ភ្នំពេញ៖ ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានក្លាយជាក្រុមហ៊ុននាំមុខគេមួយ ដែលអនុវត្តន៍ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាថ្មីមួយរបស់រដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឬហៅកាត់ថា “ចុះបញ្ជីអាជីវកម្មអនឡាញ (OBR)” ជាសេវាកម្មច្រកចេញចូលតែមួយដែលជួយសម្រួលដល់ម្ចាស់អាជីវកម្ម ឬធុរជន ក្នុងការចុះបញ្ជីអាជីវកម្ម ដោយចំណាយពេលវេលា និងថវិកាតិចជាងមុន និងធ្វើឡើងជាកញ្ចប់តាមនីតិវិធីអនឡាញជាមួយក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ។
បន្ទាប់ពីដាក់ឱ្យដំណើរការនៅខែមិថុនា ឆ្នាំ២០២០ ប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្មីនេះទទួលបានក្រុមហ៊ុនចុះបញ្ជីដល់ទៅ ៧ ៧១៥ ក្រុមហ៊ុនដែលមានដើមទុនបូកបញ្ជូលគ្នាជិត ៣ ពាន់លានដុល្លារអាមេរិក គិតមកទល់ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជីវកម្មក្នុងវិស័យសំណង់ មានចំណែកធំជាងគេបង្អស់ដល់ទៅ ២៥ ភាគរយ, អចលនវត្ថុ ១៥ ភាគរយ, អាហរ័ណ នីហរ័ណ ទិញលក់ ជួសជុលយាន្តយន្ត និងទោចក្រយាន្តយន្តគ្រប់ប្រភេទ ១៦ ភាគរយ, កម្មន្តសាល ១៤ ភាគរយ, អាជីវកម្មក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង ៨ ភាគរយ និងអាជីវកម្មក្នុងវិស័យផ្សេងៗទៀត។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បង្កើតឡើងក្នុងគោលបំណងកែសម្រួលបរិយាកាសធុរកិច្ច និងវិនិយោគ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងជាពិសេសចូលរួមចំណែកដល់ការរក្សានិរន្តភាពនៃសកម្មភាសេដ្ឋកិច្ច ក្នុងបរិការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ។
OBR បានដាក់ឱ្យដំណើរការដំណាក់កាលទី១ នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២០ ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម អាចចុះបញ្ជីជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ៦នាពេលនោះ មានដូចជាក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ (មើលរូបភាពដំណាក់កាលទី១ និងទី២)
ដំណាក់កាលទី១នេះ ផ្តោតសំខាន់លើនីតិវិធីចាំបាច់ជាមូលដ្ឋាន ដែលមានន័យថា គ្រប់ក្រុមហ៊ុន-សហគ្រាស ត្រូវបំពេញ ដើម្បីធ្វើការចុះបញ្ជីអាជីវកម្មរបស់ខ្លួនជាផ្លូវការ និងស្របច្បាប់ដូចជា ការចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារជាមួយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងការផ្តល់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស ទៅក្រសួងការងារ។
សម្រាប់ដំណាក់កាលទី២ ដែលទើបដាក់ដំណើរការនៅថ្ងៃនេះ នឹងពង្រីកវិលាលភាពប្រើប្រាស់របស់ម្ចាស់អាជីវកម្ម ឬធុរជនឱ្យកាន់តែល្អ និងងាយស្រួលជាងមុនថែមមួយកម្រិតទៀត។ ដំណាក់កាលទី២ ផ្តោតលើការស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតផ្សេងៗទៅតាមប្រភេទនៃសកម្មភាពអាជីវកម្ម ដោយមានការចូលរួមពីក្រសួង-ស្ថាប័នចំនួន ៤ បន្ថែមទៀតមានដូចជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ។ (មើលតារាងរយៈពេលត្រួតពិនិត្យលើពាក្យស្នើសុំនីមួយៗ ត្រូវបានកាត់បន្ថយ និងការកំណត់)