ការវិនិយោគអចលនទ្រព្យបានវិលទៅរកកំណើនខ្លាំងដូចពេលមុនផ្ទុះកូវីដ-១៩ វិញហើយ

Bunthoeun Chhut 23/August/2021 16:10
ចែករំលែក

ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យពិភពលោក​បានកើនដល់បរិមាណដូចមុនពេលមានវិបត្តិកូវីដ ១៩ វិញហើយបន្ទាប់ពីបានថមថយខ្លាំងកាលពីឆ្នាំមុន ដែលឆ្លុះបញ្ជាំងពីលទ្ធភាពងើបឡើងវិញលឿនរបស់​វិស័យអចលនទ្រព្យ ជាពិសេស​ទំនុកចិត្តខ្ពស់​របស់​វិនិយោគិន​។

ប្រតិបត្តិការទិញ-លក់ក្នុងវិស័យអចលនទ្រព្យនៅលើពិភពលោកទាំងមូល​ក្នុងរយៈពេល ៦ខែដំបូងឆ្នាំ ២០២១ សម្រេចបានទឹកប្រាក់ ៤៥៩ ពាន់លានដុល្លារ​ កើនឡើង ១៥ ភាគរយពី​ទុនវិនិយោគ​កាលពីរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យ​ក្រុមហ៊ុនអចលនទ្រព្យ CBRE Global។

ចំនួននេះក៏មានចំនួន​ច្រើនជាងទុនវិនិយោគនៅឆមាសទីមួយឆ្នាំ​ ២០១៩ ដែលជាពេលមិនទាន់មានវិបត្តិជំងឺកូវីដ ១៩  ដែលកាលនោះ​ទុនវិនិយោគក្នុងទីផ្សារអចលនទ្រព្យពិភពលោកមានទឹកប្រាក់ ៤២៨ ពាន់លានដុល្លារ។

បើតាមរបាយការណ៍ ក្នុងចំណោមប្រតិបត្តិការទិញ-លក់សរុប ៤៥៩ ពាន់លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២១ ទឹកប្រាក់ទូទាត់អចលនទ្រព្យជាប្រភេទ​ទីផ្សារការិយាល័យមានចំណែកដល់ទៅ ២៦ ភាគរយ, ឧស្សាហកម្មមាន ២២ ភាគរយ និងទីផ្សារលំនៅឋានមានចំណែក ២០ ភាគរយ។

របាយការណ៍ បានបង្ហាញថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗដូចជា​សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ និងចិន មានប្រតិបត្តិការទិញលក់ខ្លាំងជាងគេ ក្នុងនោះ គ្រាន់តែ អង់គ្លេស និងអាល្លឺម៉ង់ ដែលឋិតក្នុងប្លុកអ៊ឺរ៉ុប មានចំណែកដល់ទៅ ៥៥ ភាគរយនៃទឹកប្រាក់ទិញ-លក់សរុបក្នុងត្រីមាសទី២ ឆ្នាំ២០២១។

កំណើនវិនិយោគអចលនទ្រព្យគួរឱ្យកត់សម្គាល់នៅដើមឆ្នាំនេះ រួមចំណែកជាចម្បងដោយសារការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសធំៗនៅលើពិភពលោកដោយសារ​អត្រានៃការចាក់វ៉ាក់សាំងមានកំណើនខ្ពស់។

អ្នកជំនាញ CBRE Global បានបញ្ជាក់នៅក្នុងរបាយការណ៍នេះ ដោយបានព្យាករណ៍ថា ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យពិភពលោកពេញមួយឆ្នាំ២០២១នេះ ថានឹងអាចមានកំណើនចន្លោះពី ២០ ទៅ ២៥ ភាគរយធៀបនឹងឆ្នាំ ២០២០៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង