គម្រោងលំនៅឋានរបស់មហាសេដ្ឋីអចលនទ្រព្យសឹង្ហបុរីលក់ដាច់ខ្លាំង ស្របពេលតម្រូវការស្ទុះឡើងវិញ

Bunthoeun Chhut 07/September/2021 17:25
ចែករំលែក

ក្រុមហ៊ុន UOL Group ជាក្រុមហ៊ុនអចលនទ្រព្យចុះបញ្ជីនៅផ្សារភាគ​ហ៊ុនសឹង្ហបុរីគ្រប់គ្រងដោយមហាសេដ្ឋី Wee Cho Yaw បានប្រកាសពីភាពជោគជ័យរបស់ខ្លួនកាលពីសប្តាហ៍មុនក្នុងការសម្រេចលក់គម្រោងលំនៅឋានត្រឹមរយៈពេលខ្លី​ ដែលកត្តានេះបានបង្ហាញពីកំណើនតម្រូវការខ្លាំងក្នុងទីផ្សារអលនទ្រព្យនៅសឹង្ហបូរី។

លោក Wee Cho Yaw ជាអ្នកជំនួញ និងជាមហាសេដ្ឋីអចលនទ្រព្យជើងចាស់មួយរូបនៅប្រទេសសឹង្ហបុរី។ គិតត្រឹមថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២១ លោក Wee មានទ្រព្យសម្បតិ្តដល់ទៅ ៦,៨​ ពាន់លានដុល្លារ។ នេះបើតាម Forbes។

លោក Wee Cho Yaw ជាអ្នកជំនួញជើងចាស់ និងជាមហាសេដ្ឋីមួយរូបនៅសឹង្ហបុរី

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Forbes បានឱ្យដឹងថា គម្រោងលំនៅឋានខុនដូឈ្មោះ The Watergarden របស់ក្រុមហ៊ុន UOL បានលក់អស់ជាង ៦០ ភាគរយនៃចំនួនយូនីតខុនដូសរុប ៤៤៨ យូនីត ភ្លាមៗបន្ទាប់ពីប្រកាសបើកលក់ មិនដល់មួយសប្តាហ៍ផង។

តាមការបញ្ជាក់ពីក្រុមហ៊ុន ប្រភេទយូនីតខុនដូមាន៤បន្ទប់គេងលក់ក្នុងតម្លៃ ១,៣ លានដុល្លារ, យូនីតខុនដូមាន៣បន្ទប់គេងលក់ក្នុងតម្លៃប្រមាណ ៩៦ម៉ឺនដុល្លារអាមេរិក ខណៈដែលយូនីតមាន២បន្ទប់គេង លក់ក្នុងតម្លៃ៦៨ ម៉ឺនដុល្លារ។

លោក Jesline Goh ប្រធានផ្នែកវិនិយោគក្រុមហ៊ុន UOL បាននិយាយថា គម្រោងខុនដូនេះលក់ដាច់លឿន ដោយសារទីតាំងអំណោយផល ដែលស្ថិតនៅជិតស្ថានីយ៍រថភ្លើងល្បឿនលឿនទើបបើកថ្មីក្នុងតំបន់ Canberra ដែលតំបន់នេះនឹងត្រូវអភិវឌ្ឍន៍ទៅជាច្រករបៀងឧស្សាហកម្ម និងនវានុវត្តន៍ នៃតំបន់ឆ្នេរភាគខាងជើងប្រទេសសឹង្ហបុរី។

ទិន្នន័យពីអាជ្ញារធរសឹង្ហបុរីបានបង្ហាញថា តម្លៃ​អចលនទ្រព្យលំនៅឋានក្នុងត្រីមាសទី២ ឆ្នាំនេះបានកើនឡើងជាង ៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅសឹង្ហបុរីបានបញ្ជាក់ថា អ្នកវិនិយោគបានបង្កើនទំនុកចិត្តកាន់តែខ្លាំង ដោយបានបង្កើនបោះទុនកាន់តែច្រើនក្នុងវិស័យនេះ ស្របពេលមានការរំពឹងពីការងើបឡើងវិញបណ្តើរៗនៃកំណើនសេដ្ឋកិច្ច ខណៈដែលរដ្ឋាភិបាលសម្រាលវិធានការរឹតបន្តឹង ដោយសារអត្រានៃការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសសម្រេចបានជាង ៨០ ភាគរយ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនផ្សេងទៀត ក៏មានផែនការប្រកាសបើកលក់គម្រោងលំនៅឋានថ្មីៗរបស់ខ្លួនឆាប់ៗខាងមុខនេះ ដើម្បីចាប់យកចំណែកទីផ្សារ និងឆ្លើយតបទៅនឹងកំណើនតម្រូវការ។

ជាក់ស្តែងក្រុមហ៊ុន City Developments គ្រប់គ្រងដោយមហាសេដ្ឋី Kwek Leng Beng គ្រោងនឹងចាប់ផ្តើមអភិវឌ្ឍន៍លំនៅឋាន៤គម្រោង​ដែលស្មើនឹង ២០០០ យូនីត នៅចុងឆ្នាំនេះ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ GuocoLand គ្រប់គ្រងដោយមហាសេដ្ឋីជនជាតិម៉ាឡេស៊ីគឺលោក Quek Leng Chan ក៏គ្រោងនឹងអភិវឌ្ឍន៍លំនៅឋាន​ខុនដូនៅតំបន់ជាយក្រុងភាគខាងជាងជើងប្រទេសសឹង្ហបុរីនៅពាក់កណ្តាលឆ្នាំ២០២២ ផងដែរ៕

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង