ភ្នំពេញ៖ តម្លៃជួលដីដើម្បីប្រតិបត្តិការរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសធំមួយនៅកម្ពុជា នៅមានតម្លៃទាបជាងឆ្ងាយនៅឡើយធៀបនឹងប្រទេសជិតខាង ដែលឆ្លុះបញ្ជាំងថាកម្ពុជានៅមានឱកាសជាច្រើនទៀតក្នុងការទាញប្រយោជន៍ពីកំណើនតម្លៃជួលទីតាំងរោងចក្រ និងឃ្លាំងនាពេលខាងមុខ។
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) គឺជាតំបន់សេដ្ឋកិច្ចធំជាងគេមួយនៅកម្ពុជា ហើយប្លុកឧស្សាហកម្មនេះបានប្រមូលចំណូលពីការជួលទីតាំងជាពីរប្រភេទ គឺទីមួយការជួលដី និងទីពីរការជួលរោងចក្រ។
យោងតាមទិន្នន័យពីក្រុមហ៊ុន CBRE Cambodia គិតត្រឹមដំណាច់ឆ្នាំ២០២០ ទីតាំងដីសម្រាប់ដាក់ជួលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) មានតម្លៃជាមធ្យម ១ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈតម្លៃជួលរោងចក្រវិញមានតម្លៃជួលជាមធ្យម ៣,១ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។
អត្រាជួលនេះហាក់មានតម្លៃទាប បើធៀបនឹងតម្លៃជួលរោងចក្រ និងឃ្លាំង (ready-built factories – RBFs) នៅតាមតំបន់សេដ្ឋកិច្ចពិសេសនៅវៀតណាម និងនៅប្រទេសថៃ។ នេះបើតាមរបាយការណ៍ពីក្រុមហ៊ុន CBRE ដដែលដែលត្រូវបានរាយការណ៍ដោយព័ត៌មានក្នុងស្រុកវៀតណាម និងថៃ។ តម្លៃជួលរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសនៅវៀតណាមតម្លៃជាមធ្យម ៥ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈនៅថៃមានតម្លៃ ៦ ដុល្លារក្នុងមួយម៉េត្រការ៉េក្នុងមួយខែ។
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ឬ PPSEZ បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០០៧ ហើយបច្ចុប្បន្ន PPSEZ ជាតំបន់សេដ្ឋកិច្ចពិសេសធំជាងគេទីពីរនៅកម្ពុជា ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំង១៧។ PPSEZ មានទំហំផ្ទៃដីសរុបជាង ៣៥៧,៣២ហិកតា ហើយមានរោងកក្រឧស្សាកម្ម ឬសហគ្រាស ៩២ គម្រោងកំពុងប្រតិបត្តិការ។

តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាចំនួន ១៧ ដែលកំពុងដំណើរការ។ ទិន្ន័យ៖ PPSEZ
តាម CBRE Cambodia ទំហំផ្ទៃដីសរុបជាង ៣៥៧ ហិកតា (ឬប្រហែល ៣ ៥៧៣ ១៧៩ ម៉ែត្រការ៉េ) ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានប្រើប្រាស់អស់ប្រហែល ៧៥ ភាគរយ គិតត្រឹមឆ្នាំដំណាច់ឆ្នាំ២០២០។ ប្រភពដដែលបញ្ជាក់ថាវិនិយោគិនបរទេសដែលបានជួលទីតាំងសម្រាប់ប្រតិបត្តិការអាជីវកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះភាគច្រើនជាវិនិយោគិនមកពីប្រទេសជប៉ុន ដែលមានចំណែកដល់ទៅ ៣៧ ភាគរយ ហើយវិនិយោគគិនចិនមានចំណែក ១៧ ភាគរយ នៃចំនួនអ្នកជួលសរុប។
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការកាលពីឆ្នាំ២០១៦ ដែលបានបើកផ្លូវឲ្យតំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយនេះ លក់ភាគហ៊ុនរបស់ខ្លួនមានឈ្មោះក្នុងផ្សារមូលបត្រថា PPSP។ PPSEZ បានបោះលក់មូលបត្រជាសាធារណៈជាលើកដំបូងបានដោយជោគជ័យ ដោយកៀរគរដើមទុនបានទឹកប្រាក់ ៨,២លានដុល្លារ ពីការបោះផ្សាយលក់មូលបត្រចំនួន ១១,៦ លានហ៊ុន ដែលភាគហ៊ុននាពេលនោះធ្វើ IPO មានតម្លៃ ០,៧១ ដុល្លារ៕

ផែនការមេ នៃការប្រើប្រាស់ដីក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ផ្ទៃដីតំបន់សេដ្ឋកិច្ចពិសេសនេះលាតសន្ធឹងក្នុងសង្កាត់បីគឺសង្កាត់កន្ទោក សង្កាត់ភ្លើងឆេះរទះ និងសង្កាត់បឹងធំ នៃខណ្ឌកំបូល។ រូបភាព៖ PPSEZ