ហេតុអ្វីខេត្តពោធិ៍សាត់ជាទីតាំងលេចធ្លោសម្រាប់ឧស្សាហកម្ម និងវិនិយោគអចលនទ្រព្យ?

Bunthoeun Chhut 14/September/2021 17:33
ចែករំលែក

ខេត្តពោធិ៍សាត់ កំពុងក្លាយទីតំាងលេចធ្លោជាងមុន​សម្រាប់​គម្រោងវិនិយោគខ្នាតធំ និង​ទីផ្សារអចលនទ្រព្យ​ ស្របពេល​​ផ្លូវជាតិ​តភ្ជាប់ទៅទិសដៅសំខាន់ៗត្រូវបានសាងសង់ ហើយក្រុមហ៊ុនរថយន្តធំមួយ​បានជ្រើសរើស​​ខេត្តនេះជាទីតាំងយុទ្ធសាស្រ្ត​ដើម្បី​បង្កើតរោងចក្រតម្លើងរថយន្ត។ ​

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្ត Ford កាលពីថ្មីៗនេះបានបង្ហាញគម្រោងរោងចក្រផ្គុំ និង​តម្លើងរថយន្ត Ford នៅកម្ពុជា ដោយ​​គ្រោងចំណាយ​ទុនវិនិយោគ ២១ លានដុល្លារ។ រោងចក្រនេះគ្រោងដាក់ទីតាំងលើ​ផ្ទៃដីទំហំ​ជាង​ ៤ ហិកតាស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមាន​ចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។

ក្រុមហ៊ុន RMA បានបង្ហាញទីតាំងរោងចក្រ នៅខេត្តពោធិ៍សាត់ ក្នុងជំនួបប្រជុំជាមួយរដ្ឋបាលខេត្ត

លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA Cambodia បានបញ្ជាក់ថា៖​​«គម្រោងនេះនឹងជួយលើកមុខមាត់ដល់ខេត្តពោធិ៍សាត់ និងប្រទេសកម្ពុជា»។ លោកបញ្ជាក់ថា ក្រុមហ៊ុន​បានបញ្ជូនសំណើរ​សុំវិញ្ញាបនបត្រដើម្បី​ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាលរួចហើយតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ហើយរំពឹងថានឹងបានការចុះបញ្ជីជាស្ថាពរ​ឆាប់ៗ។ លោកបន្តថា៖«ខេត្ត​ពោធិ៍សាត់ជាចំណុចកណ្តាលនៃប្រទេសយើង ដែលបន្ទាប់ពី​ការផលិតហើយយើងអាចមានភាពងាយស្រួលដឹកជញ្ជូន​មកភ្នំពេញ ឬទៅខេត្តផ្សេងៗដូចជាសៀមរាប ឬ​បាត់ដំបងអីជាដើម»​។

ខេត្តពោធិ៍សាត់កំពុងក្លាយជាទីតាំងកាន់តែមានសក្តានុពលទាំងសម្រាប់ការវិនិយោគជា​រោងចក្រ​ឧស្សាហកម្ម គម្រោងវិនិយោគក្នុងវិស័យ​ទេសចរ និង​វិស័យអចលនទ្រព្យ បន្ទាប់ពីមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាផ្លូវជាតិលេខ ៥៥ និង ផ្លូវជាតិលេខ ១០ និង​​​ផែនការរដ្ឋាភិបាលក្នុងការ​បើកច្រកព្រំដែនថ្មដាដើម្បី​តភ្ជាប់ខេត្តពោធិ៍សាត់ ទៅ​ខេត្តត្រាត​ប្រទេសថៃ ដើម្បីសម្រួលពាណិជ្ជកម្ម។

ផ្លូវជាតិលេខ១០ ឆ្លងកាត់ ស្រុកសំឡូត នៃខេត្តបាត់ដំបង ឃុំអូរសោម​ ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្នុងចំណោមតំបន់ជាច្រើននៅខេត្តពោធិ៍សាត់ ​ស្រុកវាលវែងនៃខេត្តពោធិ៍សាត់ ក៏កំពុងក្លាយជាទីតាំងលេចធ្លោសម្រាប់ជាតំបន់ពាណិជ្ជកម្ម និងទីតាំង​សម្រាប់​ការវិនិយោគ​លើគម្រោងជាច្រើនផងដែរ។

NR 10

អត្ថបទទាក់ទង៖

    1. បណ្តោយផ្លូវជាតិថ្មីមួយភ្ជាប់ខេត្តបី នឹងទាក់ទាញវិនិយោគ និងទេសចរនៅកម្ពុជា
    2. តើដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ១០ មានកំណើនយ៉ាងដូចម្តេចនៅពីរឆ្នាំចុងក្រោយនេះ?
    3. ការបើកច្រកព្រំដែនថ្មដាជាមួយថៃនឹងបង្កើនលំហូរពាណិជ្ជកម្ម និងអចលនទ្រព្យក្នុងស្រុកវាលវែង

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង