វិស័យអចលនទ្រព្យឧស្សាហកម្មកំពុងបង្ហាញភាពលេចធ្លោរបស់ខ្លួននៅក្នុងតំបន់អាស៊ាន ដោយវិស័យនេះទទួលបានទុនវិនិយោគផ្ទាល់ពីបរទេស (FDIs) ច្រើនជាងគេទី២ នៅរយៈពេលពីរឆ្នាំចុងក្រោយនេះ។
របាយការណ៍ វិនិយោគក្នុងតំបន់អាស៊ាន ២០២០ – ២០២១ របស់អគ្គលេខាធិការអាស៊ាន ចេញផ្សាយថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ក្នុងចំណោមវិស័យធំៗទាំង១០ វិស័យលក់រាយ លក់បោះដុំ និងកម្មន្តសាល (ទីផ្សារអចលនទ្រព្យឧស្សាហកម្ម) មានចំណែកនៃការវិនិយោគច្រើនជាងគេទី២ បន្ទាប់ពីវិស័យហិរញ្ញវត្ថុ និងធនារ៉ាប់រង។
របាយការណ៍ដដែលបញ្ជាក់ថា វិស័យធំៗចំនួន១០ (មើលតារាងខាងក្រោម) មានចំណែកដល់ទៅ ៩៥ ភាគរយ នៃលំហូរវិនិយោគ FDIs ដែលបានបោះទុនវិនិយោគក្នុងតំបន់អាស៊ានពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។ ក្នុងនោះគ្រាន់តែ វិស័យហិរញ្ញវត្ថុ, លក់បោះដុំ, លក់រាយ និងកម្មន្តសាល បូកបញ្ជូលគ្នាមានចំណែកដល់ទៅ ៧០ ភាគរយ។
ការវិយោគលើវិស័យលក់រាយ បោះដុំ និងកម្មន្តសាល បង្កើតឱ្យមានតម្រូវការឃ្លាំងស្តុកទំនិញ និងរោចក្រ ដែលជាចំណែកសំខាន់នៃអចលនទ្រព្យឧស្សាហកម្ម។ វិស័យលក់រាយ និងលក់បោះដុំ ទទួលបានការវិនិយោគពី FDIs ក្នុងទំហំទឹកប្រាក់ ២៨,១ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩។ ទំហំទុនវិនិយោគនេះថយមកត្រឹម ២៦,៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២០។ ចំណែកឯ កម្មន្តសាលទទួលបានទុនវិនយោគប្រមាណ ៤៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ថយមកត្រឹម ២០ ពាន់លានដុល្លារក្នុងឆ្នាំ២០២០។
បើនិយាយពីវិស័យអចលនទ្រព្យទាំងមូល (អចលនទ្រព្យឧស្សាហកម្ម អចលនទ្រព្យពាណិជ្ជកម្ម អចលនទ្រព្យលំនៅឋាន និងអចលនទ្រព្យជាដី) ទទួលបានទុនវិនិយោគច្រើនជាងគេទី៥ ដែលកាលពីឆ្នាំ២០១៩ វិស័យអចលនទ្រព្យមានទុនវិនិយោគដល់ទៅ ១១ ពាន់លានដុល្លារ។ ទំហំទុនវិនិយោគនេះថយមកត្រឹម ៨,៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២០។
[អចលនទ្រព្យ 4 ប្រភេទនេះពេញនិយមទាំងទីផ្សារពិភពលោក និងកម្ពុជា]
បើតាមរបាយការណ៍ សហរដ្ឋអាមេរិក ជប៉ុន ចិន ហុងកុង ជាប្រទេសដែលមានការវិនិយោគច្រើនជាងគេនៅក្នុងតំបន់អាស៊ានក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ (មើលតារាងប្រទេសធំៗដែលវិនិយោគក្នុងតំបន់អាស៊ាន)
ក្នុងឆ្នាំ២០១៩ ទុនវិនិយោគពី FDIs ដែលចាក់បញ្ជូលទៅក្នុងសេដ្ឋកិច្ចប្រទេសក្នុងតំបន់អាស៊ាន ទទួលបានការបោះទុនយ៉ាងគំហុក ដែលបូកបញ្ជូលគ្នាមានទំហំទឹកប្រាក់សរុប ១៨២ ពាន់លានដុល្លារ។ ប៉ុន្តែដោយសារការាលដាលនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យទុនវិនិយោគពី FDIs ក្នុងតំបន់អាស៊ានថយមកត្រឹម ១៣៧ ពាន់លានដុល្លារ ឬធ្លាក់ចុះ ២៥ ភាគរយ ធៀបនឹងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍៕