តើតម្លៃដីក្នុងស្រុកកណ្តាលស្ទឹងកើនយ៉ាងដូចម្តេចក្នុងមួយឆ្នាំនេះ?

Bunthoeun Chhut 19/August/2021 16:28
ចែករំលែក

ខេត្តកណ្តាល៖ ទីតាំងដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ២ និងលេខ៣ ដែលគិតតែតំបន់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានបង្ហាញពីកំណើនតម្លៃ​ជាង ៥០ ភាគរយ ត្រឹមតែរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ ស្របពេលដែលកំណាត់ផ្លូវទាំងពីរខ្សែត្រូវបានអភិវឌ្ឍន៍ឱ្យប្រសើរជាងមុន។​

លោក ស៊ូ ប៊ុនសុង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកណ្តាល​ បានប្រាប់បណ្តាញ​ព័ត៌មានអចលនទ្រព្យ Z1News ថា ទីតាំងដីនៅតាមបណ្តោយផ្លូវជាតិទាំងពីរខ្សែ ដែលឆ្លងកាត់​ស្រុកកណ្តាលស្ទឹង មានតម្លៃដាក់លក់ (asking price) ចន្លោះពី ២០០ ទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពីដើមឆ្នាំ២០២០។ បច្ចុប្បន្ន ទីតាំងដីដដែលបានកើនតម្លៃ​ចន្លោះពី ៣០០ ទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ​ ដែលមានអត្រាកំណើនប្រហែលពី ៥០ ទៅ ៦០ ភាគរយ។

លោកបញ្ជាក់ថា៖​ «បច្ចុប្បន្នទីតាំង​ដីនៅតាមបណ្តោយផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ [ស្រុកកណ្តាលស្ទឹង] មានដីទំនេរច្រើនដែលជាដីស្រែ។ ប៉ុន្តែរយៈពេល ៥ ទៅ ៦ ឆ្នាំខាងមុខ ដីស្រែទាំងនេះនឹងប្រែក្លាយទៅតំបន់ឧស្សាកម្ម ដែលមានរោងចក្រ  សហគ្រាស ឃ្លាំង និងគម្រោងលំនៅឋានជាច្រើន»។

គិតមកទល់​បច្ចុប្បន្ន ផ្លូវជាតិលេខ៣ បានស្ថាបនាស្ទើររួចរាល់ទាំងស្រុង ស្របពេលដែលផ្លូវជាតិលេខ២ សម្រេចបានការសាងសង់បានភាគច្រើន។ បើតាមលោក ប៊ុនសុង តំបន់ផ្លូវជាតិលេខ​២ ដែលឆ្លងកាត់ស្រុកកណ្តាលស្ទឹង មានការវិនិយោគលើឃ្លាំង និងរោងចក្រ ច្រើនជាងផ្លូវជាតិលេខ៣ ដោយសារតែផ្លូវជាតិលេខ២ នៅជិតនឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលបង្កលក្ខណៈងាយស្រួលក្នុងការដឹកជញ្ជូន។

ការស្ថាបនាកំណាត់ផ្លូវជាតិលេខ៣ ដែលចាប់ផ្តើមចេញពីចោមចៅ ឆ្ពោះទៅដល់ខេត្តកំពត រំពឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីបានបើកការដ្ឋានសាងសង់ និងស្តារឡើងវិញកាលពីខែឧសភា ឆ្នាំ២០១៨។ កំណាត់ផ្លូវជាតិនេះមានប្រវែងប្រហែល ១៣៥គីឡូម៉ែត្រ ដោយតភ្ជាប់ពីរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តសំខាន់ៗមួយចំនួនដូចជាខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងកំពត។

ចំណែកឯ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២ គីឡូម៉ែត្រ ដែលការសាងសង់ចាប់ផ្តើមពីពីរង្វង់មូលតាខ្មៅ​ ខេត្តកណ្តាល ដល់តំបន់អង្គតាសោម ក្នុងខេត្តតាកែវ។ កំណាត់ផ្លូវជាតិលេខ២ បើកការដ្ឋានសាងសង់នៅខែ កុម្ភៈ ឆ្នាំ២០២០ រំពឹងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២២៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង