ភ្នំពេញ៖ តម្រូវការ និងការផ្គត់ផ្គង់អចលនទ្រព្យបែបលម្ហែកាយកំពុងមានកំណើនយ៉ាងខ្លាំងនៅកម្ពុជានារយៈពេលពីរបីឆ្នាំចុងក្រោយនេះ ហើយនឹងបន្តកើនឡើងកាន់តែខ្លាំងថែមទៀតនាពេលអនាគតដោយហេតុផលសំខាន់បី។ នេះបើយោងតាមការឲ្យដឹងពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងនៅក្នុងកិច្ចពិភាក្សា «ឱកាសការងារ និងវិនិយោគអចលនទ្រព្យ» ដែលរៀបចំដោយបណ្តាញព័ត៌មានអចលនទ្រព្យ Z1News នៅថ្ងៃទី១៣ កញ្ញា ដោយបញ្ជាក់ថាមានកត្តាសំខាន់ៗចំនួនបី ដែលកំពុងជះឥទ្ធិពលដល់កំណើនតម្រូវការផ្ទះលម្ហែកាយនាពេលអនាគត ខណៈដែលលំនៅឋានប្រភេទនេះទើបចាប់ផ្តើមមានការផ្គត់ផ្គង់កានាពេលបច្ចុប្បន្ន។
បើតាមអ្នកជំនាញអចលនទ្រព្យរូបនេះ កត្តាទាំងបីរួមាន ការកើនឡើងនៃអ្នកមានជីវភាពធូរធារ រំហូរនៃអ្នកទេសចរណ៍ និងវិនិយោគិនបរទេស និងការដាក់ចេញគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ទេសចរណ៍។ ជាឧទាហរណ៍ជាក់ស្តែង រដ្ឋាភិបាលថ្មីៗនេះបានអនុម័តដាក់ឲ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី២០២១-២០៣៥។ ផែនការនេះ គឺកំណត់យកខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តសំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវកាទាំងក្នុងប្រទេស និងនាំចេញ។
លោកបានបញ្ជាក់បន្ថែមថា៖ «គម្រោងផ្ទះលម្ហែកាយនៅតាមតំបន់ជាប់មាត់សមុទ្រ ដូចជាខេត្តកំពត ព្រះសីហនុ និងខេត្តមានអំណោយផលទេសភាពធម្មជាតិ និងទេសចរណ៍វប្បធម៌ដូចជាខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងក្លាយទិសដៅវិនិយោគផ្ទះលម្ហែកាយដ៏មានសក្តានុពលនាពេលអនាគត ស្របពេលដែលបច្ចុប្បន្នផ្ទះប្រភេទនេះមានការផ្គត់ផ្គង់តិចតួចនៅឡើយ នៅតាមតំបន់ទេសចរណ៍ទាំងនេះ»។
មុនពេលផ្ទុះជំងឺកូវីដ-១៩ ចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាកំសាន្តនៅកម្ពុជាមានប្រមាណ ៥លាន ទៅជាង ៦ លាននាក់ក្នុងមួយឆ្នាំៗ ដែលគិតចន្លោះពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០១៩។ នេះបើតាមក្រសួងទេសចរណ៍។ ប្រសិនបើស្ថានភាពជំងឺឆ្លងអាចគ្រប់គ្រងបានឆាប់ៗ ហើយការធ្វើដំណើរអន្តរជាតិមានភាពងាយស្រួល ឡើងវិញ រំហូរទេសចរ និងវិនិយោគិនបរទេសនឹងប្រសើរឡើង ហើយតម្រូវការអចលនទ្រព្យសម្រាប់លម្ហែកាយនឹងអាចមានកំណើនកាន់តែខ្លាំង។
លោក អ៉ិន ស៊ីថា អគ្គនាយកក្រុមហ៊ុន Forest Harmony Co.,Ltd ដែលបានចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សានេះដែរ បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងអភិវឌ្ឍន៍សហគមន៍រស់នៅក្នុងខេត្តកំពត ដែលហ៊ុំព័ទ្ធដោយទេសភាពធម្មជាតិបៃតង គ្រប់ដណ្តប់លើផ្ទៃដីជិត ១០០ ហិកតា ដែលមានឈ្មោះថា Harmony Valley។ ក្នុងនោះក៏មានការអភិវឌ្ឍប្រភេទផ្ទះវីឡាលម្ហែកាយ ៧៨ វីឡា ដែលបច្ចុប្បន្នសម្រេចការលក់ដោយជោគជ័យ ចំណែកឯការសាងសង់សម្រេចបានច្រើន និងរំពឹងបញ្ចប់រួចរាល់ឆាប់ៗខាងមុខនេះ។

វីឡាលម្ហែកាយឋិតក្នុងគម្រោង Harmony Valley បង្ហាញរូបរាងកាន់តែច្បាស់ និងរំពឹងបញ្ចប់រួចរាល់ឆាប់ៗនេះ
បើតាមលោក ស៊ីថា អតិថិជនដែលបានទិញផ្ទះវីឡាលម្ហែកាយភាគច្រើនជាអ្នកមានជីវភាពធូរធារ អ្នកជំនួញ និងជនបរទេសដែលកំពុងប្រកបកិច្ចការ និងនៅរស់នៅកម្ពុជា។ លោកបញ្ជាក់ថា គម្រោង Harmony Valleyនឹងក្លាយជាផលិតផលទេសចរណ៍ថ្មី ក្នុងការបង្កើនសក្តានុពល និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តកំពត។
គម្រោង Harmony Valley រចនាឡើងតាមបែបអ៊ឺរ៉ុប មានទីតាំងស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូ និងមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពត។ Harmony Valley មានដំណាក់កាលជាច្រើនដូចជា FOREST HARMONY, GOLF HARMONY, RESIDENCE HARMONY, LAGOON HARMONY និងគម្រោង LIVING HARMONY។
លោក អ៉ិន ស៊ីថា បានបង្ហើបឱ្យដឹងដែរថា ក្រៅពីខេត្ត្កកំពត ក្រុមហ៊ុនរបស់លោកក៏មានផែនការអភិវឌ្ឍន៍ផ្ទះលម្ហែកាយ នៅតាមខេត្តគោលដៅមួយចំនួនទៀត ដូចជាខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់ ដើម្បីឆ្លើយបតកំណើនតម្រូវការនៅពេលខាងមុខ៕

ទិដ្ឋភាពខ្លះៗនៃប្លង់គំរូ 3D របស់គម្រោង Harmony Valley