កំពង់ស្ពី៖ ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤៤ និងផ្លូវជាតិលេខ ៤១ កំពុងក្លាយជាទីតាំងវិនិយោគលេចធ្លោជាងគេ ដោយតំបន់ទាំងពីរបូកបញ្ជូលគ្នាទទួលបានទុនវិនិយោគដល់ទៅជិត ៦០ ភាគរយនៃទុនវិនិយោគសរុបក្នុងខេត្ត។
យោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើទំព័រហ្វេសបុកផ្លូវការទាក់ទងនឹងការអនុម័តគម្រោងវិនិយោគចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២១ បានបង្ហាញថា ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគសរុប ១៤ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨៤លានដុល្លារ។
គម្រោងទាំងនេះ បានដាក់ទីតាំងនៅស្រុកសំរោងទង និងស្រុកគងពិសី ច្រើនជាងគេ ដែលស្រុកទាំងពីរបូកបញ្ជូលគ្នាមានទុនសរុប ៤៨ លានដុល្លារ ឬស្មើនឹង ៥៧ ភាគរយនៃទុនវិនិយោគសរុប។ ទីតាំងផ្សេងទៀតគឺមាននៅស្រុកឱរ៉ាល់ និងស្រុកឧដុង្គ។
ស្រុកសំរោងទង ឆ្លងកាត់ផ្លូវជាតិលេខ ៤៤ ចំណែកឯស្រុកគងពិសីជាតំបន់ឆ្លងកាត់ផ្លូវជាតិលេខ ៤១ ដែលសុទ្ធតែផ្លូវយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញ។ ហើយគម្រោងវិនិយោគជាបន្តបន្ទាប់ក្នុងខេត្តកំពង់ស្ពឺនាពេលនេះ ហាក់ស្របនឹងរដ្ឋបាលខេត្តកំពង់ស្ពឺដែលធ្លាប់បានប្រកាសពីឆ្នាំមុនក្នុងការជំរុញគម្រោងវិនិយោគរោងចក្រថ្មីៗឱ្យដាក់ទីតាំងតាមបណ្តោយផ្លូវជាតិលេខ ៤៤ បន្ថែមលើទីតាំងរោងចក្រដែលមានស្រាប់។

រោងចក្រឧស្សាហកម្មនៅតាមបណ្តោយផ្លូវជាតិលេខ ៤១។ រូបភាព៖ Z1News
ផ្លូវជាតិលេខ ៤៤ ជាផ្លូវឆ្លងកាត់ក្រុងច្បារមន និងស្រុកចំនួន ៤ របស់ខេត្តកំពង់ស្ពឺ មានដូចជាស្រុងសំរោងទង ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧត្តុង្គ តភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ក្នុងការធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូនជាមួយប្រទេសថៃ។ ចំណែកឯ ផ្លូវជាតិលេខ ៤១ ដែលឆ្លងកាត់ស្រុកគងពិសី តភ្ជាប់ជាមួយនឹងខេត្តកំពត។

តំបន់ផ្លូវជាតិលេខ ៤៤។ រូបភាព៖ Z1News
គម្រោងដែលទទួលបានការអនុម័តទាំង១៤គម្រោងក្នុងខេត្តកំពង់ស្ពឺនារយៈពេល៨ខែដំបូងឆ្នាំនេះ ភាគច្រើនជាប្រភេទគម្រោងរោងចក្រផលិតស្បែកជើង សម្លៀកបំពាក់ គ្រឿងបន្លាស់រថយន្ត រោងចក្រកែច្នៃផ្លែឈើ និងរោងចក្រកែច្នៃដែកជាដើម។
ទិន្នន័យពីសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ ដែលបណ្តាញព័ត៌មានអចលនទ្រព្យ Z1News ទទួលបានថ្មីៗនេះបង្ហាញថា ទីផ្សារដីធ្លីនៅខេត្តកំពង់ស្ពឺបន្តបង្ហាញសញ្ញាវិជ្ជមានជាពិសេសផ្លូវជាតិលេខ ៤១ និងផ្លូវជាតិលេខ ៤៤ ទាក់ទងនឹងកំណើនតម្លៃ និងប្រតិបត្តិការទិញ-លក់ ។
ទិន្នន័យដដែលបានបញ្ជាក់ថា តម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ ៤៤ មានតម្លៃដាក់លក់ចន្លោះពី ១៥ ដុល្លារ ទៅ ៧៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទីតាំងដីនៅតាមបណ្តោយផ្លូវជាតិលេខ ៤១វិញ មានតម្លៃដាក់លក់ចន្លោះពី ២៣ ទៅ ១១៥ ដុល្លារក្នុងមួយម៉ែត្រការ ដោយអាស្រ័យលើសក្តានុពលនៃទីតាំងដី៕
កត់សម្គាល់៖ គម្រោងវិនិយោគក្នុងខេត្តកំពង់ស្ពឺ ចេញផ្សាយលើទំព័រហ្វ៊េសបុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគិតចាប់ពីខែមករា ដល់ខែសីហា ក្នុងឆ្នាំ២០២១។ គម្រោងវិនិយោគនីមួយៗត្រូវបានចងក្រង និងបូកសរុបដោយបណ្តាញព័ត៌មានអចលនទ្រព្យ Z1News៕