ភ្នំពេញ៖ តម្លៃដីឋិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ បានកើនឡើងយ៉ាងគំហុក ក្នុងរយៈពេលជិត៨ ឆ្នាំចុងក្រោយ ដោយកើនឡើងដល់ទៅ ១១ដង ក្នុងរយៈពេលពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន។ នេះបើតាមការសិក្សាពីក្រុមហ៊ុនអចលនទ្រព្យ។
របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ទាក់ទងនឹងអនាគតនៃទីផ្សារអចលនទ្រព្យភាគខាងត្បូងរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី ១២ សីហា ឆ្នាំ២០២១ បានបង្ហាញថា ទីតាំងដីតាមបណ្តោយផ្លូវ៦០ម៉ែត្រ ដែលមានតម្លៃជាមធ្យម ២០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំ២០១៣ បានកើនដល់ជាមធ្យម ២ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ នាពេលបច្ចុប្បន្ន។ តម្លៃនេះបង្ហាញពីការកើនឡើង ១១ដងក្នុងរយៈពេល ៨ ឆ្នាំនេះ។

ការប្រៀធៀបតម្លៃដីតាមបណ្តោយផ្លូវ ៦០ម៉ែត្រពីឆ្នាំ២០១៣ ដល់ ២០២១
តាមការសិក្សាដដែលបានបញ្ជាក់ថា តម្លៃដីដែលកើនយ៉ាងគំហុកនេះ ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវ៦០ម៉ែត្រ ដែលបានទាក់ទាញក្រុមហ៊ុនជាច្រើនទៅអភិវឌ្ឍន៍លំនៅឋាន និងអគារពាណិជ្ជកម្មក្នុងតំបន់នេះ។ កត្តានេះបានធ្វើឱ្យតំបន់ផ្លូវ៦០ម៉ែត្រ កំពុងក្លាយទីក្រុងថ្មីដ៏ទាក់ទាញ ដែលនៅកៀកនឹងកណ្តាលរាជធានីភ្នំពេញ។
ផ្លូវ ៦០ម៉ែត្រ ត្រូវបានបើកឱ្យចរាចរណ៍កាលពីខែ មេសា ឆ្នាំ ២០១៧ ដោយឆ្លងកាត់សង្កាត់ចំនួនបី គឺសង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យ និងសង្កាត់ជើងឯកក្នុងខណ្ឌដង្កោ។ កាលពីខែតុលា ឆ្នាំ២០២០ ផ្សារទំនើប AEON Mall ទី៣ បានបើកការដ្ឋានសាងសង់នៅតាមបណ្តោយមហាវិថីដ៏ធំមួយនេះ ហើយរំពឹងបើកដំណើរការនៅឆ្នាំ ២០២២ ខាងមុខ។
ជាមួយគ្នានេះ គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកជាច្រើនផ្សេងទៀតក៏កំពុងអភិវឌ្ឍន៍ក្នុងតំបន់នេះផងដែរដូចជា គម្រោងបុរី និងផ្សារទំនើបរបស់ក្រុមហ៊ុន បុរីប៉េង ហួត, ក្រុមហ៊ុនជីប ម៉ុង, គម្រោងអភិវឌ្ឍន៍ចម្រុះរបស់ក្រុមហ៊ុនចិន R&F, គម្រោងបុរីវីឡា Woodland Residence, គម្រោងខុនដូ Lingnan Garden និងគម្រោងខុនដូ Urban Village ជាដើម។
អ្នកនាង ម៉ាន់ កណិកា ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌដង្កោ ធ្លាប់បានបញ្ជាក់ប្រាប់ព័ត៌មានអចលនទ្រព្យ Z1News ថា តម្លៃដីតាមបណ្តោយផ្លូវ ៦០ម៉ែត្រមានតម្លៃជាមធ្យមចន្លោះពី ១ ៨០០ ដុល្លារទៅ ២ ៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកនាងបញ្ជាក់ថា តម្លៃនេះគឺអាស្រ័យលើទំហំ និងសម្រាប់ទីតាំងដីដែលដែលចេញពីចំនុចផ្លូវ ២៧១ បត់ចូលតាមបណ្តោយផ្លូវ ៦០ ម៉ែត្ររហូតដល់ស្តុបបំបែកបត់ទៅតាមផ្លូវ ៥០ ម៉ែត្រ៕