តម្លៃដីហក់ឡើងមិនធ្លាប់មាន បន្ទាប់ពីផ្លូវថ្មីស្រឡាង១ខែ្សបានស្ថាបនាឡើង

Bunthoeun Chhut 24/August/2021 17:20
ចែករំលែក

ខេត្តកោះកុង​៖ តម្លៃ​ដី​នៅតាមបណ្តោយ​ផ្លូវថ្មីមួយខ្សែក្នុងខេត្តកោះកុង បានកើនឡើង​​ជិត ១០ ដង​ក្នុងរយៈពេលមិនដល់មួយឆ្នាំ​​ផងក្នុងចន្លោះពីពេលចាប់ផ្តើមសាងសង់មកទល់បច្ចុប្បន្ន ដោយសារមានផ្លូវថ្មីតភ្ជាប់តំបន់​​ជនបទដាច់ស្រយាល ទៅ​តំបន់​ទីរួមខេត្តកោះកុង។

គម្រោងអភិវឌ្ឍន៍ផ្លូវថ្មីមួយខ្សែនេះ​មានឈ្មោះថា «ផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដ មរតកតេជោ ហ៊ុន សែន» មានទទឹង ៩ម៉ែត្រ និងប្រវែង ៣៩ គីឡូម៉ែត្រ ដែលជា​​ផ្លូវ​ថ្មី​​​ត​ភ្ជាប់​ស្រុក​មណ្ឌល​សី​ម៉ា​ទៅកាន់​ស្រុក​គិរីសាគរ​ និង​ទៅកាន់​ក្រុង​ខេមរភូមិន្ទ។ ផ្លូវនេះ​ស្រប​​តាម​បណ្តោយ​ឆ្នេរសមុទ្រដែលមាន​ឆ្នេរ​ខ្សាច់​ស​ស្អាត ព័ទ្ធ​ទៅដោយ​ភ្នំ មាន​ព្រៃឈើ​ខៀវស្រងាត់។

លោកទុយ ប៉ោហេង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding  ប្រចាំខេត្តកោះកុង បានប្រាប់បណ្តាញ​ព័ត៌មានអចលនទ្រព្យ​ Z1News ថា មុនពេលដែលផ្លូវថ្មីនេះ​ចាប់ផ្តើមសាងសង់ ទីតាំងដីធ្លីនៅតាមបណ្តោយផ្លូវថ្មីនេះមានតម្លៃដាក់លក់ប្រហែល ៥ ០០០ ដុល្លារក្នុងមួយហិកតា។ ប៉ុន្តែ បច្ចុប្បន្នស្របពេលដែលផ្លូវថ្មីនេះសាងសង់បានភាគច្រើន តម្លៃដីនៅតាមបណ្តោយផ្លូវលំនេះ​​បានកើនដល់ ៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ (ប្រហែល ៦ ម៉ឺនដុល្លារក្នុងមួយហិកតា)។

លោកទុយ ប៉ោហេង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកោះកុង

គម្រោងអភិវឌ្ឍន៍ផ្លូវនេះចាប់ផ្តើមសាងសង់កាលពីអំឡុងខែមីនា ឆ្នាំ២០២១ ហើយរំពឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ។ គិតមកទល់ពេលនេះ ផ្លូវនេះសាងសង់បានប្រហែល ៧០ ភាគរយហើយ។ ផ្លូវថ្មីនេះ ជាប្រភេទផ្លូវក្រាលគ្រួសក្រហម អនុវត្តន៍ដោយកងវិស្វកម្មតេជោហ៊ុនសែន ប៉ុន្តែមានការរំពឹងទុកថា ផ្លូវថ្មីនេះនឹងត្រូវអភិវឌ្ឍនទៅជាផ្លូវកៅស៊ូនាពេលអនាគត។​

បើតាមលោក ប៉ោហេង អ្នកវិនិយោគជាច្រើនបានប្រមូលទិញដីនៅតាមបណ្តោយផ្លូវនេះ ដោយរំពឹងទុកពីផលចំណេញខ្ពស់នាពេលខាងមុខ ​ដោយសារកំណើនវិនិយោគបរទេសជាពិសេសជនជាតិចិន។

លោកបញ្ជាក់ថា៖ «ភាគច្រើនអ្នកវិនិយោគ គាត់ទិញទុកដើម្បីយកចំណេញ ដោយសារផ្លូវនេះជាផ្លូវក្រវ៉ាត់មាត់សមុទ្រ ហើយក៏ជាផ្លូវគោលមួយ ដោយមានការតភ្ជាប់ជាមួយស្រុកគិរីសាគរ កោះស្តេច ដែលជាតំបន់មានជនជាតិចិនរស់នៅ និងវិនិយោគច្រើន​​»។

ផ្លូវលំមួយខ្សែនេះក៏ជាផ្លូវតភ្ជាប់ពីតំបន់ដាច់ស្រយាលនៃខេត្តកោះកុងទៅគម្រោងអភិវឌ្ឍន៍វិនិយោគចម្រុះកម្ពុជា-ចិន ឬតំបន់វិស្សមកាលទេសចរណ៍តារាសាគរកម្ពុជា ស្ថិតក្នុងខេត្តកោះកុង ដែល​កំពុងត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិន Tianjin Union Development Group (UDG)។ ក្រុមហ៊ុននេះទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលកម្ពុជារយៈពេល៩៩ ឆ្នាំ ដើម្បីអភិវឌ្ឍន៍លើផ្ទៃដី ៤៥ ០០០ ពាន់ហិកតា។

គម្រោងសាងសង់អាកាសយាន្តដ្ឋាន​អន្តរជាតិតារាសាគរ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន UDG ហើយអាកាសយាន្តដ្ឋាននេះរំពឹងបើកដំណើរនៅចុងឆ្នាំ២០២១នេះ៕  ​

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង