លំហូរវិនិយោគពីបរទេសជួយបង្កើនតម្រូវការអចលនទ្រព្យឧស្សាហកម្មនៅវៀតណាម

Bunthoeun Chhut 13/August/2021 16:46
ចែករំលែក

វៀតណាម៖ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDIs) នៅវៀតណាមបន្តបង្ហាញកំណើន​ល្អដែលមានទំំហំទឹកប្រាក់សម្រេចបានជាង១០ពាន់លានដុល្លារក្នុងរយៈពេល៧ខែ (មករា-កក្កដា) ឆ្នាំ២០២១។

ទុនវិនិយោគភាគច្រើនផ្តោតលើវិស័យកែច្នៃ និងកម្មន្តសាល ដែលមានចំណែកជិត៥០ ភាគរយនៃទុនវិនិយោគសរុប ដែលកត្តានេះបង្កើតឱ្យមានតម្រូវការ​​និងការវិនិយោគអចលនទ្រព្យឧស្សាហកម្មយ៉ាងផុសផុល។ នេះបើតាមទិន្ន័យពីក្រសួងផែនការ និងវិនិយោគវៀតណាម។

តាមទិន្ន័យដែលរាយការណ៍ដោយព័ត៌មានក្នុងស្រុកវៀតណាមចេញផ្សាយសប្តាហ៍មុន បានបង្ហាញថា FDIs នៅវៀតណាមសម្រេចបានទំហំទឹកប្រាក់សរុប ១០,៥ ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែឆ្នាំ២០២១កើនឡើងប្រហែល ៤ ភាគរយធៀបនឹងរយៈពេលដូចគ្នានកាលពីឆ្នាំមុន។ ក្នុងនោះ FDI វិនិយោគលើវិស័យកែច្នៃ និងកម្មន្តសាលមានទំហំទឹប្រាក់ច្រើនជាងគេដល់ទៅ ៧,៩ ពាន់លានដុល្លារ ឬស្មើនឹង ៤៧ ភាគរយនៃទុនវិនិយោគសរុបជាង ១០ ពាន់លានដុល្លារ។

លោក John Campbell អ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Savills Vietnam បានលើកឡើង​ថា​កំណើនវិនិយោគក្នុងវិស័យឧស្សាហកម្ម បានបង្កើតឱ្យមានតម្រូវការដីធ្លីសម្រាប់ការសាងសង់ឃ្លាំង និងរោងចក្រ។​

លោក John បានបញ្ជាក់ថា ក្នុងអំឡុងដើមឆ្នាំ២០២១​នេះ​ ក្រុមហ៊ុន​ Logos Property ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី កំពុងអភិវឌ្ឍន៍គម្រោងឧស្សាហកម្មមួយលើផ្ទៃដី ៨១ ០០០ ម៉ែត្រការ៉េ ស្ថិតក្នុងសួនឧស្សាហកម្មមួយនៅខេត្ត Bac Ninh ភាគខាងកើតនៃក្រុងហាណូយ។ គម្រោងនេះគ្រោងចាប់ផ្តើមប្រតិបត្តិការនៅត្រីមាសទី៤ឆ្នាំនេះ។​

​គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន​ Logos Property ស្ថិតក្នុងចំណោម​ក្រុមហ៊ុនជាច្រើនផ្សេងទៀតកំពុងត្រូវការដីសម្រាប់ប្រិត្តិការអាជីវកម្ម និងដាក់ជួលទៅឱ្យវិនិយោគិនបរទេស។ ជាក់ស្តែងក្រុមហ៊ុន KCN Vietnam Group JSC ទើបសម្រេចការបោះទុនប្រមាន ៣០០ លានដុល្លារ ទិញដី ២៥០ហិកតា ដើម្បីអភិវឌ្ឍន៍រោងចក្រ និងឃ្លាំងស្តុកទំនិញសម្រាប់ទុកជួលដល់វិនិយោគិនបរទេស។

វិនិយោគិនមកពីបណ្តាប្រទេសធំៗនៅក្នុងតំបន់អាស៊ី ក្លាយជាចំណែកទីផ្សារដ៏ធំក្នុងការវិនិយោគនៅវៀតណាម។ ជាក់ស្តែង  បើតាមទិន្ន័យពីក្រសួងផែនការ និងវិនិយោគវៀតណាមបានបញ្ជាក់ថា វិនិយោគិនមកពីហុងកុងបានបោះទុនវិនិយោគជាង ៨៥០ លានដុល្លារ ឬមានចំណែក ២៧​ ភាគរយ ហើយវិនិយោគិនមកពីប្រទេសសឹង្ហបុរីមានចំណែក ២១ ភាគរយ​នៃលំហូរវិនិយោគ FDIs សរុប ក្នុងរយៈពេល៧ខែឆ្នាំ២០២១៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង