ ឬការទទួលបានមុខដំណែងខ្ពស់នាពេលអនាគត។ នេះក៏ចាត់ទុកជាការវិនិយោគដ៏ល្អផងដែរ ជាពិសេសសម្រាប់បុគ្គលិកដែលកំពុងបម្រើការតាមស្ថាប័នឯកជន៕
អត្ថបទប្រែសម្រួលពី The Entrepreneur