តម្លៃដីតាមបណ្តោយផ្លូវជាតិលេខ១០ ដែលជាផ្លូវសាងសង់ថ្មី កំពុងមានការប្រែប្រួលគួរឲ្យកត់សម្គាល់នារយៈពេលពីរឆ្នាំចុងក្រោយ ស្របពេលផ្លូវជាតិថ្មីនេះសម្រេចការសាងសង់បានជាងពាក់កណ្តាល។ នេះបើតាមអ្នកជំនាញទីផ្សារដីធ្លីនៅតាមខេត្តបីផ្សេងគ្នាដែលផ្លូវជាតិនេះឆ្លងកាត់។
ផ្លូវជាតិលេខ១០ មានទទឹងផ្លូវ៩ ម៉ែត្រ និងប្រវែង ១៩៨ គីឡូម៉ែត្រ ដែលឆ្លងកាត់ ស្រុកសំឡូត នៃខេត្តបាត់ដំបង ឃុំអូរសោម ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវនេះបើកការដ្ឋានសាងសង់កាលពីខែធ្នូ ឆ្នាំ២០១៩ ដោយគ្រោងប្រើរយៈពេលប្រហែល៤ឆ្នាំដើម្បីបញ្ចប់ការសាងសង់។ គិតមកទល់បច្ចុប្បន្នផ្លូវមួយខ្សែនេះសម្រេចការសាងសង់ជាង៥០ភាគរយ។
ខាងក្រោមនេះជាការវិវឌ្ឍទីផ្សារដីធ្លីមុនពេលចាប់ផ្តើមសាងសង់ផ្លូវជាតិលេខ១០ និងគិតមកទល់បច្ចុប្បន្ន ដែលទិន្ន័យនេះផ្អែកតាមការសិក្សា ពីប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តទាំងបី៖
- ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់
លោកប៊ឹក ពោធិ៍ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចំាខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ទីតាំងដីធ្លីក្នុងឃុំអូរសោម ស្រុកវាលវែង មានតម្លៃដីដាក់លក់ចន្លោះពី ២ ០០០ ទៅ ២ ៥០០ ដុល្លារក្នុងមួយម៉ែត្រដើរ កាលពីអំឡុងដើមឆ្នាំ២០១៩។ បច្ចុប្បន្នតម្លៃនេះបានកើនដល់ចន្លោះពី ៧ ០០០ ទៅ ១ម៉ឺនដុល្លារ ក្នុងមួយម៉ែត្រដើរ។ ទីតាំងដីនេះសម្រាប់តែការសាងសង់លំនៅឋាន ដែលមានទំហំក្បាលដីជាមធ្យម១០០ម៉ែត្រ និងជម្រៅ ១៥០ ម៉ែត្រ។
ចំណែកដីចម្ការដែលមានប្លង់ទន់ (ភាគច្រើនជាប្រភេទដីទំនេរ និងមានដំណាំតិចតួចស្រាប់) មានតម្លៃដាក់លក់ចន្លោះពី ៣ ០០០ ទៅ ៥ ០០០ ដុល្លារក្នុងមួយហិកតា កាលពីអំឡុងដើមឆ្នាំ២០១៩ ហើយបច្ចុប្បន្នបានកើនដល់ចន្លោះពី ១៥ ០០០ដុល្លារ ទៅ ២ ៥០០០ ដុល្លារ ក្នុងមួយហិកតា។
ប្រភេទដីចម្ការដែលមានប្លង់រឹង ហើយមានដំណាំស្រាប់ មានតម្លៃដាក់លក់ចន្លោះពី ១៥ ០០០ ទៅ ២៥ ០០០ ដុល្លារក្នុងមួយហិកតា កាលពីអំឡុងដើមឆ្នាំ២០១៩។ តម្លៃដីនេះបានកើនដល់ចន្លោះពី ៣០ ០០០ ទៅ ៥០ ០០០ ដុល្លារក្នុងហិកតានាពេលបច្ចុប្បន្ន។
- ស្រុកសំឡូត ខេត្តបាត់ដំបង
ទីតាំងដីសម្រាប់ការសាងសង់លំនៅឋានស្ថិតក្នុងស្រុកសំឡូតដែលឆ្លងកាត់ផ្លូវជាតិលេខ ១០ មានតម្លៃដាក់លក់ចន្លោះពី ៤ ០០០ ទៅ ៥ ០០០ ដុល្លារក្នុងមួយហិកតា កាលពីអំឡុងដើមឆ្នាំ ២០១៩។ បច្ចុប្បន្នតម្លៃដីនេះបានកើនដល់ចាប់ពី ៣៥ ០០០ ដុល្លារឡើងទៅក្នុងមួយហិកតា។ នេះបើតាមលោក កែវ សារ៉ន ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចំាខេត្តបាត់ដំបង។
ចំណែកដីប្រភេទដីចម្ការវិញ លោកសារ៉ន បានឱ្យដឹងថា ដីប្រភេទនេះមានតម្លៃដាក់លក់ចន្លោះពី ៣ ៥០០ ទៅ ៤ ០០០ ដុល្លារក្នុងមួយហិកតា កាលពីអំឡុងដើមឆ្នាំ២០១៩។ តម្លៃដីនេះបានកើនដល់ចន្លោះពី ៧ ០០០ ទៅ ១ ៥០០០ ដុល្លារក្នុងមួយហិកតា ដោយអាស្រ័យលើដីចម្ការដែលមានដំណាំស្រាប់ និងដីនៅទំនេរ (ដីចម្ការក្នុងស្រុកសំឡូត ជាប្រភេទដីប្លង់ទន់)។
- កំណាត់ផ្លូវជាតិលេខ ១០ ក្នុងខេត្តកោះកុង
លោក ទុយ ប៉ោហេង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកោះកុង បានបញ្ជាក់ថា ទីតាំងដីផ្នែកខ្លះដែលស្ថិតនៅតាមកំណាត់ផ្លូវជាតិលេខ១០ ឆ្លងកាត់ខេត្តកោះកុង មិនត្រូវបានអនុញ្ញាតិឱ្យមានការទិញ-លក់នោះទេ (តំបន់ហាមឃាត់) លើកលែងតែទីតាំងដីរាប់ចាប់គីឡូទី១ ដល់ទី១៣ តាមបណ្តោយកំណាត់ផ្លូវជាតិលេខ១០នេះ ទើបអាចមានសទិ្ធទិញ-លក់បានធម្មតា។
តម្លៃដីតាមបណ្តោយផ្លូវជាតិលេខ១០ ដែលគិតចាប់ពីគីឡូទី១ ដល់គីឡូទី១៣ មានតម្លៃដាក់លក់ចន្លោះពី ៣ ទៅ ៥ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ (ឬប្រមាណ ៣ម៉ឺន ទៅ ៥ម៉ឺនដុល្លារក្នុងហិកតា) កាលពីអំឡុងដើមឆ្នាំ២០១៩។ ទីតាំងដីដដែលបានកើនដល់ ៦ ទៅ ១០ ដុល្លារក្នុងមួយម៉ែត្រការ៉េនាពេលបច្ចុប្បន្ន (ឬប្រមាណ ៦ម៉ឺន ទៅ ១០ម៉ឺនដុល្លារក្នុងមួយហិកតា)៕
ចុចអានអត្ថបទទាក់ទង៖ បណ្តោយផ្លូវជាតិថ្មីមួយភ្ជាប់ខេត្តបី នឹងទាក់ទាញវិនិយោគ និងទេសចរនៅកម្ពុជា