ខេត្តកោះកុង៖ ផ្លូវជាតិលេខ៤៨ ជាផ្លូវគមនាគមន៍ដ៏សំខាន់មួយក្នុងខេត្តកោះកុង ហើយផ្លូវនេះក៏មានការតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ចេញពីខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់របស់កម្ពុជា។ បច្ចុប្បន្នរដ្ឋាភិបាលបានសម្រេចស្ថាបនាផ្លូវជាតិលេខ ៤៨ ដើម្បីបង្កើនសក្តានុពលវិនិយោគ និងដឹកជញ្ជូន ដែលកត្តានេះនឹងធ្វើឱ្យទីផ្សារអចលនទ្រព្យនៅក្នុងតំបន់នេះកាន់តែលេចធ្លោ។ បីចំណុចខាងក្រោមនេះ ជាអ្វីដែលអ្នកគួរដឹងពីទីផ្សារអចលនទ្រព្យតាមបណ្តោយផ្លូវ ៤៨៖
1- ផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123)
ផ្លូវជាតិលេខ ៤៨ នឹងត្រូវស្ថាបនាឡើងវិញ ដើម្បីលើកកម្រិតគុណភាពផ្លូវនេះឱ្យកាន់តែល្អប្រសើរ ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ៦៥ លានដុល្លារ។ គម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ ៤៨ មានប្រវែង ១៤៨ គីឡូម៉ែត្រ ដោយចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវនេះបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែ មករា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់អំឡុងខែមិថុនា ឆ្នាំ២០២៤។
តាមការបញ្ជក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ការស្ថាបនាផ្លូវជាតិដ៏សំខាន់នេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូន, ជំរុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនសេដ្ឋកិច្ចក្នុងតំបន់ជាពិសេស ជាមួយប្រទេសជិតខាង ដោយសារតែផ្លូវនេះ ជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងប្រទេសភូមា។
2- ជាផ្លូវដែលបណ្តុំដោយតំបន់សេដ្ឋកិច្ចពិសេស
សក្តានុពលនៃផ្លូវជាតិលេខជាតិលេខ ៤៨ បានទាក់ទាញការវិនិយោគសួនឧស្សាហកម្មដល់ទៅ៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះតែមួយ។ តំបន់សេដ្ឋកិច្ច ពិសេស៤កន្លែងនេះមានដូចជា តំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh Kong SEZ), តំបន់សេដ្ឋកិច្ចពិសេសស៊ួយ ឆេង (Suoy Chheng SEZ, តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង (Kirisakor Koh Kong SEZ) និងតំបន់សេដ្ឋកិច្ចពិសេសរតនា(Ratana SEZ)។
3- ទីផ្សាដីធ្លីរបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ
ដោយសារទីតាំង និងសក្តានុពល្អទាំងនេះហើយ បានជំរុញឱ្យតម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ ៤៨ មានកំណើនល្អពីមួយឆ្នាំទៅមួយឆ្នាំ។
ជាក់ស្តែងតម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ ៤៨ មានតម្លៃដាក់លក់ចន្លោះពី ៧ ទៅ ៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ កាលពីដើមឆ្នាំ២០២០ ហើយបច្ចុប្បន្នតម្លៃនេះបានកើនដល់ចន្លោះពី ១៣ ទៅ ១៨ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះគឺអាស្រ័យលើទីតាំងសក្តានុពលនៃដី។ នេះបើតាម លោកទុយ ប៉ោហេង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកោះកុង៕