ស្រុកឱរ៉ាល់នៃខេត្តកំពង់ស្ពឺកំពុងទទួលបានកំណើនវិនិយោគជាបន្តបន្ទាប់ ដែលជាសញ្ញាល្អមួយសម្រាប់ការអភិវឌ្ឍនៅតំបន់នេះ ស្របពេលដែលស្ថាប័នផ្តល់សិទ្ធវិនិយោគរបស់រដ្ឋាភិបាលបានផ្តល់សិទ្ធវិនិយោគរោងចក្រថ្មីៗកាន់តែច្រើនឡើងទៅតំបន់នេះ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃចន្ទទី២៣ សីហា បានប្រកាសពីការផ្តល់វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់គម្រោងវិនិយោគ ៧ គម្រោងបន្ថែមទៀតក្នុងពេលតែមួយ ហើយក្នុងនោះគម្រោងរោងចក្រពីរបានបោះទុនវិនិយោគដោយដាក់ទីតាំងនៅស្រុកឱរ៉ាល់។ គម្រោងទាំងពីរគឺ៖
១ – គម្រោងរោងចក្រ XIN CHENHUI (CAMBODIA) CHEMICAL INDUSTRY CO., LTD. ដែលជារោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គម្រោងនេះមានទុនវិនិយោគ ៩,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២នាក់។
២ – គម្រោងរោងចក្រ CAMBODIAN XING CAN SHI PIN CO., LTD. ជារោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, ម្នាស់, មៀន, ខ្នុរ និងស្វាយចន្ទី) ដែលមានទីតាំងនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៤នាក់។
ស្រុកឱរ៉ាល់ជាស្រុកមួយនៃខេត្តកំពង់ស្ពឺ ដែលជាខេត្តសក្តានុពលមួយសម្រាប់ទីតាំងរោចក្រឧស្សាហកម្មដោយសារស្ថិតនៅចន្លោះកណ្តាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុដែលជាតំបន់កំពង់ផែអន្តរជាតិធំជាងគេរបស់កម្ពុជា។
យោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ចាប់ពីខែមករា មកដល់ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគសរុប ១៤ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៨៤ លានដុល្លារ។
កំណើនវត្តមានរោងចក្រឧស្សាហកម្មនៅខេត្តកំពង់ស្ពឺ បានជំរុញឲ្យមានសកម្មភាពទិញ-លក់ដីនៅខេត្តកំពង់ស្ពឺនេះមានភាពផុសផុលផងដែរនារយៈពេលចុងក្រោយនេះ។
យោងតាមទិន្នន័យពីក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ ខេត្តកំពង់ស្ពឺ មានចំនួនទិញលក់ដីធ្លីសរុប ៨ ៥១៨ ប្រតិបត្តិការកាលពីឆ្នាំ ២០២០ (ប្រតិបត្តិការដែលមានការកាត់ឈ្មោះជាផ្លូវការ)។ ក្នុងចំណោមនោះ ស្រុកឱរ៉ាល់ក៏ជាទីតាំងសក្តានុពលមួយផងដែរ៕