ខេត្តបាត់ដំបង៖ គម្រោងអភិវឌ្ឍន៍បុរីលំនៅឋានកំពុងរីកដុះដាលក្នុងតំបន់ក្រុងបាត់ដំបង ដែលគិតមកដល់បច្ចុប្បន្នមាន៦ គម្រោងធំៗ ហើយគម្រោងបុរីទាំងនេះបានជួយបង្កើនតម្លៃដីដែលនៅជុំវិញ។
លោក កែវ សារ៉ន ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តបាត់ដំបង បានឱ្យដឹងថា បុរីធំទាំង៦នេះមានដូចជាបុរីផ្សារលើ បុរីភូពុយ បុរីស្តាវិឡា បុរីរតនៈ បុរីរំចេក និងបុរីរោងចក្រ ដែលសុទ្ធតែឋិតនៅក្នុងតំបន់ក្រុងបាត់ដំបង។
បើតាមលោកសារ៉ន គម្រោងបុរីទាំងនេះបានធ្វើឱ្យទីតាំងដីធ្លីខ្លះជុំវិញអាចមានកំំណើនតម្លៃ ៥០ ភាគរយក្នុងមួយឆ្នាំ។ ជាក់ស្តែង ទីតាំងដីស្ថិតនៅក្បែរបុរីភូពុយ (ប្រហែល៤គីឡូពីក្រុងបាត់ដំបង) ដែលធ្លាប់លក់បានក្នុងតម្លៃ៤០ ដុល្លារក្នុងមួយម៉ែត្រការ៉េ កាលពីឆ្នាំ២០២០ បានកើនដល់ ៦០ ក្នុងមួយម៉ែត្រការ៉េបច្ចុប្បន្ន។ តម្លៃនេះកើនប្រហែល ៥០ ភាគរយ។
បើតាមលោកសារ៉ន បុរីទាំងនេះភាគច្រើនបានសាងសង់រួចរាល់ និងខ្លះទៀតកំពុងពង្រីកបន្ថែម ដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ បុរីទាំងនេះមានតម្លៃចាប់ពី ៣៥ ០០០ ទៅ ១៣០ ០០០ ដុល្លារក្នុងមួយខ្នង។
តម្លៃដីសម្រាប់សាងសង់លំនៅឋានក្នុងក្រុងបាត់ដំបងមានតម្លៃទាបបំផុត ១៨០ ដុល្លារ និងខ្ពស់បំផុត ២ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕