ក្រុមអ្នកវិនិយោគជប៉ុនកាន់តែបង្ហាញពីទំនុកចិត្តក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយបានបង្កើនទុនវិនិយោគគួរឱ្យកត់សម្គាល់ដល់ទៅជាង ៣ពាន់លានដុល្លារអាមេរិក។
យោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅល្ងាចថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា CDC បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគនៅកម្ពុជាដោយបែងជាពីរប្រភេទ គឺក្រុមហ៊ុនដែលវិនិយោគក្រៅ និងក្នុងតំបន់សេដ្ឋកិច្ចពិសេស។
បើតាម CDC គិតត្រឹមខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុនជប៉ុនដែលវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១៤៥ គម្រោង ហើយក្រុមហ៊ុនទាំងនេះបូកបញ្ជូលគ្នាមានទុនវិនិយោគសរុបប្រមាណ ២,៨ ពាន់លានដុល្លារអាមេរិក។ ចំណែកឯក្រុមហ៊ុនដែលវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញមាន ៦៦ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៣៤០ លានដុល្លារអាមេរិក។
សេចក្តីប្រកាសព័ត៌មាននេះធ្វើឡើង បន្ទាប់ពីជំនួបនៃកិច្ចពិភាក្សារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមអ្នកវិនិយោគជប៉ុន តាមប្រព័ន្ធវីដេអូ ដែលភាគីទាំងពីរផ្តោតលើការពិភាក្សាទាក់ទងនឹងបញ្ហាសំខាន់ៗមួយចំនួនដូចជា ការផ្គត់ផ្គង់ និងតម្លៃអគ្គិសនី, ដឹកជញ្ជូន (ឡូជីស្ទិក), ការនាំចូលរថយន្ត និងកតាព្វកិច្ចពន្ធដារជាដើម។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថាក្រុមហ៊ុនអាកាសចរជប៉ុន ANA នឹងចាប់ផ្តើមការហោះហើរផ្ទាល់រវាងប្រទេសជប៉ុន និងកម្ពុជាឡើងវិញនាពេលឆាប់ៗខាងមុខ ដើម្បីជួយជំរុញឱ្យទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនល្អប្រសើរ៕