បណ្តោយផ្លូវជាតិថ្មីមួយភ្ជាប់ខេត្តបី នឹងទាក់ទាញវិនិយោគ និងទេសចរនៅកម្ពុជា

Bunthoeun Chhut 30/August/2021 19:44
ចែករំលែក

គម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តសំខាន់ៗបី គឺខេត្តកោះកុង-ពោធិ៍សាត់-បាត់ដំបង នឹងក្លាយជាបណ្តាញ​ចរាចរណ៍ទំនិញ​ និងមនុស្ស​ដ៏សំខាន់ ដែលនឹងបង្កើនភាពទាក់ទាញសម្រាប់​វិស័យទេសចរណ៍ និងទិសដៅវិនិយោគ​ថ្មីនាពេលខាងមុខ។  ​

ផ្លូវជាតិលេខ១០ មានទទឹងផ្លូវ៩ ម៉ែត្រ ​និងប្រវែង ១៩៨ គីឡូម៉ែត្រ ដែលឆ្លងកាត់ ស្រុកសំឡូត ខេត្តបាត់ដំបង ឃុំអូរសោម​ ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវនេះអភិវឌ្ឍន៍ជាផ្លូវក្រាលកៅស៊ូពីរស្រទាប់ (BDST) ដែលបានចាប់ផ្តើមបើការដ្ឋានសាងសង់កាលពីខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងចំណាយលើការសាងសង់ប្រហែល ១៨៨ លានដុល្លារ។

បច្ចុប្បន្នផ្លូវជាតិលេខ ១០ សាងសង់បាន​ជាង៥០ភាគរយ ហើយតាមការគ្រោងទុកផ្លូវនេះត្រូវប្រើពេលសាងសង់រយៈពេល ៤៨ ខែ ឬស្មើនឹង ៤ ឆ្នាំ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់។

ផ្លូវជាតិលេខ ១០មិនត្រឹមតែមានសម្រស់ធម្មជាតិ និងព្រៃភ្នំអមសងខាងដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ទីតាំងដីនៅតាមបណ្តោយផ្លូវនេះក៏មានអំណោយផលដល់ដំណំាកសិកម្មជាច្រើនប្រភេទផងដែរជាពិសេស តំបន់អូរសោម និងស្រុកសំឡូត ដែលមានទាំងចម្ការពោត ដំឡូងមី និងធុរេនជាដើម។

កំណាត់ផ្លូវជាតិលេខ ១០ ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង។ រូបភាព៖ Z1News

ថ្លែង​ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ កាលពីខែធ្នូ ឆ្នាំ២០១៩ សម្តេចហ៊ុន សែន បានបញ្ជាក់ថា ​តំបន់ផ្លូវជាតិលេខ ១០ នឹងក្លាយជាតំបន់មានការអភិវឌ្ឍន៍មួយនៅក្នុងកម្រិតខ្ពស់នៅពេលអនាគត ដោយសារតំបន់នេះមានផ្លូវដឹកជញ្ជូន​ និងមាន​អគ្គិសនីគ្រាប់គ្រាន់ ដែលមានអំណោយផលសម្រាប់ការវិនិយោគលើរោងចក្រ។

រដ្ឋាភិបាលកម្ពុជា ធ្លាប់បានបង្ហើបពីផែនការបើកច្រកព្រំដែនថ្មដា តភ្ជាប់ខេត្តពោធិ៍សាត់ និងខេត្តត្រាត ប្រទេសថៃ ដើម្បីសម្រួលពាណិជ្ជកម្មព្រំដែនរវាងប្រទេសទាំងពីរ ស្របពេលដែលទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងថៃមានប្រមាណជា ៧ ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

កំណាត់ផ្លូវជាតិលេខ ១០ ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង។ រូបភាព៖ Z1News 

កំណាត់ផ្លូវជាតិលេខ ១០ ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង។ រូបភាព៖ Z1News 

កំណាត់ផ្លូវជាតិលេខ ១០ ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ រូបភាព៖ Z1News 

កំណាត់ផ្លូវជាតិលេខ ១០ ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ រូបភាព៖ Z1News 

ចម្ការពោត នៅជិតជើងភ្នំ ស្ថិតក្នុងស្រុកសំឡូត តាមបណ្តោយផ្លូជាតិលេខ ១០។ រូបភាព៖ Z1News 

ចម្ការដំឡូងមី នៅជិតជើងភ្នំ ស្ថិតក្នុងស្រុកសំឡូត តាមបណ្តោយផ្លូជាតិលេខ ១០។ រូបភាព៖ Z1News  

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង