ហេតុអ្វីវិនិយោគិនខ្លះអាចទទួលបានផលចំណេញពីវិបត្តិកូវីដ-១៩?

Bunthoeun Chhut 10/September/2021 16:46
ចែករំលែក

បញ្ហាគឺជាឱកាស គឺជាឃ្លាដែលអ្នកវិនិយោគប្រកបដោយសុទិដ្ឋិនិយមតែងប្រើប្រាស់ដើម្បីរកយុទ្ធសាស្រ្ត​ឆ្លើយតបនឹងវិបត្តិ​។ ពុំនោលនេះពិតជាបានកើតឡើងជាក់ស្តែងពិតមែន ជាពិសេសក្នុងជំនួញអចលនទ្រព្យ។

នៅឆ្នាំ ២០០៨ ​ពិភពលោកទាំងមូលបានជួបប្រទះ​​វិបត្តិហិរញ្ញវត្ថុសកល​ ហើយវិបត្តិនេះ​​បានទាញទម្លាក់ការរីកលូតលាស់សេដ្ឋកិច្ចកម្ពុជា និងបានធ្វើឲ្យ​អាជីវកម្មជាច្រើនរងផលប៉ះពាល់។ ក្រោយវិបត្តិហិរញ្ញវត្ថុ ២០០៨ បញ្ចប់ទៅ អ្នកវិនិយោគអចលនទ្រព្យជាច្រើនរូបដែលចេះបង្កើតឱកាសក្នុងអំឡុងពេល​មាន​វិបត្តិ បានលេចត្រដែតឡើង ហើយក្លាយជាសេដ្ឋីអចលនទ្រព្យ។

«ខ្ញុំជឿជាក់ថា ក្រោយវិបត្តិកូវីដ-១៩ ក៏នឹងមានអ្នកដែលទទួលបានផល​ចំណេញពីវិបត្តិនេះផងដែរ»។ នេះបើយោងតាមការបញ្ជាក់របស់​លោកគាម សៀកឡុង ក្នុង​សៀវភៅ «វិថីអចលនទ្រព្យ» ដែលលោកជាអ្នក​និពន្ធផ្ទាល់ ហើយ​​ទើប​ចេញផ្សាយ​នៅសប្តាហ៍នេះ។

ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ជីវភាពរស់នៅ និងអាជីវកម្មជាច្រើន តែយ៉ាងណាក៏ដោយ លោក សៀកឡុង ដែលជាប្រធាន​ក្រុមហ៊ុន​ Century 21 Dream Propertyដែរនោះបានបញ្ជាក់ថា ឱកាសធំៗតែងកើតមាននៅក្នុងស្ថានភាពវិបត្តិ​ដូចពេលបច្ចុប្បន្ន​​។

​នៅក្នុង​សៀវភៅ «វិថីអចលនទ្រព្យ» លោកបានបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្ន​គឺ​ជា​ឱកាសល្អ​សម្រាប់អ្នកមានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការវិនិយោគអចលនវត្ថុ ដោយសារ​​ហេតុផលសំខាន់​ៗ៤៖

១- តម្លៃទាបជាងទីផ្សារ៖ បញ្ហាកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅ និងប្រតិបត្តិការអាជីវកម្មជាច្រើន ដែលធ្វើឱ្យម្ចាស់អាជីវកម្មខ្លះបង្ខំចិត្តលក់អចលនទ្រព្យក្នុងតម្លៃទាបជាងទីផ្សារដើម្បីបានសាច់ប្រាក់បង្វិ​លសម្រាប់​ដោះ​ស្រាយដំណើរការ​អាជីវកម្ម ឬដោះស្រាយបំណុលនៅចំពោះមុខ។

២- ទីតាំងល្អ៖ ពេលត្រូវការប្រាក់ជាចាំបាច់ ម្ចាស់អចលនទ្រព្យត្រូវបង្ខំចិត្តដាក់លក់អចលនទ្រព្យជាច្រើនកន្លែងរួមទាំងអចលនទ្រព្យដែលស្ថិតនៅទីតាំងល្អៗ ដែលមិនធ្លាប់​មានដាក់លក់ពីមុនៗមក។ កត្តានេះ បានបង្កើត​ជាឱកាសសម្រាប់អ្នកវិនិយោគ ដែល​អាចជ្រើសរើសបានទីតាំងសក្តានុពល ក្នុងការបង្កើតផលចំណេញបានខ្ពស់។

– ទទួលបានលក្ខណ្ឌបង់ប្រាក់ល្អ និងរយៈពេលវែង​៖ ម្ចាស់គម្រោងមួយចំនួនត្រូវការសាច់ប្រាក់បង្វិលជាបន្ទាន់ក្នុងស្ថានភាពបច្ចុប្បន្ន ហើយបាន​ធ្វើ​ការលក់បញ្ចុះតម្លៃ និងផ្តល់​លក្ខណ្ឌបង់ប្រាក់បត់បែន និងមានរយៈពេលវែង។ គម្រោងខ្លះ​បាន​ផ្តល់់ជូននូវការបង់រំលស់ដោយគ្មានការប្រាក់ផងដែរ។ លោក ​សៀកឡុង បានកត់សម្គាល់ឃើញថា បច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្លះផ្តល់ជូនអតិថិជននូវការបង់រំលស់ដោយគ្មានការប្រាក់ ៣៦ ខែ ខ្លះទៀតរហូតដល់ ៦០ ខែ និងគម្រោងខ្លះទៀតគ្រាន់តែបង់មុន ៥ ពាន់ដុល្លារ អាចទិញខុនដូចូលរស់នៅតែម្តង ហើយក៏មានម្ចាស់គម្រោងធានាទិញត្រលប់វិញជាមួយនឹងអត្រាប្រាក់ចំណេញ ២០ ភាគរយ ក្នុងមួយឆ្នាំ។

ក្រៅពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក៏មានអ្នកលក់អចលនទ្រព្យជាបុគ្គល (អាចជាម្ចាស់ដី ម្ចាស់ផ្ទះ) ផ្តល់ជម្រើសបង់ប្រាក់រយៈពេលវែងដល់អ្នកទិញផង​ដែរ ដែលអាចមានរយៈពេលចន្លោះពី ៦ខែ ១ឆ្នាំ ឬអាចលើសពីនេះ។ ដូច្នេះស្ថានភាពបច្ចុប្បន្ន ជាទីផ្សារសម្រាប់អ្នកទិញ ដែលមានន័យថាអ្នកទិញមានអំណាចក្នុងការចរចារដើម្បីទទួលបានលក្ខណ្ឌបង់ប្រាក់ពិសេស។

ការប្រាក់ធនាគារទាប៖ អ្នកដែលមានចំណូលស្ថិរភាព ដែលមិនប៉ះពាល់ ឬប៉ះពាល់តិចតួចដោយសារកូវីដ-១៩ ហើយមានលទ្ធភាពសងត្រលប់វិញល្អ​ អាចមានឱកាសទទួលបានកម្ចីពីធនាគារ ដោយ​មាន​លក្ខណ្ឌអនុគ្រោះមួយចំនួន បូករួមទាំង​ការប្រាក់អាចចរចារបាន។​ នេះជាឱកាសមួយសមស្រប ក្នុងការទទួលបានប្រាក់កម្ចីធានាគារ ឬស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីយកទៅវិនិយោគលើអចលនទ្រព្យដែលមានទីតាំងល្អ តម្លៃទាប ការបញ្ចុះតម្លៃច្រើន លក្ខណ្ឌបង់ប្រាក់ល្អ និងរយៈពេលវែង។

តាមការកត់សម្គាល់របស់បណ្តាញព័ត៌មានអចលនទ្រព្យ Z1News គ្រឹះស្ថានធនាគារភាគច្រើនផ្តល់កម្ចីទិញទិញផ្ទះ​ដោយ​មាន​​អត្រាការប្រាក់ ៧,៥ ភាគរយក្នុងមួយឆ្នាំ សម្រាប់ទ្រព្យ​ធានាជា​អចលនទ្រព្យប្លង់រឹង ចំណែកអចលនទ្រព្យប្លង់ទន់ ទទួលបានកម្ចី ជាមួយអត្រាការប្រាក់ក្នុងរង្វង់ ១០ ភាគរយក្នុងមួយឆ្នាំ។

បន្ថែមលើចំនុចដែលបានរៀបរាប់ខាងលើ លោកអ្នកគួរស្វែងយល់ពីកត្តាផ្សេងៗទៀត ឬប្រឹក្សាយោបល់ជាមួយជាអ្នកជំនាញ ដើម្បីបញ្ចៀស​ហានិភ័យផ្សេងៗ។​

****កត់សម្គាល់៖ អត្ថបទខាងលើត្រូវបានដកស្រង់ពីសៀវភៅ «វិថីអចលនទ្រព្យ» ដោយបានសង្ខេប និងសម្រួលពាក្យពេចន៍មួយចំនួន៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង