កំណើនគម្រោងលំនៅឋានធ្វើឲ្យទីផ្សារអចលនទ្រព្យភាគខាងត្បូងភ្នំពេញកាន់តែទាក់ទាញ

Bunthoeun Chhut 18/August/2021 16:39
ចែករំលែក

ភ្នំពេញ៖ កំណើនយ៉ាងឆាប់រហ័សនៃ​​​​គម្រោងលំនៅឋាននៅ​​តំបន់​ភាគខាងត្បូងរាជធានីភ្នំពេញ កំពុងធ្វើឲ្យតំបន់នេះ​កាន់តែទាក់ទាញសម្រាប់ការវិនិយោគ​​អចលនទ្រព្យ ហើយ​​​គិតមកទល់បច្ចុប្បន្ន តំបន់នេះ​​មាន​​គម្រោងលំនៅឋាន​ដល់ទៅជិត ៩០ គម្រោង (សាងសង់រួច និងកំពុងសាងសង់)។

ភាគខាងត្បូងរាជធានីភ្នំពេញគិតតែខណ្ឌដង្កោ ខណ្ឌមានជ័យ តំបន់ក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង មានគម្រោងលំនៅឋានដែល​បានបញ្ចប់ការសាងសង់រួចរាល់ចំនួន ៥៤ គម្រោង និង ៣០គម្រោងផ្សេងទៀតកំពុងដំណើរការសាងសង់។​ នេះបើតាមការសិក្សាថ្មីមួយរបស់ក្រុមហ៊ុន CBRE Cambodia។

របាយការណ៍បញ្ជាក់ថា៖ «តម្លៃលំនៅឋានស្ថិតនៅភាគខាងត្បូងមានទាំងការផ្គត់ផ្គង់សម្រាប់អ្នកជីវភាពកម្រិតខ្ពស់ កម្រិតមធ្យម និងតម្លៃសមរម្យ​ ដោយ​សារ​​ដីមានតម្លៃសមរម្យ ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធកំពុងបន្តអភិវឌ្ឍ»។

តាមទិន្នន័យ CBRE Cambodia គម្រោងលំនៅឋានដែលកំពុងសាងសង់ទាំង៣០គម្រោង ផ្តោតភាគច្រើន​លើ ទីផ្សារ​តម្លៃសមរម្យ (affordable) និងកម្រិតមធ្យម (mid-range)។ ការសិក្សាដដែលបានបង្ហាញថា ក្នុងចំណោមគម្រោងកំពុងសាងសង់ទាំង ៣០ គម្រោង គម្រោង​លំនៅឋានតម្លៃសមរម្យភាគច្រើនមាននៅខណ្ឌដង្កោ និង​ខណ្ឌមានជ័យ​។ ស្រុកណ្តាលស្ទឹង​ ដែលជាតំបន់ជិតគម្រោង​អភិវឌ្ឍន៍​អាកាសយាន្តដ្ឋានអន្តរជាតិ​ភ្នំពេញថ្មី ក៏កំពុងបង្ហាញពីកំណើនវិនិយោគលំនៅឋានតម្លៃសមរម្យផងដែរ។

លោក ខេន ឡូ នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty  បានលើកឡើងថា​ភាគ​ខាងត្បូងរាជធានីភ្នំពេញ ដែលចេញពីតំបន់មហាវិថីសម្តេច ហ៊ុន សែន (ឬមហាវិថី៦០ម៉ែត្រ) រហូតឆ្ពោះទៅដល់គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីកំពុងក្លាយជាតំបន់អភិវឌ្ឍន៍ដ៏លេចធ្លោ ដោយមានទាំងការអភិវឌ្ឍន៍អាគារពាណិជ្ជ​កម្ម និងគម្រោងលំនៅឋាន។

លោកថ្លែងថា៖ «ទីតាំងដីធ្លីនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ជាតំបន់មានសក្តានុពលខ្លាំងនារយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ ព្រោះនឹងក្លាយជាតំបន់សម្រាប់ពាណិជ្ជកម្ម និងលំនៅឋានដ៏ទាក់ទាញ​»៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង