អាជ្ញាធរក្រុងប៉េកាំង ប្រទេសចិន បានចាប់ផ្តើមអនុវត្តន៍វិធានការថ្មីមួយកាលពីសប្តាហ៍មុនដែលតម្រូវឲ្យប្តីប្រពន្ធរស់នៅទីក្រុងប៉េកាំងដែលប្រកាសលែងលះ ត្រូវរង់ចាំរយៈពេលបីឆ្នាំបន្ទាប់ពីការលែងលះ ទើបអាចទិញផ្ទះទីពីរបាន។
វិធានការណ៍នេះ ធ្វើឡើងដើម្បីគ្រប់គ្រងសកម្មភាពកំពុងពុះកញ្ជ្រោលខ្លាំងក្នុងទីផ្សារអចលនទ្រព្យក្នុងក្រុងប៉េកាំង ដែលបង្កឡើងដោយការទិញទុករង់ចាំឡើងថ្លៃ (speculation) ហើយកត្តានេះបានជះឥទ្ធិពលដល់អ្នកដែលត្រូវការលំនៅឋានសម្រាប់រស់នៅពិតប្រាកដ។ នេះបើតាមសេចក្តីរាយការណ៍សារព័ត៌មាន South China Moring Post។
មុនពេលមិនទាន់មានវិធានការនេះ អាជ្ញាធរក្រុងប៉េកាំងបានបញ្ជាក់ថា គូស្វាមីភរិយាអាចមានសិទ្ធិទិញផ្ទះមិនលើសពីពីរល្វែង។ ការកំណត់ចំនួនបែបនេះ បានធ្វើឱ្យគូស្វាមីភរិយា ដែលមានជីវភាពធូរធារ ប្រើមធ្យោយលែងលះគ្នាក្លែងក្លាយ ដើម្បីអាចទិញលំនៅឋានបន្ថែមទៀត ដើម្បីទុកលក់យកចំណេញ។
ដោយសារសកម្មភាពបែបនេះកើនឡើងជាច្រើនករណី ឬទោះបីមានការលែងលះគ្នាពិតប្រាកដក៏ដោយ អាជ្ញាធរក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានចាប់ផ្តើមអនុវត្តន៍វិធានការថ្មីមួយ ដោយដាក់កំហិតមិនអនុញ្ញាតឱ្យទិញលំនៅឋានថ្មីផ្សេងទៀតក្នុងរយៈពេលបីឆ្នាំ បន្ទាប់ពីប្រកាសលែងលះគ្នាទោះក្នុងរូបភាពក្លែងក្លាយ ឬពិប្រាកដក៏ដោយ។
ទិន្ន័យពីវិទ្យាស្ថាន E-house China Research and Development បានបង្ហាញថា តម្លៃផ្ទះក្នុងប្រទេសចិនមានតម្លៃជាមធ្យម ១ ៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ គិតត្រឹមខែមិថុនា ឆ្នាំ២០២១។ ហើយតម្លៃលំនៅឋាននៅតាមក្រុងធំៗមួយចំនួននៅប្រទេសចិនបន្តកើនឡើង ដែលជាក់ស្តែងតម្លៃលំនៅឋាននៅក្រុងប៉េកាំងមានកំណើនជាង ៣ ភាគរយក្នុងឆមាសទី១ឆ្នាំនេះ ធៀបនឹងឆ្នាំមុន។
កាលពីដើមឆ្នាំ២០២១នេះ ក្រុងសៀងហៃ និងក្រុងស៊ិនជិន ដែលសុទ្ធតែទីក្រុងមានតម្លៃអចលនទ្រព្យថ្លៃខ្ពស់កប់ពពក ក៏បានអនុវត្តន៍វិធានការដូចគ្នានឹងក្រុងប៉េកាំងដែរ ក្នុងការទប់ស្កាត់សកម្មភាពការឡើងថ្លៃក្នុងទីផ្សារអចលនទ្រព្យ៕