សឹង្ហបុរីទទួលបានការវិនិយោគអចលនទ្រព្យច្រើនជាងគេបង្អស់មិនធ្លាប់មាន

Bunthoeun Chhut 17/August/2021 15:32
ចែករំលែក

វិនិយោគិនបរទេស​បានបង្ហាញពីទំនុកចិត្ត​កាន់តែខ្លាំងក្នុងការបណ្តាក់ទុនក្នុង​វិស័យអចលនទ្រព្យសឹង្ហបុរី ដោយបានបង្កើនទុនវិនិយោគថ្មីក្នុងវិស័យ​នេះដល់ទៅជិតពីរដងក្នុងឆមាសទីមួយឆ្នាំ​នេះ ស្របពេលសេដ្ឋកិច្ចសឹង្ហបុរីកំពុង​បង្ហាញពីសញ្ញាវិជ្ជមានច្រើន។

ទុនវិនិយោគអចលនទ្រព្យនៅសឹង្ហបុរីក្នុងរយៈ៦ខែដំបូង​ឆ្នាំ២០២១នេះ (មករា-មិថុនា) មានចំនួនដល់ទៅ ៤,៧ ពាន់លានដុល្លារ កើនឡើង ៩៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Real Estate Capital Analytics (RCA) ដោយចេញផ្សាយបន្ត​ដោយសារព័ត៌មានសេដ្ឋកិច្ចសឹង្ហបុរី Business Times។

ទិន្នន័យ RCA បានបង្ហាញថា​ ជាងពាក់កណ្តាលនៃទឹកប្រាក់សរុប ៤,៧ ពាន់លានដុល្លារ ទទួលបានការបោះទុនពីវិនិយោគិនបរទស។ RCA បញ្ជាក់ថាសកម្មភាពវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឱ្យប្រទេសសឹង្ហបុរីក្លាយជាទិសដៅវិនិយោគអចលនទ្រព្យច្រើនជាងគេបង្អស់​ក្នុងតំបន់អាស៊ីប៉ាហ្វិក ហើយទុនវិនិយោគភាគច្រើនផ្តោតលើចំណែកទីផ្សារអចលនទ្រព្យឧស្សាហកម្ម និងការិយាល័យ។

​តំបន់អាស៊ីប៉ាស៊ីហ្វិកមានចំនួន៤៨ ប្រទេស ដែល​កម្ពុជាក៏ស្ថិតនៅតំបន់នេះផងដែរ ហើយក្នុងរយៈពេលពាក់កណ្តាលឆ្នាំ ២០២១​ ការវិនិយោគអចលនទ្រព្យនៅក្នុងតំបន់នេះមានទឹកប្រាក់បូកបញ្ជូលគ្នាប្រមាណ ៧៧,៦ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៨ ភាគរយធៀបនឹងឆ្នាំមុន។

សកម្មភាពវិនិយោគអចលនទ្រព្យដ៏ផុសផុលក្នុងប្រទេសសឹង្ហបុរី ទំនង​ជាមាន​ការរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើនសេ្ឋកិច្ចប្រទេសនេះ។ តាមការព្យាករណ៍ពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរី  បានបង្ហាញថាសេដ្ឋកិច្ចប្រទេសនេះនឹងមានកំណើនចន្លោះពី ៦ ទៅ ៧ ភាគរយក្នុងឆ្នាំ ២០២១ ដែលអត្រាកំណើននេះខ្ពស់ជាងការព្យាករណ៍លើកដំបូងថានឹងមានកំណើន ៤ ទៅ ៦ ភាគរយ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង