កាតព្វកិច្ចពន្ធ២ប្រភេទ ដែលមានឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យអាចត្រូវបានអនុវត្តន៍ឆាប់ៗ

Bunthoeun Chhut 14/September/2021 18:33
ចែករំលែក

កាតព្វកិច្ចពន្ធពីរប្រភេទក្នុងវិស័យ​អចលនទ្រព្យ​​នឹងអាច​ចាប់ផ្តើមអនុវត្តន៍ឡើងវិញ​នៅចុងឆ្នាំនេះ និងដើមឆ្នាំ២០២២ ប្រសិនបើមិនមានការប្រកាសលើកលែង ឬពន្យាពេលអនុវត្ត​ន៍​សារជាថ្មី​ពីរដ្ឋាភិបាលទេនោះ។

កតព្វកិច្ចពន្ធទាំងពីរគឺ ពន្ធប្រថាប់​ត្រា​ចំពោះអចលនទ្រព្យលំនៅឋាន​ដែលមានតម្លៃស្មើ ឬ​ក្រោម ៧ម៉ឺន​ដុល្លារ និង​​ ពន្ធលើចំណេញមូលធន ដែល​​គ្រោងអនុវត្តន៍​ចាប់ពីថ្ងៃទី ១មករាឆ្នាំ២០២១ ប៉ុន្តែត្រូវពន្យាពេលដោយសារ​ឥទ្ធិពលវិបត្តិកូវីដ-១៩។

ប្រសិនបើមិនការប្រែប្រួលទេ​នោះ ឬ មិនមានការប្រកាសជាថ្មីពីរដ្ឋាភិបាលទេនោះ កាតព្វកិច្ចពន្ធប្រថាប់ត្រាសម្រាប់​អចលនទ្រព្យលំនៅឋា​ន​តម្លៃស្មើ ឬ​ក្រោម ៧ម៉ឺន​ដុល្លារនឹងត្រូវអនុវត្តន៍ឡើងវិញនៅចាប់ពីខែធ្នូឆ្នាំ ២០២១ នេះទៅ ខណៈ​ពន្ធលើចំណេញមូលធននឹងអនុវត្តន៍ចាប់ពីខែមករាឆ្នាំ ២០២២។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួនដែលអ្នកគួរដឹងពីប្រភេទពន្ធទាំងពីរនេះ៖

  • ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ មានការកំណត់អត្រាពន្ធ ៤% នៃតម្លៃអចលនទ្រព្យ។ ពន្ធនេះត្រូវបានប្រមូលលើរាល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (ដូចជា ការទិញលក់ ឬការដោះដូរ ឬការធ្វើអំណោយ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន) ទោះបីអចលនទ្រព្យនោះមានប័ណ្ណកម្មសិទ្ធិ​ជាប្លង់រឹង និងប្លង់ទន់ក្តី។
  • ប្រមូលចំណូលបាន ៩០ លានដុល្លារ​៖ ពេញមួយឆ្នាំ២០២០ ចំណូលពីពន្ធប្រថាប់ត្រាបានប្រមូលចូលថវិការជាតិសម្រេចបានក្នុងទំហំទឹកប្រាក់ជិត ៩០ លានដុល្លារ (មិនរាប់បញ្ចូល ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យតម្លៃ ៧ម៉ឺនដុល្លារចុះក្រោម)។ នេះបើតាមទិន្នន័យពីក្រសួង​ដែនដីនគរូបនីយកម្ម និងសំណង់។

ចំណែកកាតព្វកិច្ចពន្ធលើចំណេញមូលធន ដំបូងឡើយគ្រោងអនុវត្តន៍ផ្លូវការចាប់ពីថ្ងៃទី ១មករាឆ្នាំ២០២១ ប៉ុន្តែដោយសារមានការស្នើសុំពីប្រតិបត្តិករក្នុងវិស័យអចលនទ្រព្យ ពន្ធប្រភេទនេះនឹងចាប់ផ្តើមអនុវត្តន៍ជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ វិញ។

បើតាមអគ្គនាយកដ្ឋានពន្ធដារ មូលធនឬទ្រព្រដែលជាកម្មវត្ថុជាប់ពន្ធលើចំណេញមូលធនមាន៦ ប្រភេទដូចជា អចលនទ្រព្យ, ទ្រព្យវិនិយោគ, កេរ្តរិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធបញ្ញា, រូបិយវត្ថុបរទេស, និងភតិសន្យា។ អគ្គនាយដ្ឋានពន្ធដារបានគូសបញ្ជាក់ថាដោយផ្អែកលើការសិក្សាបទពិសោធន៍ពីបណ្តាប្រទេសនានា និងស្ថានភាពសេដ្ឋកិច្ចកម្ពុជា ពន្ធលើចំណេញមូលធន​ត្រូវបានកំណត់យកអត្រា២០ភាគរយ ទៅលើផលចំណេញសម្រេចបាន (មិនមែន២០ភាគរយនៃតម្លៃលក់នោះទេ)។

សូមចុចទីនេះមើលពីរបៀបគណនាពន្ធលើចំណេញមូលធ

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង