ប្រជាជនដែលមានវ័យចន្លោះពី ៣០ ទៅ ៣៩ ឆ្នាំ បានក្លាយជាអតិថិជនសក្តានុពលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៅអាមេរិកដោយសារប្រជាជនក្នុងវ័យនេះកំពុងក្លាយជាអ្នកទិញលំនៅឋានច្រើនជាងគេបង្អស់។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអចលនទ្រព្យ Inman។
Inman បានធ្វើសេចក្តីរាយការណ៍ដោយផ្អែកលើរបាយការណ៍ស្តីពីនិន្នាការអ្នកទិញលំនៅឋានឆ្នាំ២០២១ ដែលត្រូវបានធ្វើការអង្កេតដោយក្រុមហ៊ុនអចលនទ្រព្យ Zillow។ ក្រុមហ៊ុនេះនេះធ្វើការស្ទង់មតិពីមនុស្សជាង ២ ០០០ ពាន់នាក់ដែលជាអ្នកទិញផ្ទះថ្មី ដែលសុទ្ធសឹងជាមេគ្រួសារមានវ័យចាប់់ពីអាយុ ១៨ ឆ្នាំឡើងទៅ។
តាមការសិក្សាបានបង្ហាញថា អ្នកទិញផ្ទះនៅអាមេរិកមានវ័យចន្លោះពី ៣០ ទៅ ៣៩ ឆ្នាំ មានអត្រាខ្ពស់ជាងគេដែលមានចំណែកដល់ទៅ ២៦ ភាគរយនៃអ្នកទិញផ្ទះទាំងអស់ ហើយអ្នកមានអាយុចន្លោះពី ៤០ ទៅ ៤៩ ឆ្នាំ មាន ២៣ ភាគរយ ខណៈ ២៣ ភាគរយផ្សេងទៀតជាអ្នកទិញមានវ័យ ៦០ ឆ្នាំ ឡើងទៅ។
ការសិក្សាដដែលបានរកឃើញថា អ្នកដែលបានទិញលំនៅឋានកាលពីឆ្នាំមុន ជាគ្រួសារដែលមានចំណូលមធ្យមប្រចាំឆ្នាំប្រមាណ ៨៦ ០០០ ដុល្លារ ដែលប្រាក់ចំណូលនេះច្រើនជាងចំណូលរបស់ប្រជាជនអាមេរិកទូទៅដែលរកបានជាមធ្យម ៥៦ ៧០០ ដុល្លារក្នុងមួយគ្រួសារកាលពីឆ្នាំ២០១៩។
ដោយសារថាការទិញផ្ទះគឺតែងជាប់ទាក់ទងទៅនិងព្រឹត្តិការណ៍សំខាន់ក្នុងជីវិតដូចជាការរៀបអាពាហ៍ពិពាហ៍ឬការបង្កើតគ្រួសារជាដើម ដូច្នេះហើយបានជា ៥៧ ភាគរយនៃអ្នកទិញផ្ទះសរុប គឺជាអ្នកដែលបានរៀបការហើយឬក៏កំពុងមានដៃគូជីវិត។ មានតែ ២០ ភាគរយប៉ុណ្ណោះដែលមិនទាន់រៀបការ។
នៅក្នុងឆ្នាំ ២០២១ អ្នកទិញផ្ទះចំនួន ៤០% មានកូនអាយុក្រោម ១៨ ឆ្នាំរស់នៅជាមួយពួកគេហើយមានតែ ៤% ប៉ុណ្ណោះដែលមានឪពុកម្តាយឬឪពុកម្តាយក្មេកនៅជាមួយ។ ជាងពាក់កណ្តាលនៃអ្នកទិញទាំងនោះ មានឆ្កែយ៉ាងហោចណាស់មួយក្បាលជាសត្វចិញ្ចឹម និង ៣៩% ទៀតមានឆ្មាយ៉ាងហោចណាស់មួយក្បាលនៅក្នុងផ្ទះ។ ផ្ទះដែលមានបន្ទប់គេង ៣ ក្លាយជាផ្ទះដែលមានការពេញនិយមសម្រាប់អ្នកទិញនៅឆ្នាំ ២០២១ នេះ។
អ្នកទិញផ្ទះ ច្រើនតែទិញផ្ទះដែលមានបន្ទប់គេង ៣ បន្ទប់ទឹក ៣ និងមានទំហំចន្លោះពី ១ ០០០ ទៅ ១ ៩៩៩ ហ្វីតការ៉េ (ប្រហែល ៩២ ទៅ ១៨៥ ម៉ែត្រការ៉េ) ។ ចំនួនអ្នកទិញផ្ទះជាប់ដី និងខុនដូបានកើនឡើងធៀបនឹងឆ្នាំមុន។ អ្នកទិញផ្ទះជាប់ដីបានកើនឡើង ១១% បើប្រៀបធៀបនិងឆ្នាំមុនដែលមានចំនួនត្រឹមតែ ៨% ប៉ុណ្ណោះ ស្របពេលដែលចំនួនអ្នកទិញខុនដូរបានកើនឡើង ១០% ខណៈកាលពីឆ្នាំមុនមានត្រឹមតែ ៦% ប៉ុណ្ណោះ៕