El Salvador ក្លាយជាប្រទេសដំបូងគេប្រើ Bitcoin ជារូបិយប័ណ្ណជាតិ

Bunthoeun Chhut 08/September/2021 17:31
ចែករំលែក

ប្រទេស El Salvador ដែលស្ថិតនៅក្នុនតំបន់អាមេរិកកណ្តាលមានប្រជាជនជិត ៧ លាននាក់ បានក្លាយជាប្រទេសដំបូងគេលើពិភពលោក  ដែល​​ប្រើប្រាស់រូបិយប័ណ្ណឌីជីថល Bitcoin ជាមធ្យោបាយទូទាត់ទូទៅដូចរូបិយប័ណ្ណជាតិដែរ​។ នេះបើយោងតាមសារព័ត៌មាន Wall Street Journal។

រដ្ឋាភិបាល El Salvador បានបញ្ជាក់ថា រូបិយ​ប័ណ្ណឌីជីថលនេះ នឹងប្រើប្រាស់ទូលំទូលាយនៅទូទាំងប្រទេសដូចរូបិយប័ណ្ណដុល្លារ ដែលជារូបិប័ណ្ណជាតិដែរ ​ដោយចាប់ផ្តើមអនុវត្តន៍​​​ចាប់ពីថ្ងៃទី ៧ ខែកញ្ញាតទៅ គឺ​បន្ទាប់ពី​រដ្ឋាភិបាល​ប្រទេសនេះ​បានអនុម័តច្បាប់ប្រើប្រាស់រូបិយប័ណ្ណ Bitcoin រួចទៅហើយ​កាលពីខែមិថុនា ២០២១។

សម្រាប់ប្រជាជនរស់នៅ និងធ្វើការក្រៅប្រទេសដែលភាគច្រើននៅសហរដ្ឋអាមេរិក អាចផ្ញើរលុយទៅស្រុកកំណើតជារូបិយប័ណ្ណ Bitcoin ហើយការផ្ញើប្រាក់តាមមធ្យោបាយនេះអាចចំណេញដល់ទៅ ៤០០ លានដុល្លារក្នុងមួយឆ្នាំ ពីការចំណាយថ្លៃកម្រៃជើងសារ (commission)។​

តាមសារព័ត៌មាន Wall Street Journal ដដែល ប្រជានប្រជាជន Salvador ដែលរស់នៅ និងធ្វើការក្រៅប្រទេស បានផ្ញើរប្រាក់ត្រលប់ទៅស្រុកកំណើត មានទំហំទឹកប្រាក់ដល់ទៅ​ជាង ៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។

រដ្ឋាភិបាល  El Salvador បានដាក់ដំណើរការប្រព័ន្ធទូទាត់មួយឈ្មោះថា Chivo​ ដែលជាកាបូបប្រាក់អេឡិចត្រូនិចសម្រាប់ទូទាត់រូបិយប័ណ្ណ Bitcoin និងរូបិយប័ណ្ណដុល្លារ។ ចំពោះអ្នកទាញយកកម្មវិធី Chivo App នៅលើទូរស័ពទ្ទដៃ​ នឹងទទួលបាន Bitcoin មានតម្លៃស្មើនឹង ៣០ ដុល្លារ​ ដែលជាការលើកទឹកចិត្ត និងជំរុញឱ្យមានការទូទាត់តាម Bitcoin នៅទូទាំងប្រទេស។ បច្ចុប្បន្ន ATM ជាង២០០កន្លែង និងធនាគារចំនួន ៥០ សាខា បានតម្លើងប្រព័ន្ធ​ទូទាត់ Chivo ដែលអ្នកប្រើប្រាស់អាចដាក់ និងដកលុយមិនចាំបាច់ចំណាយថ្លៃកម្រៃជើងសារ។

យ៉ាងណាមិញ អ្នកជំនាញសេដ្ឋកិច្ចបានព្រមានចំពោះហានិភ័យក្នុងកាប្រើប្រាស់រូបិយប័ណ្ណឌីជីថល Bitcoin ជាផ្លូវការបែបនេះ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធ និងទុនបំរុងរូបិយប័ណ្ណបរទេសរបស់រដ្ឋាភិបាល ដោយសារមិនទាន់មានគោលនយោបាយច្បាស់លាស់ និងគ្រប់គ្រាន់ ក្នុងការទប់ទល់ពីការវាយប្រហារ​តាមប្រព័ន្ធបច្ចេកវិទ្យា។

តាមការសិក្សាពីសាកលវិទ្យាល័យ Central American University ដែលបានសាកសួរប្រជាជន ១ ២៨១ នាក់ ដែលក្នុងនោះមានតែ ៤,៨ ភាគរយប៉ុណ្ណោះដែលឆ្លើយថាបានយល់ដឹងពីការប្រើប្រាស់រូបិយប័ណ្ណឌីជីថល Bitcoin ហើយជិត ៧០​ភាគរយផ្សេងទៀត​បានបង្ហាញពីការមិនពេញចិត្តចំពោះការប្រើប្រាស់ Bitcoin ជារូបិយប័ណ្ណជាតិ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង