ប៉េកាំង៖ រដ្ឋាភិបាលប្រទេសចិនបានប្រកាសពីការអនុវត្តវិធានថ្មីមួយចំពោះម្ចាស់ទ្រព្យ ក្នុងការកំណត់តម្លៃជួលលំនៅឋានស្នាក់នៅតាមក្រុងសំខាន់ៗ មិនឱ្យលើសពី ៥ភាគរយឡើយក្នុងមួយឆ្នាំ។
សារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី១ ខែកញ្ញាឆ្នាំ ២០២១ បានឱ្យដឹងថា វិធានការណ៍ថ្មីនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការតម្លើងថ្លៃជួលខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកមានចំណូលទាបក្នុងការទទួលបាននូវលំនៅឋានរស់នៅសមរម្យ ជាពិសេសនិស្សិតទើបបញ្ចប់ការសិក្សាស្វែងរកការងារនៅតាមទីក្រុងធំៗដូចជា ក្រុងប៉េកាំង និងក្រុងស៊ិនជិនជាដើម។ ទីក្រុងទាំងពីរ បានចាប់ផ្តើមអនុវត្តវិធានការថ្មីនេះមុនគេនៅប្រទេសចិន។
[មធ្យោបាយថ្មីក្នុងការដាក់ជួលអចលនទ្រព្យនៅកម្ពុជា]
វិធានការណ៍នេះ ក៏ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីចិន លោក ស៊ីជិន ពីង ក្នុងការកាត់បន្ថយវិសមភាពសង្គម ដែលកំពុងមានគម្លាតខ្លាំងនៅក្នុងប្រទេសចិន ដើម្បីសម្រេចបាននូវគោលដៅ «វិបុលភាពរួម (common prosperity)»។
តម្រូវការជួលផ្ទះស្នាក់នៅមានកំណើនខ្ពស់នៅតាមទីក្រុងធំៗ ដោយសារតែជាបណ្តុំនៃឱកាសការងារ ហើយទទួលបានប្រាក់ឈ្មួលខ្ពស់ ជាពិសេសទីក្រុងធំទាំងនេះជាទិសដៅរបស់និស្សិតទើបបញ្ចប់ការសិក្សាក្នុងការស្វែងរកការងារនៅទីនោះ។
លោក Ni Hong អនុរដ្ឋមន្ត្រីក្រសួងលំនៅឋាន បានថ្លែងក្នុងសន្និសីទមួយកាលពីថ្ងៃអង្គារ៍ ដើមសប្តាហ៍នេះថា ប្រមាណ៧០ ភាគរយនៃអ្នកចំណូលថ្មី និងប្រជាជនវ័យក្មេង ដែលមករស់នៅតាមបណ្តាក្រុងធំៗក្នុងប្រទេសចិនសុទ្ធតែត្រូវការកន្លែងជួលស្នាក់នៅ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា លំនៅឋានមានតម្លៃសមរម្យសុទ្ធតែនៅឆ្ងាយៗពីទីក្រុង ហើយផ្ទះដែលឋិតនៅចំទីតាំងល្អៗក៏មានតម្លៃថ្លៃ ដែលកត្តានេះបង្កផលលំបាកដល់អ្នកមានប្រាក់ចំណូលទាប។
កញ្ញា Kaylee Jian ជានិស្សិតទើបបញ្ចប់ការសិក្សាពីក្រុងឆឹងទូ ហើយបានមករស់នៅ និងធ្វើការហាត់ការឱ្យក្រុមហ៊ុនមួយនៅរាជធានីប៉េកាំងចាប់តាំងពីខែមិថុនា ឆ្នាំ២០២១។ កញ្ញា Jian បានជួលបន្ទប់អាផាតមិនមួយបន្ទប់ ជាមួយមិត្តរបស់នាង ដោយម្នាក់ត្រូវចំណាយថ្លៃជួលអស់ ៤៦៣ ដុល្លារ ក្នុងមួយខែ។
កញ្ញា Jian បានបញ្ជាក់ថា៖ «ខ្ញុំបានចំណាយអស់ប្រហែល១៥០ ភាគរយនៃប្រាក់ខែហាត់ការដែលទទួលបានលើថ្លៃជួលបន្ទប់អាផាតមិន ដូច្នេះ ខ្ញុំនៅតែត្រូវការលុយអ្នកផ្ទះបន្ថែមដើម្បីរ៉ាប់រងការរស់នៅប្រចាំថ្ងៃនៅក្នុងរាជធានី។»
តាមទិន្ន័យពីក្រសួងអប់រំ បានបង្ហាញថា និស្សិតដែលនឹងបញ្ចប់ការសិក្សានៅប្រទេសចិនក្នុងឆ្នាំនេះមានចំនួន ៩ លាននាក់ ហើយចំនួននេះរំពឹងកើនដល់ ១០ លាននាក់នៅឆ្នាំ២០២២៕