អ្នកទិញផ្ទះនៅអាមេរិកអាចប្រើលុយ Bitcoin ទូទាត់កម្ចីបានជាលើកដំបូង

Bunthoeun Chhut 30/August/2021 17:08
ចែករំលែក

Bitcoin ដែលជារូបិយប័ណ្ណឌីជីថល និងមិនបានស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារកណ្តាលប្រទេសណាមួយនៅឡើយ ត្រូវបានក្រុមហ៊ុនផ្តល់កម្ចីធំមួយនៅអាមេរិក​សម្រេចទទួលយក​ជាមធ្យោបាយទូទាត់កម្ចីទិញផ្ទះ​ជាលើកដំបូងនៅចុងឆ្នាំនេះ។

ក្រុមហ៊ុន United Wholesale Mortgage ដែលជាក្រុមហ៊ុនផ្តល់កម្ចីធំមួយនៅអាមេរិក បានប្រកាសនៅសប្តាហ៍នេះថាខ្លួននឹងទទួលរូបីយប័ណ្ណឌីជីថល Bitcoin ជាមធ្យោបាយទូទាត់កម្ចីទិញផ្ទះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអាមេរិក CNBC។

លោក Mat Ishbia នាយកប្រតិបត្តិក្រុមហ៊ុន United Wholesale Mortgage បានបញ្ជាក់ថា៖«យើងបានត្រួតពិនិត្យពីការសិក្សារបស់យើង ហើយយើងរីករាយក្នុងការក្លាយខ្លួនជាក្រុមហ៊ុនផ្តល់កម្ចីទិញផ្ទះដំបូងគេនៅអាមេរិកដែលទទួលយកលុយអេឡិចត្រូនិកក្នុងការទូទាត់កម្ចីទិញផ្ទះ»។

លោកបន្តថា ក្រុមហ៊ុននឹងអាចចាប់ផ្តើមគម្រោងនេះចាប់ពីត្រីមាសទី ៣ ឆ្នាំនេះទៅ ដោយទទួលយក Bitcoin ជារូបីយប័ណ្ណសម្រាប់ទូទាត់ដំបូងគេ ហើយនឹងពិចារណារូបីយប័ណ្ណអេឡិកត្រូនិកប្រភេទផ្សេងនាពេលក្រោយ។

ក្រុមហ៊ុន UWM គឺជាក្រុមហ៊ុនផ្តល់កម្ចីធំទីពីរនៅអាមេរិកបន្ទាប់ពី Quicken ដែលមានមូលដ្ឋាននៅ​ Detroit និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Rocket Companies៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង